ដោយ វណ្ណ សុគន្ធា
05/03/2017
RFI

លោក សម រង្ស៊ី អតីតគណបក្សសង្រ្គោះជាតិ (@Sam Rainsy Facebook)
ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខទទួលស្គាល់ការពិតចំពោះសារជាសំឡេងដែលបែកធ្លាយជាមួយលោក កឹម សុខា នោះ នៅរសៀលនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិក៏បានចេញមុខមកដែរដោយអំពាវនាវដល់សាធារណជនកុំឲ្យតម្លៃទៅលើសារនិងសំឡេងដែលបែកធ្លាយទាំងនោះ។
“សូមបងប្អូន កូនក្មួយ កុំឲ្យតម្លៃចំពោះឯកសារជាលាយលក្ខណ៍អក្សរឬជាសំឡេងដែលគេប្រឌិតឬកាត់ត យកមកផ្សព្វផ្សាយក្រៅបរិបទរបស់វា ហើយក៏កុំជឿការបកស្រាយអកុសលនិងការញុះញង់ទាំងឡាយដែលធ្វើឡើងក្នុងគោលបំណងប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ"។ នេះគឺជាការអំពាវនាវរបស់លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនទៅកាន់សាធារណជន។ លោកអតីតប្រធានបក្សប្រឆាំងដែលទើបតែលាលែងពីតំណែងរូបនេះ ក៏បានគូសបញ្ជាក់បន្ថែមពីលើការអំពាវនាវទៀតថា គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែលពីព្រោះអ្នកស្នេហាជាតិ និងអ្នកស្រលាញ់យុត្តិធម៌ទាំងអស់យល់ច្បាស់ថា ឯកភាពជាលក្ខខណ្ឌចាំបាច់ ដើម្បីសង្គ្រោះជាតិទាំងអស់គ្នា។
ជាមួយគ្នានេះ លោក សម រង្ស៊ី បានអះអាងដែរថា ទោះជាមានតំណែងជាប្រធានឬគ្មានតំណែងអ្វីក្នុងបក្សក៏ដោយ ក៏លោក កឹម សុខា និងរូបលោកនៅតែជាមនុស្សតែមួយគឺជាដៃគូស្លាប់រស់ ដើម្បីសង្គ្រោះជាតិ។ លើសពីនេះទៅទៀត លោកសម រង្ស៊ី បាននិយាយបញ្ឆិតបញ្ឆៀងថា ដោយសារតែខាងគេម្ខាងទៀតនោះ រកវិធីអ្វីមិនបានដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយ ទើបពួកគេមានតែប្រើល្បិច ដែលលោក សម រង្ស៊ី ហៅថា “កាន់តែថោកទាប"។
ចំណែកលោក កឹម សុខា ដែលទើបតែឡើងកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ និងជាជនសង្ស័យនៅក្នុងសារ និងសំឡេងដែលបែកធ្លាយនោះវិញ មិនបានបញ្ចេញប្រតិកម្មចំៗណាមួយទេទាក់ទងទៅនឹងសារទាំងនោះ។ តែទោះជាយ៉ាងណា លោកប្រធានថ្មីបក្សប្រឆាំងរូបនេះ បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា គណបក្សសង្គ្រោះជាតិកើតឡើងពីការរួបរួមគ្នា។ លោកគូសបញ្ជាក់បន្ថែមថា អ្វីៗគណបក្សសង្គ្រោះជាតិតែងតែរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាសម្រេច ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
ប្រតិកម្មពីសំណាក់អតីត និងពីសំណាក់ប្រធានថ្មីគណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចេញមុខទទួលស្គាល់ថាសំឡេងដែលបែកធ្លាយរវាងរូបលោក និងលោក កឹម សុខា កាលពីយប់ថ្ងៃសៅរ៍នោះ គឺជាការពិត។ សំឡេងសន្ទនាគ្នានោះ ត្រូវបានបញ្ចេញដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា សីហា ។ វាគឺជាសំឡេងសន្ទនាគ្នាមានរយៈពេលជាង២០នាទី ដែលបានរៀបរាប់ពីសេនារីយ៉ូ(Scenario)ក្នុងការឆ្ពោះទៅក្តោបក្តាប់គណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា នឹងការផាត់លោក សម រង្ស៊ី ចេញពីគណបក្សសង្គ្រោះជាតិ៕