ដោយ ថា កិត្យា
2017-03-06
RFA

(ពីឆ្វេង) អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ង់ដា ពេលបញ្ជូនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Brach Chev
![]()
តុលាការកំពូល នឹងប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខប្រឆាំងនឹងការឃុំខ្លួនមន្ត្រីអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប ដោយហួសការកំណត់នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ បន្ទាប់ពីបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី៦ ខែមីនា។ មន្ត្រីសិទ្ធិមនុស្សទាំងនោះសង្ឃឹមថា តុលាការកំពូល ផ្តល់យុត្តិធម៌ជូនពួកគាត់។
ការបើកសវនាការនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមមេធាវីដាក់បណ្ដឹងសារទុក្ខទៅកាន់តុលាការកំពូល ដើម្បីប្រឆាំងនឹងសាលដីកាឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ដោយហួសការកំណត់។
បន្ទាប់ពីសួរដេញដោលគ្នានៅក្នុងបន្ទប់សវនាការអស់រយៈពេលប្រមាណជាពីរម៉ោង លោក ឡោ ជុនធី មេធាវីមួយរូបក្នុងចំណោមមេធាវីទាំង ៦រូប ដែលការពារក្ដីឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ១រូបផងនោះ មានប្រសាសន៍ថា អង្គជំនុំជម្រះនៃតុលាការកំពូល នឹងប្រកាសសាលដីកានៅថ្ងៃទី១៣ ខែមីនា ខាងមុខ។
លោកមេធាវី ឡោ ជុនធី បន្តថា ការបន្តឃុំខ្លួនក្រោមហេតុផលថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវការពេលវេលាបន្ថែមទៀតក្នុងការស៊ើបអង្កេត គឺបណ្ដាលឲ្យប៉ះពាល់ដល់សិទ្ធិរបស់មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប៖ «»។
សវនាការនេះមិនមានវត្តមានលោក នី ចរិយា ដែលជាអគ្គលេខាធិការរង គ.ជ.ប ឡើយ មានតែវត្តមានមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប។
មន្ត្រីអាដហុកពីររូប គឺលោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈគេនាំខ្លួនពួកគាត់ទៅកាន់ពន្ធនាគារវិញថា នៅក្នុងសវនាការនោះ ពួកគាត់បានផ្តល់នូវមូលហេតុ និងទឡ្ហីករណ៍ជាច្រើនដើម្បីសុំនៅក្រៅឃុំ ដោយមានលក្ខខណ្ឌត្រឹមត្រូវតាមនីតិវិធី។ ពួកគាត់សង្ឃឹមថា តុលាការកំពូល នឹងផ្តល់យុត្តិធម៌ជូនពួកគាត់៖ «»។
ដោយឡែកកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សាលាឧទ្ធរណ៍ ក៏បានសម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកទាំង ៥នាក់ ដោយសំអាងហេតុថា បារម្ភខ្លាចរត់គេចខ្លួន និងស្ថិតក្នុងដំណាក់កាលនៃការស៊ើបអង្កេតនៅឡើយ។
មន្ត្រីអាដហុកទាំង ៤រូបរួមមាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា មន្ត្រី គ.ជ.ប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនបណ្ដោះអាសន្នរយៈពេលជាង ១០ខែមកហើយ គិតចាប់តាំងពីដើមខែឧសភា ឆ្នាំ២០១៦ ក្រោមបទចោទ «សូកប៉ាន់សាក្សី» និង «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី»។
កាលពីថ្ងៃទី៥ ខែមីនា ពោលគឺមុនសវនាការនេះមួយថ្ងៃ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សចំនួន៧៨ ដែលភាគច្រើនមានមូលដ្ឋានក្នុងតំបន់អាស៊ី បានចេញសេចក្តីថ្លែងការណ៍រួមគ្នា «សម្ដែងការមិនពេញចិត្តជាខ្លាំង» ចំពោះការបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្សកម្ពុជា ទាំង ៥រូប និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីតាមផ្លូវតុលាការ និងការប្រើអំពើហិង្សាលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមសង្គមស៊ីវិលទាំងនេះបញ្ជាក់ថា ការវាយប្រហារ «ដ៏ឥតអៀនខ្មាស» មកលើសកម្មជនការពារសិទ្ធិមនុស្សកម្ពុជា នៅរយៈពេលចុងក្រោយនេះ ដែលមើលទៅហាក់ដូចជាយុទ្ធសាស្ត្ររៀបចំទុកជាមុន «យ៉ាងច្បាស់លាស់» របស់អាជ្ញាធរកម្ពុជា ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញមតិប្រឆាំង ខណៈការបោះឆ្នោតឃុំ–សង្កាត់នឹងមកដល់ក្នុងរយៈពេល ៤ខែទៀត ហើយការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
ពួកគេសង្កត់ធ្ងន់ថា «អ្នកការពារសិទ្ធិមនុស្សមានតួនាទីយ៉ាងសំខាន់ក្នុងការទាមទារឲ្យអ្នកមានអំណាចមានការទទួលខុសត្រូវ។ ការវាយប្រហារមកលើបុគ្គលដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សដោយសន្តិភាព និងត្រឹមត្រូវតាមច្បាប់ គឺជារឿងខុសច្បាប់ ដែលមិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អង្គការជាតិ-អន្តរជាតិ៧៨អំពាវនាវឲ្យកម្ពុជាដោះលែងសកម្មជនសិទ្ធិមនុស្សនិងបញ្ឈប់ប្រើហិង្សា
-
តុលាការកំពូលលើកពេលសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សនិងគ.ជ.ប
-
សហគមន៍ភ្នំបាតបន្តរកជំនួយចំណែកឯអ្នកបុរីកីឡាបន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
-
សហគមន៍បុរីកីឡានិងបឹងកក់ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅតាមបែបសាសនា
-
អ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសង្ឃឹមថារដ្ឋាភិបាលផ្តល់យុត្តិធម៌ឲ្យអ្នកជាប់ឃុំ
-
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤០ត្រូវអតីតអ្នកបុរីកីឡាជំទាស់មិនឲ្យប្រារព្ធ
-
សហគមន៍មានជម្លោះដីធ្លីនឹងបន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤០
-
ពលរដ្ឋនៅបុរីកីឡាបន្តយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៩ឲ្យដោះលែងមនុស្ស៦នាក់
-
សហគមន៍បុរីកីឡាប្រកាសធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៩
-
អ្នកវិភាគយល់ថារដ្ឋាភិបាលនឹងស្អុយឈ្មោះបើនៅតែល្មើសខ្លឹមសារ អ.ស.ប