ដោយ រាជ វិញ្ញូ
2017-02-05
RFA

អធិការដ្ឋាននគរបាលស្រុកស្អាង ខេត្តកណ្ដាល។ រូបថតថ្ងៃទី២៧ តុលា ឆ្នាំ២០១៥។ RFA/Ou Banung
![]()
តុលាការខេត្តកណ្ដាល មិនទាន់មានវិធានការដើម្បីឃាត់ខ្លួនអតីតមន្ត្រីប៉ូលិសស្រុកស្អាង ៣នាក់ដែលពាក់ព័ន្ធក្នុងករណីឃាតកម្មលើបុរសម្នាក់នៅឡើយទេ ប៉ុន្តែតុលាការបានបិទបញ្ចប់ការសាកសួរសាក្សីបន្ថែមរួចរាល់ហើយ។ ការអះអាងពីមន្ត្រីតុលាការខេត្តកណ្ដាល ស្របពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញប៉ូលិសស្រុកស្អាង ទាំង ៣នាក់នោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។
សំណុំរឿងមន្ត្រីប៉ូលិសស្រុកស្អាង ៣នាក់ដែលរងការចោទប្រកាន់ថា ព្រួតគ្នាវាយបុរសម្នាក់រហូតដល់ស្លាប់កាលពីជាង ៣ខែមុន ត្រូវបានមន្ត្រីតុលាការខេត្តកណ្ដាល អះអាងថា គឺខាងតុលាការកំពុងរង់ចាំការយល់ព្រមចូលឆ្លើយបំភ្លឺពីភាគីចុងចោទ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក សំរិទ្ធ វាសនា ប្រាប់អាស៊ីសេរីនៅថ្ងៃទី៤ កុម្ភៈ ថា តុលាការបានបញ្ចប់ការសាកសួរសាក្សីបន្ថែម ពាក់ព័ន្ធនឹងសំណុំរឿងមន្ត្រីប៉ូលិសវាយបុរសម្នាក់ស្លាប់នៅស្រុកស្អាង នោះហើយ។ លើសពីនេះ តុលាការក៏ធ្លាប់ចេញដីកាឲ្យចុងចោទមកឆ្លើយបំភ្លឺដែរ ប៉ុន្តែត្រូវបានមេធាវីការពារក្ដីឲ្យចុងចោទ ស្នើសុំលើកពេល៖ «ពាក់ព័ន្ធនឹងមូលហេតុ សាកសួរមេធាវីគេទៅ! ខ្ញុំឥតមានទៅលើករឿងមូលហេតុគេសុំម៉េចៗ ពាក់ព័ន្ធសំណុំរឿងហ្នឹង។ ឥឡូវខ្ញុំកំណត់កាលបរិច្ឆេទសិន ហៅអ្នកទាំង ៣ ចូលឡើងវិញ»។
ពាក់ព័ន្ធនឹងមូលហេតុស្នើសុំលើកពេលទៅឆ្លើយបំភ្លឺនៅតុលាការនេះ អាស៊ីសេរីមិនអាចសុំការបកស្រាយពីមេធាវីការពារក្ដីឲ្យចុងចោទ លោក ម៉ក់ ប៊ុណ្ណា បានទេនៅថ្ងៃទី៤ កុម្ភៈ ដោយទូរស័ព្ទចូលហើយ បានដាច់ទៅវិញ។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បុរសម្នាក់ឈ្មោះ ចំរើន សីហា អាយុ ២៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យក្រុងតាខ្មៅ និងបុរសម្នាក់ទៀតឈ្មោះ ទិត្យ លាភ អាយុ ២២ឆ្នាំ បានរងរបួសធ្ងន់ បន្ទាប់ពីពួកគេត្រូវបាននគរបាលស្រុកស្អាង ៣នាក់ព្រួតគ្នាវាយដំ ក្រោយពីមានជម្លោះជិះម៉ូតូជែងគ្នា ហើយត្រូវបាននគរបាលចោទថាជាចោរប្លន់។
ប៉ូលិសទាំង ៣នាក់រួមមាន អនុសេនីយ៍ទោ ភក្ដី វិទូ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្អាង អនុសេនីយ៍ទោ ឆៃ ស៊ីណា នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកស្អាង និងអនុសេនីយ៍ត្រី ឃាង សុងថេង នាយរងផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលស្រុកស្អាង ដែលកំពុងរងការចោទប្រកាន់សម្លាប់បុរសម្នាក់ ត្រូវបានអាជ្ញាធរស្រុកស្អាង ធ្លាប់បញ្ជាក់ថា ពួកគេបានលាក់មុខរហូត និងមិនដែលឃើញវត្តមាននៅកន្លែងបំពេញការងារឡើយចាប់ពីថ្ងៃកើតហេតុមក។
ពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសទាំង ៣នាក់នេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញប្រកាសបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុបោះបង់ការងារចោល។ បន្ថែមពីនេះ ប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗរបស់ពួកគេ ក៏ត្រូវកាត់ផ្ដាច់ពីក្របខ័ណ្ឌនគរបាលជាតិដែរ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកណ្ដាល លោក ម៉ែន មករា បញ្ជាក់ថា ការបណ្ដេញមន្ត្រីទាំងនោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ គឺគ្រាន់តែជាការពិន័យតាមផ្នែករដ្ឋបាលប៉ុណ្ណោះ រីឯតាមគោលការណ៍ច្បាប់វិញ ប្រសិនបុគ្គលប្រព្រឹត្តបទល្មើសជាក់ស្ដែង មិនថាជាមន្ត្រីរាជការ ឬជាតំណាងរាស្ត្រ គឺត្រូវតែឃាត់ខ្លួនទៅដាក់ទោសទណ្ឌតាមផ្លូវច្បាប់៖ «ប្រសិនតុលាការយល់ថាជនទាំង ៣នាក់ គឺជាជនល្មើស អ៊ីចឹងតុលាការនឹងធ្វើតាមនីតិវិធីច្បាប់ ចេញដីកាឃាត់ខ្លួនដើម្បីឲ្យសមត្ថកិច្ចមានសិទ្ធិបំពេញការងារ»។
ការស្វែងរកឃាត់ខ្លួនមន្ត្រីប៉ូលិសទាំង ៣នាក់ ត្រូវបានស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន បញ្ជាក់ថា គឺទាល់តែមានលិខិត ឬដីកាពីតុលាការជាមុនសិន៖ «បើតុលាការមិនទាន់ចេញលិខិតឲ្យខ្ញុំសព្វគ្រប់ផង ហើយឲ្យខ្ញុំទៅធ្វើម៉េច»។
ថ្វីត្បិតតែមន្ត្រីនគរបាលទាំង ៣នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការ និងធ្លាប់ផ្ដល់សំណងចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅឲ្យគ្រួសារជនរងគ្រោះក្ដី ប៉ុន្តែនាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) លោកមេធាវី ហុង គឹមសួន ធ្លាប់ប្រាប់អាស៊ីសេរីថា ប្រសិនតុលាការរកឃើញថា ប៉ូលិសទាំង ៣នាក់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់សម្លាប់មនុស្សដោយចេតនា តាមផ្លូវច្បាប់ ពួកគេប្រឈមនឹងជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ។
អ្នកច្បាប់រូបនេះក៏បន្ថែមថា ទោសនឹងត្រូវអនុវត្តចំពោះប៉ូលិសទាំង ៣នាក់នោះតាមច្បាប់ព្រហ្មទណ្ឌ ថ្វីត្បិតតែមានការទូទាត់សំណងក្ដី ព្រោះសំណងនោះគ្រាន់តែជាសងជាជំងឺចិត្តទៅឲ្យក្រុមគ្រួសារជនរងគ្រោះប៉ុណ្ណោះ និងមិនអាចបញ្ចប់នីតិវិធីត្រឹមលុយកាក់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ប៉ូលិសព្រហ្មទណ្ឌចាប់បានជនសង្ស័យក្នុងករណីអារកសម្លាប់មនុស្សនៅខេត្តសៀមរាប
-
អាជ្ញាធរមិនទាន់មានដំណឹងពីប៉ូលិសស្រុកស្អាងបីនាក់ដែលព្រួតវាយបុរសម្នាក់ស្លាប់
-
តុលាការខេត្តកំពតចោទប្រកាន់បុរសសម្លាប់ប្រពន្ធនិងកូនពីបទឃាតកម្មគិតទុកជាមុន
-
ជនដៃដល់សម្លាប់ប្រពន្ធនិងកូនត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពត
-
គ្រួសារអ្នកស្លាប់ដោយប៉ូលិសស្រុកស្អាងព្រួតវាយបញ្ចប់រឿងក្ដីដោយសំណង២ម៉ឺនដុល្លារ
-
អ្នកច្បាប់៖ ចៅសង្កាត់ព្រែកប្រាវាយសន្តិសុខមិនអាចបញ្ចប់ដោយទូទាត់សំណងទេ
-
ប្រធានCIERAនៅខេត្តបន្ទាយមានជ័យត្រូវតុលាការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យ
-
សមត្ថកិច្ចខេត្តពោធិ៍សាត់កំពុងស្នើកោះហៅមនុស្សពីរនាក់សង្ស័យសម្លាប់ជនជាតិចាមម្នាក់
-
សង្គមស៊ីវិលនិងសមាគមសិល្បៈថ្កោលទោសការប្រើហិង្សាលើតារាសម្ដែងកញ្ញា អាវីហ្សា