ដោយ ប្រាជ្ញ ចេវ
2017-03-04
RFA

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោក មាស វីរិទ្ធ ថ្លែងនៅក្នុងទិវាពិគ្រោះយោបល់ យុទ្ធនាការពិគ្រោះយោបល់ និងបញ្ឈប់ទណ្ឌកម្មលើអ្នកប្រើប្រាស់គ្រឿងញៀន នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។ RFA/Morm Moniroth
![]()
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈ ចាប់អ្នកពាក់ព័ន្ធបានជាង ២.០០០នាក់ និងគ្រឿងញៀនជាង ២០គីឡូក្រាម។ ប៉ុន្តែចំពោះការចាប់ខ្លួនអ្នកពាក់ព័ន្ធ និងបទល្មើសផ្សេងៗទៀតមានការថយចុះ បើធៀបនឹងការបង្ក្រាបកាលពីខែមករា កន្លងទៅ។
មន្ត្រីជំនាញបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលរដ្ឋាភិបាលប្រកាសអនុវត្តលើកទី១ ដែលចាប់ផ្ដើមពីដើមឆ្នាំ២០១៧ អះអាងថា ប្រសិនបើការសកម្មភាពបង្ក្រាបនៅតែបន្ត និងមានការចូលរួមពីអ្នកពាក់ព័ន្ធនៅតែសកម្មនឹងធ្វើឲ្យយុទ្ធនាការទទួលបានជោគជ័យ និងអាចក្លាយជាគំរូសម្រាប់បណ្ដាប្រទេសផ្សេងទៀត។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើរការនេះ នៅតែសង្កេតឃើញថា ឈ្មួញជួញដូរធំៗ មិនទាន់ត្រូវបានក្រុមសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោសបាននៅឡើយទេ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិបង្ក្រាបគ្រឿងញៀន នាយឧត្ដមសេនីយ៍ មាស វីរិទ្ធ ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រុមការងារនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោក ស ខេង បានបូកសរុបផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខែកុម្ភៈ។ ក្រៅពីចាប់អ្នកពាក់ព័ន្ធជាង ២.០០០នាក់ និងគ្រឿងញៀនជាង ២០គីឡូក្រាម។ លោកថា ក្នុងនោះមានករណីបង្ក្រាបអ្នកដាំកញ្ឆានៅខេត្តតាកែវ ចាប់ឈ្មួញជួញដូរធំដែលជាមន្ត្រីប៉ូលិស និងខេត្តស្ទឹងត្រែង ក្រៅពីនេះចាប់បានគ្រឿងញៀនប្រភេទកូតេអ៊ីន ពីរគីឡូក្រាម និងប្រភេទម៉េតំហ្វេតាមីន ជាង ២៤.០០០គ្រាប់។
មន្ត្រីជំនាញរូបនេះបន្តស្នើឲ្យអ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋចូលរួមប្រយុទ្ធការជួញដូរ និងផ្ដល់ព័ត៌មាននេះមកមន្ត្រីជំនាញ ចៀសវាងការបង្កភាពងាយស្រួលដល់អ្នកជួញដូរ ឬអ្នកប្រើប្រាស់។
យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី២ ខែមីនា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា សព្វថ្ងៃនេះ គ្រឿងញៀនកំពុងចរាចរណ៍ពេញប្រទេស។ លោកថា បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ពលរដ្ឋ៖ «សន្តិភាពយ៉ាងម៉េចបើគ្រឿងញៀនពេញប្រទេស នេះជាបញ្ហាបងប្អូន! អ៊ីចឹងហើយបានគណបក្សសង្គ្រោះជាតិ ដាក់បញ្ហាអាទិភាព គឺសន្តិសុខ ពង្រឹងសន្តិភាព លើកកម្ពស់ការងារនគរបាលដើម្បីឃុំសង្កាត់ប្រកបដោយសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានអំពើហិង្សា»។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់បង្ហាញរបាយការណ៍ថា អ្នកប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេសនៅឆ្នាំ២០១៦ កើនឡើងជាង ២ពាន់នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៥។ ទាក់ទងរឿងនេះដែរ អាជ្ញាធរពាក់ព័ន្ធបង្កើតមណ្ឌលបន្ថែមដើម្បីផ្ទុកអ្នកញៀនគ្រឿងញៀន បន្ទាប់ពីចំនួនប្រើប្រាស់កើនឡើងនៅតាមបណ្ដាខេត្ត រាជធានី មួយចំនួន។ ចំណែកតួលេខអ្នកកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅទូទាំងប្រទេស មានប្រហែល ២ម៉ឺន ២ពាន់នាក់ ដែលក្នុងចំនួននេះ គឺមានជាង ៤០ភាគរយ ជាអ្នកជាប់ឃុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យង់ គិមអេង គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល ហើយលោកទាមទារឲ្យយុទ្ធនាការបន្តធ្វើតទៅទៀត។ លោកប៉ុន្តែលោកលើកជាសំណួរថា តើពេលណាចាប់បានឈ្មួញជួញដូរគ្រឿងញៀនធំៗ៖ «នៅមានឈ្មួញជួញដូរធំៗទៀត បើមិនអ៊ីចឹងទេ មិនមែនការចែកចាយហ្នឹងមានលក្ខណៈទូលំទូលាយយ៉ាងខ្លាំងនៅរយៈពេលកន្លងមកអ៊ីចឹងទេ»។
លោក យង់ គិមអេង យល់ថា ដើម្បីឲ្យការប្រយុទ្ធប្រឆាំងមានលទ្ធផលកាន់តែល្អ គឺទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយបន្ថែមការអប់រំ និងគ្រោះថ្នាក់នៃគ្រឿងញៀនបន្ថែមទៀត។ ចំណែកសមត្ថកិច្ចថ្នាក់ក្រោមត្រូវផ្ដល់របាយការណ៍ពិតប្រាកដមកថ្នាក់លើ។ ជាងនេះទៅទៀត លោកយល់ថា ប្រសិនតំបន់ណាពិបាកក្នុងការបង្ក្រាបគ្រឿងញៀន គួរមានដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងញៀននៅទីនោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
“ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅតែរីករាលដាលក្នុងសង្គមខ្មែរ”
-
ក្រសួងយុត្តិធម៌ប្ដេជ្ញាដាក់ទោសដល់ឈ្មួញជួញដូរគ្រឿងញៀនធំៗ
-
អាណាព្យាបាលគាំទ្រកម្លាំងជំនាញខេត្តព្រះសីហនុថាបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន
-
“អ្នកផ្ទុកសារធាតុថ្នាំញៀនគឺជាជនរងគ្រោះដែលត្រូវការគាំពារនិងព្យាបាល”
-
តុលាការសួរជនសង្ស័យ៦នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនបញ្ជាចេញពីពន្ធនាគារ
-
ក្រសួងយុត្តិធម៌នឹងស្វែងរកការពិតក្នុងរឿងតុលាការដោះលែងអ្នកប្រើប្រាស់គ្រឿងញៀន
-
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបារម្ភពីស្ថានភាពគ្រឿងញៀននៅកម្ពុជា
-
មន្ត្រី៖ ការបង្ក្រាបគ្រឿងញៀននៅ៧ខែដើមឆ្នាំ២០១៥មានការកើនឡើងខ្លាំង
-
សមត្ថកិច្ចបង្ហាញគ្រឿងញៀនជិត៥៥គីឡូក្រាមនិងជនសង្ស័យ៣នាក់