ដោយ រាជ វិញ្ញូ
2017-03-06
RFA

ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) នៅខណ្ឌជ្រោយចង្វារ នាំគ្នាលើកបដាតវ៉ានៅមុខសាលារាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ RFA/Rach Vingur
![]()
ក្រុមពលរដ្ឋរងគ្រោះដីធ្លីពីការអភិវឌ្ឍទីក្រុងរណបរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នៅខណ្ឌជ្រោយចង្វារ បានលើកគ្នាទៅដាក់ញត្តិនៅសាលារាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីអំពាវនាវឲ្យអាជ្ញាធរសាលាក្រុងមួយនេះ បើកបេះដូងឲ្យទូលាយចុះដោះស្រាយផលប៉ះពាល់ជូនពួកគាត់។
ក្រៅពីអំពាវនាវបែបនេះ ក្រុមពលរដ្ឋក៏ប្រឆាំងនឹងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលសម្រេចបែងចែកដីរបស់ពួកគាត់ឲ្យទៅក្រុមហ៊ុន និងសាលាក្រុង ទាំងអយុត្តិធម៌ និងគ្មានការយល់ព្រមពីពួកគាត់ជាម្ចាស់ដី។
បន្ទាប់ពីនាំគ្នាមកដល់ខាងមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ក្រុមពលរដ្ឋរងគ្រោះដីធ្លីនៅសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប នៃខណ្ឌជ្រោយចង្វារ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ និងមន្ត្រីសាលាក្រុង អនុញ្ញាតឲ្យអ្នកតំណាងចំនួន ៥នាក់ យកញត្តិចូលទៅក្នុងសាលារាជធានីភ្នំពេញ។
តំណាងពលរដ្ឋរងគ្រោះដីធ្លីដោយសារការអភិវឌ្ឍទីក្រុងរណបរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី លោក ជា សុផាត ថ្លែងថា ពលរដ្ឋរងផលប៉ះពាល់ដីធ្លីមានឈ្មោះក្នុងបញ្ជីមានចំនួន ១២៦គ្រួសារ និងផ្ទៃដីជិត ២០០ហិកតារ រីឯពលរដ្ឋមិនមានឈ្មោះក្នុងបញ្ជី គឺមានរាប់រយគ្រួសារទៀត ហើយមិនទាន់ទទួលបានដំណោះស្រាយអ្វីទាំងអស់ ចាប់តាំងពីអំឡុងឆ្នាំ២០១៣ មក បន្ទាប់ពីរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ចូលទៅឈូសបំផ្លាញដីស្រែចម្ការ និងដីគេហដ្ឋានរបស់ពួកគាត់។ តំណាងរូបនេះបង្ហាញជំនឿថា ដំណោះស្រាយនឹងមាន ប្រសិនអាជ្ញាធរបើកចិត្តទូលាយ៖ «»។
លោក ជា សុផាត បន្តថា លោកបានដឹកនាំដាក់ញត្តិសុំអន្តរាគមន៍ពីសាលារាជធានីភ្នំពេញប្រហែលជាលើកទី៥ ហើយ ប៉ុន្តែកន្លងមកមិនទទួលបានការឆ្លើយតបនោះទេ។
នៅក្នុងញត្តិបានសរសេរថា សាលារាជធានីភ្នំពេញត្រូវលុបចោលសេចក្ដីសម្រេចដែលផ្ដល់ដី ១០% ឲ្យពលរដ្ឋម្ចាស់ដី ៤០% ឲ្យក្រុមហ៊ុន និង ៥០% ឲ្យសាលាក្រុង។ ពលរដ្ឋសុំឲ្យសាលារាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋជាម្ចាស់ដី ដើម្បីរកដំណោះស្រាយ ឆ្វៀលភូមិចាស់ និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដីអាស្រ័យផលទិញតាមទីផ្សារសេរី ឬយកគោលការណ៍បឹងជើងឯក ដែលម្ចាស់ដីទទួលបាន ៦៥% រីឯសាលាក្រុងទទួលបាន ៣៥% បញ្ឈប់ការសាងសង់ផ្លូវស្របផ្លូវជាតិលេខ៦អា ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើដីលំនៅឋានប្រជាពលរដ្ឋ និងបញ្ឈប់សកម្មភាពឈូសឆាយ និងជួលដីដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី កំពុងបន្តធ្វើរាល់ថ្ងៃដែលពុំទាន់មានដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋជាម្ចាស់ដី។
ចំណែកអភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ មីនា ថា ខាងអាជ្ញាធរបានដោះស្រាយផលប៉ះពាល់ដីធ្លីជូនពលរដ្ឋនៅខណ្ឌជ្រោយចង្វារ បានរាប់រយគ្រួសារហើយ។ លើសពីនេះ សាលាក្រុងក៏មិនលុបចោលសេចក្ដីសម្រេចនោះដែរ ថ្វីត្បិតតែក្រុមពលរដ្ឋបាននាំគ្នាទៅដាក់ញត្តិជាថ្មីក្ដី៖ «»។
ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិលខាងសិទ្ធិលំនៅឋានអះអាងថា ការស្វែងរកដំណោះស្រាយតែពីខាងភាគីអាជ្ញាធរ និងភាគីក្រុមហ៊ុន ហើយភាគីម្ចាស់ដីគ្មានសិទ្ធិសម្រេច នោះនឹងនាំឲ្យបញ្ហាដីធ្លីអូសបន្លាយទៅមុខទៀត។ ផ្ទុយទៅវិញ ប្រសិនបើអាជ្ញាធរ និងពលរដ្ឋម្ចាស់ដីជួបចរចាដោយសន្តិវិធី នឹងអាចរកឃើញចំណុចប្រសព្វ ហើយភាគីទាំងពីរនឹងឈ្នះទាំងអស់គ្នា។
ពលរដ្ឋរស់នៅភូមិដើមគ សង្កាត់ជ្រោយចង្វារ លោកស្រី ប៊ុត តាំងសេង ថ្លែងថា ដីរបស់លោកស្រីមានទទឹងចំនួន ១៨ម៉ែត្រ និងបណ្ដោយ ១៦០ម៉ែត្រ គឺត្រូវបានក្រុមហ៊ុនឈូសឆាយកម្ទេចអស់ជិត ៦០ភាគរយ ហើយលោកស្រីចង់ទាមទារដីនោះមកវិញ ដើម្បីទុកចែកឲ្យកូននៅពេលក្រោយ ព្រោះលោកស្រីគ្មានដីណាផ្សេងដើម្បីបន្សល់ទុកធ្វើជាកេរ្តិ៍នោះទេ៖ «»។
តំណាងពលរដ្ឋ ៥នាក់បន្ទាប់ពីចេញមកពីដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ថ្លែងថា មន្ត្រីដែលបានមកទទួលញត្តិពីពួកគាត់បានសន្យាថា នឹងរាយការណ៍នូវអ្វីដែលពលរដ្ឋរងគ្រោះដីធ្លីបានទាមទារ ទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ហើយបន្ទាប់មក នឹងផ្ដល់ដំណឹងជូនពួកគាត់វិញក្នុងរយៈពេលមួយសប្ដាហ៍។
ក្រុមពលរដ្ឋរងគ្រោះដីធ្លីនៅខណ្ឌជ្រោយចង្វារ ប្ដេជ្ញាថា នឹងបន្តការទាមទារតាមរយៈដាក់ញត្តិជាថ្មីទៀត រហូតទទួលបានដំណោះស្រាយសមរម្យ ប្រសិនអាជ្ញាធរនៅតែព្រងើយកន្តើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់ជ្រោយចង្វារគ្រោងតវ៉ាមុខសាលាក្រុង
-
ពលរដ្ឋតវ៉ាដីធ្លីមកពីខេត្តកោះកុងដើររកដំណោះស្រាយតែត្រូវអាជ្ញាធររារាំង
-
អាជ្ញាធរខេត្តព្រះសីហនុចុះទប់ស្កាត់ការបោះបង្គោលចូលផ្ទៃបឹងកង្កែប
-
អាជ្ញាធរសង្កាត់ចាក់អង្រែលើប្រគល់ក្រដាសស្នាមមេដៃឲ្យអ្នកភូមិក្រោយមានការតវ៉ា
-
ពលរដ្ឋមានបញ្ហាដីធ្លីដោយសារអភិវឌ្ឍន៍ទីក្រុងរណបនៅជ្រោយចង្វារអំពាវនាវរកដំណោះស្រាយ
-
រដ្ឋាភិបាលកោះហៅអ្នកស្រី ស៊ុយ សុផាន អោយចូលទៅដោះស្រាយវិវាទដីធ្លី
-
សកម្មជនដីធ្លីខេត្តកោះកុងរិះគន់មន្ត្រីថាមិនចូលរួមដោះស្រាយវិវាទ
-
សង្គមស៊ីវិលថាបញ្ហាដីធ្លីពាក់ព័ន្ធដីសម្បទានសេដ្ឋកិច្ចនៅតែមិនទាន់បានដោះស្រាយ
-
អ្នកមានបញ្ហាដីធ្លីប្រមាណ៧០នាក់តវ៉ារកដំណោះស្រាយនៅមុខសាលាខេត្តបន្ទាយមានជ័យ
-
ពលរដ្ឋមានទំនាស់ដីនៅកោះកុងបន់ស្រន់ឱ្យមន្ត្រីរាជការគោរពតាមសម្បថមុនចូលកាន់តំណែង