ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០១៧ | ម៉ោង 4:19 PM
http://vodhotnews.com

សកម្មជនដីធ្លីមួយចំនួននៅតំបន់បឹងកក់នៅថ្ងៃសុក្រនេះបានស្វែងកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំដោះលែងតំណាងពួកគេគឺ អ្នកស្រី ទេព វន្នី ដោយពួកគេអះអាងថា លោក ហ៊ុន សែន បានបង្ហើបថានឹងពិចារណារឿងនេះកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លៃងថា សំណុំរឿងអ្នកជាប់ទោសនៅតំបន់បឹងកក់ លោកអាចនឹងពិនិត្យមើលឡើងវិញ។
តំណាងសគមន៍បឹងកកក់ អ្នកស្រី ប៊ូវ សោភា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិថា អ្នកស្រី ទេព វន្នី ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគានោះ អ្នកស្រីថាមិនមានកំហុសដូចតុលាការចោទប្រកាន់ឡើយ។ អ្នកស្រីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជួយអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាព។
អ្នកស្រីថា «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាត់បាននិយាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋ ក្នុងករណីគាត់លើកឡើងថា ករណីរបស់អ្នកបឹងកក់ គាត់អាចលើកយកមកពិនិត្យ ដើម្បីពិនិត្យបាន។ ចឹងវាជាឱកាសមួយដែលគាត់គួរតែធ្វើសេចក្ដីល្អ សម្រាប់ពួកខ្ញុំ ជាករណីដែលចុងក្រោយ សម្រាប់សំណុំរឿងអ្នកបឹងកក់ គឺណនៅឱកាសទិវាទសិទ្ធិនារីជិតមកដល់នា ចឹងក្នុងនាមអ្នកស្រី ទេព វន្នី ដែលគាត់ធ្វើការងារនៅក្នុងការទាមទារ តវ៉ាក្នុងសិទ្ធិលំនៅស្ថាន ដីធ្លីរបស់គាត់យ៉ាងសកម្មនឹងជាប់គុកដល់ទៅ៣ដង ហើយនៅក្នុងដែលគាត់ជាស្ត្រីមេម៉ាយ ក្រោយពីការទាមទារតស៊ូ រឿងនៅតំបន់គាត់បានលះបង់សេចក្ដីរបស់គាត់ លះបង់ក្រុមគ្រួសារ»។
បើតាម អ្នកស្រី ប៊ូវ សោភា នេះជាញត្តិលើកទី៤ហើយ ដែលពួកគាត់បានដាក់ទៅខុទ្ទកាល័យលោកនាយកមន្ត្រីហ៊ុន សែន ដើម្បីសុំឲ្យដោះលែងអ្នកស្រី ទេព វន្នី និងដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់នោះ។
ក្នុងខ្លឹមសារញ្ញត្តិរបស់ពលរដ្ឋបឹងកក់ នៅថ្ងៃនេះ គឺសុំឲ្យលោកនាយករដ្ឋមន្រ្តីជួយអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី សុំឲ្យអាជ្ញាធរបញ្ឈប់ការប្ដឹងផ្ដល់ប្រជាពលរដ្ឋទៅតុលាការដោយសារការតវ៉ារឿងដីធ្លីនិងសុំឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ចប់បញ្ហាដីធ្លី និងផ្ដល់ប្លង់កម្មសិទ្ធិឲ្យពលរដ្ឋដែលនៅសេសសល់។
មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី គឺលោក គង់ ចំរើន ដែលបានទទួលយកញត្តិពីអ្នកភូមិ ដោយបានលើកឡើងថា អ្វីដែលលោកនាយករដ្ឋមន្ត្រីថ្លៃងនៅក្នុងរដ្ឋសភានោះ គឺសម្រាប់អ្នកទោសដែលសាលក្រមតុលាការចូលជាស្ថាពរតែប៉ុណ្ណោះ ចំពោះអ្នកដែលតុលាការកំពុងធ្វើការចោទប្រកាន់នោះលោកថា មិនអាចទទួលជួយអន្តរាគមន៍បានទេ។
លោកថា «ហើយបើគាត់មានសាលក្រមយកសាលក្រមមក បើមិនទាន់ស្ថាពរទុកវាមួយឡែកសិន … ចាំសាលក្រមស្ថាពរចាំយកមកដាក់ទៀត»។
កាលពីថ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទ ជេរប្រមាថ និងប្រឆាំង អាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញ។ តែក្រុមសកម្មជនដីធ្លីនិងអង្គការសិទ្ធិមុស្ស ចាត់ទុកសាលក្រមនោះថា មិនមានយុត្តិធម៌៕