ដោយ កញ្ញា យួង ចន្នី | ថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០១៧
http://vodhotnews.com

គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នៅថ្ងៃនេះ បានអំពាវនាវទៅដល់សាធារណជនកុំឲ្យជឿទៅលើសេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលគណបក្សនេះថា ផ្សព្វផ្សាយព័ត៌មានមិនពិត។
សេចក្ដីអំពាវនាវរបស់គណបក្សប្រឆាំង ត្រូវបានធ្វើឡើងបែបនេះ មួយថ្ងៃក្រោយពីសារព័ត៌មាន Fresh News ចុះផ្សាយថា សារឆ្លើយឆ្លងគ្នាតាម WhatsApps រវាងមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងរាស្ត្របក្សប្រឆាំង លោក ម៉ៅ មុន្នីវណ្ណ និងលោក កឹម សុខា ត្រូវបានគេទម្លាយ។
នៅក្នុងអត្ថបទចុះផ្សាយរបស់ខ្លួន Fresh News បានដកស្រង់សារឆ្លើយឆ្លងគ្នាទាំងនោះ ដែលត្រូវបានទម្លាយនៅលើទំព័រហ្វេសប៊ុក “សីហា” ដោយចាត់ទុកថា ជាសារឆ្លើយឆ្លងគ្នារវាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយលោក ម៉ៅ មុន្នីវណ្ណ និងរវាងលោក ម៉ៅ មុន្នីវណ្ណ ជាមួយលោក កឹម សុខា។
ដោយចុះផ្សាយទាំងមិនមានការបកស្រាយពីខាងគណបក្សប្រឆាំង Fresh News បានផ្សាយថា លោក កឹម សុខា បានទទួលយកផែនការទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទោះជាយ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ បានចាត់ទុកព័ត៌មាននេះថា មិនពិត និងមានលក្ខណៈបំបែកបំបាក់គណបក្សមួយនេះ៕