ដោយ សន ចាន់រដ្ឋា
2017-02-05
RFA

គ្រឿងញៀនដែលអាជ្ញាធររឹបអូសបាន និងដុតបំផ្លាញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។ RFA/Leng Maly
![]()
សង្គមស៊ីវិលមើលឃើញថា គ្រឿងញៀនមិនអាចលុបបំបាត់អស់ពីប្រទេសកម្ពុជា នោះទេ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចវែកមុខ និងបង្ក្រាបអ្នកចែកចាយធំៗបាន។ ការលើកឡើងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការចម្រុះ ដើម្បីអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល ៦ខែ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការប្ដេជ្ញាចិត្តដ៏ល្អមួយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការភាពរីករាលដាលគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។
តែលោកសង្កេតឃើញថា មកទល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់អាចវែកមុខអ្នកចែកចាយគ្រឿងញៀននេះបាននៅឡើយនោះទេ ដែលជាហេតុនាំឲ្យការចរាចរគ្រឿងញៀននៅកម្ពុជា នៅតែបន្តកើតមាន៖ «យើងឃើញថាករណីនេះច្រើនប៉ះទៅលើអ្នកប្រើប្រាស់ ឬក៏អ្នកចែកចាយតូចតាច។ បាទ! ប៉ុន្តែសម្រាប់អ្នកឈ្មួញជួញដូរធំៗនោះ អត់ទាន់ចាប់បានមួយទេបាទ! ចឹងរឿងទាំងអស់នេះ មិនអាចមានមោទនភាពបានទេបាទ! យើងចាំមើលរហូតដល់ចប់យុទ្ធនាការនេះ ហើយយើងចាំមើលរហូតទាល់តែថា សម្បុកធំៗនៃពួកឈ្មួញជួញដូរគ្រឿងញៀនហ្នឹង ត្រូវបានចាប់ខ្លួនឬអត់?»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ស្នើឲ្យរាជរដ្ឋាភិបាលអនុវត្តច្បាប់ដោយស្មើភាពគ្នាចំពោះអ្នកចែកចាយគ្រឿងញៀនទាំងអស់។
កាលពីថ្ងៃទី១ ខែកុម្ភៈ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការចម្រុះ ដើម្បីអនុវត្តវិធានការទាំង ៥ ក្នុងផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១។
គណៈកម្មការដែលទើបបង្កើតនោះមាន គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ មាននាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាប្រធាន គណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល មានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ជាប្រធាន គណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកដែលមាន មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ជាប្រធាន គណៈកម្មការទទួលបន្ទុកព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គណៈកម្មការទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ និងគណៈកម្មការទទួលបន្ទុកផ្គត់ផ្គង់។
ដោយឡែកគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកដែលមាន បានបែងចែកជាអនុគណៈកម្មការចំនួនបីផ្សេងទៀត មានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមច្រកព្រំដែនកម្ពុជា–ឡាវ មានឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ជាប្រធានអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមអាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែអន្តរជាតិ មាននាយឧត្តមសេនីយ៍ សុខ ផល ជាប្រធាន និងអនុគណៈកម្មការទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ មាននាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ជាប្រធាន។
ទាក់ទងនឹងការលើកឡើងរបស់លោក យង់ គិមអេង នេះ អគ្គលេខាធិការនៃអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងថា នេះជាទស្សនៈដែលផ្ទុយនឹងការអនុវត្តជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច។ លោកមើលឃើញថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចបានប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្ថែមថា ការបង្ក្រាបអ្នកជួញដូរតូចតាច គឺជាជំហានឈានទៅដល់ការចាប់ខ្លួនអ្នកចែកចាយ ឬអ្នកជួញដូរគ្រឿងញៀនធំបាន៖ «យើងគិតថាប្រុងតែចាប់ឲ្យឃើញធំហ្នឹងរាប់តោន ហើយមនុស្សហ្នឹងមានឥទ្ធិពល មានអី! ចុះប្រសិនបើអ្នកប្រព្រឹត្តិគេជួលមនុស្សផ្សេងៗទៀត ឲ្យធ្វើសកម្មភាពជំនួសគេ។ តើយើងមានភស្តុតាងឯណាទៅដាក់បន្ទុក ទៅចោទអ្នកនេះ ទៅចោទអ្នកនោះ ហើយឈានទៅចាប់ខ្លួននោះ»។
កាលពីថ្ងៃទី១៣ ខែធ្នូ រាជរដ្ឋាភិបាលបានបង្កើតផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដែលមានរយៈពេល ៦ខែ ចាប់ផ្ដើមពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។
យុទ្ធនាការនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាប្រធាន និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាអនុប្រធាន។
ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាលសម្រាប់ខែមករា ឆ្នាំ២០១៧ បង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ១ពាន់ករណី (១.១៤៤ករណី) ឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជិត ៣ពាន់នាក់ (២.៧៧៣នាក់) និងរឹបអូសគ្រឿងញៀនបានជាង ៩ពាន់ក្រាម (៩.១៤៤,៥៣ក្រាម)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អាជ្ញាធរបង្កើតមណ្ឌលបន្ថែមដើម្បីផ្ទុកអ្នកញៀនគ្រឿងញៀនបន្ទាប់ពីឃាត់ខ្លួនជិត៣ពាន់នាក់
-
អង្គភាពជំនាញថាកំពុងពន្លឿននិងសម្រេចឲ្យបានផែនការបង្ក្រាបគ្រឿងញៀន
-
សង្គមស៊ីវិលគាំទ្រយុទ្ធនាការសមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅខេត្តព្រះសីហនុ
-
យុវជនប្រើប្រាស់គ្រឿងញៀននៅតែមានចំនួនកើនឡើងគួរឲ្យបារម្ភ
-
ជនសង្ស័យផលិតគ្រឿងញៀន៥នាក់ត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះសីហនុ
-
លោក ស ខេង ប្រកាសផ្តល់រង្វាន់ដល់អ្នកមានស្នាដៃបង្ក្រាបគ្រឿងញៀន
-
កម្ពុជាដាក់ចេញយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របពេលប្រធានាធិបតីហ្វីលីពីនមកកម្ពុជា
-
កម្ពុជា-ហ្វីលីពីនប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន
-
ពលរដ្ឋនិងសង្គមស៊ីវិលបារម្ភពីការកើនឡើងនៃការហូរចូលគ្រឿងញៀននៅខេត្តស្ទឹងត្រែង