ដោយ ចេង ម៉េងជូ
2017-03-06
RFA

ទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ Photo: RFA
![]()
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសនៅយប់ថ្ងៃទី៥ ខែមីនា ថា ក្នុងរយៈពេល ៣ថ្ងៃនៃកាលបរិច្ឆេទទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៤ នេះ មានគណបក្សនយោបាយសរុបចំនួន១២ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ខណៈចំនួនគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានដល់ទៅ ៤៥គណបក្ស។
គណបក្សទាំង១២ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិនេះ គិតត្រឹមថ្ងៃទី៥ មីនា ដែលជាថ្ងៃបញ្ចប់នៃការទទួលពាក្យនេះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់ឃុំ–សង្កាត់ចំនួន ១.៦៤៦ នៅទូទាំង ២៥រាជធានី–ខេត្ត។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា កត់សម្គាល់ថា ដំណើរការដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិនេះមានភាពល្អប្រសើរ ប៉ុន្តែមានភាពរអាក់រអួលតិចតួចប៉ុណ្ណោះនៅតាមគណៈកម្មការឃុំ–សង្កាត់រៀបចំការបោះឆ្នោត៖ «មិនច្រើនទេ! តាមឃុំខ្លះប្រហែលជាមានការមិនទាន់យល់ច្បាស់អំពីការណែនាំរបស់ គ.ជ.ប ពីរបៀបនៃការទទួលពាក្យដែលគណបក្សគេដាក់បេក្ខជនហ្នឹង គឺថាមានការទារលក្ខខណ្ឌផ្សេងៗ ដែលអាចលើសពីលក្ខខណ្ឌដែល គ.ជ.ប ណែនាំ ដែលធ្វើឲ្យមានគណបក្សខ្លះមិនសប្បាយចិត្ត ប៉ុន្តែជាទូទៅវាមានការដោះស្រាយ»។
លោក គល់ បញ្ញា វាយតម្លៃថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិនេះ ហាក់មានភាពល្អប្រសើរជាងអាណត្តិមុន ដោយសារមានគណបក្សនយោបាយច្រើនជាងមុនបានដាក់ពាក្យចូលរួមប្រកួតប្រជែង។ លោកបន្តថា អាណត្តិនេះអាចនឹងមិនមានឃុំ–សង្កាត់ណាមួយដែលមានតែគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះតែឯងដូចអាណត្តិមុនៗនោះទេ ដោយសារអាណត្តិនេះ គណបក្សសង្គ្រោះជាតិ បានត្រៀមដាក់បេក្ខជនរបស់ខ្លួនឲ្យបានគ្រប់ឃុំ–សង្កាត់។
តាមប្រតិទិនរបស់ គ.ជ.ប គណៈកម្មការឃុំ–សង្កាត់រៀបចំការបោះឆ្នោត នឹងពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយនីមួយៗនៅត្រឹមថ្ងៃទី១២ ខែមីនា ខាងមុខ ហើយគណបក្សណាដែលគណៈកម្មការឃុំ–សង្កាត់រៀបចំការបោះឆ្នោតរកឃើញថា ពាក្យសុំចុះបញ្ជីមានកំហុស គណបក្សនោះមានពេល ៥ថ្ងៃដើម្បីកែតម្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សកម្មជនបក្សប្រឆាំងមិនពេញចិត្តការជ្រើសរើសបេក្ខជនឃុំសូយោងខេត្តកំពង់ធំ
-
បក្សសង្គ្រោះជាតិខេត្តរតនគិរីថាទើបចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបាន៣០%
-
គ.ជ.ប៖ គិតត្រឹមថ្ងៃ៤មីនាមានគណបក្ស៩ដាក់បេក្ខភាពប្រកួតប្រជែងក្រុមប្រឹក្សាឃុំ-សង្កាត់
-
ថ្ងៃទី១នៃការបញ្ជូនបញ្ជីឈ្មោះបេក្ខជនបក្សនយោបាយកើតមានភាពមិនប្រក្រតីមួយចំនួន
-
យុវជនបង្ហាញពីបញ្ហាប្រឈមរបស់ខ្លួនក្នុងការឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់
-
គ.ជ.ប នឹងលុបឈ្មោះបេក្ខជនម្នាក់ដែលឈរឈ្មោះឲ្យគណបក្សពីរចេញពីបញ្ជី
-
សង្គមស៊ីវិលបង្កើតមូលនិធិរៃអង្គាសប្រាក់ដើម្បីគាំទ្រការងាររបស់អ្នកសង្កេតការណ៍បោះឆ្នោត
-
ចៅសង្កាត់បក្សប្រជាជននៅរតនគិរីរងការចោទថារំខានការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត
-
បេក្ខជនឈរឈ្មោះមេឃុំបក្សធំៗពីរក្នុងខេត្តកំពង់ឆ្នាំងបង្ហាញការប្ដេជ្ញារៀងខ្លួន