ដោយ លោក ពេជ្រ ចំរុង | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧
http://vodhotnews.com

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីពេលកន្លងទៅ
នាយករដ្ឋមន្ដ្រីកម្ពុជាបានព្រមានជាថ្មីទៀតដោយថា នឹងមិនមានការលើកលែងទោសចំពោះអតីតប្រមុខគណបក្សប្រឆាំងនោះទេ។
ក្នុងពិធីសម្ភោធដាក់ឲ្យប្រើផ្លូវក្រវ៉ាត់ក្រុងមួយខ្សែ នៅរាជធានីភ្នំពេញនាថ្ងៃចន្ទទី៦ខែមិនានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានជាថ្មីថា លោកនឹងមិនយល់ព្រមឲ្យមានការលើកលែងទោសដល់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះទេ។
ការព្រមានរបស់លោកនាយរដ្ឋមន្ដ្រី ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងវាយប្រហារលោក ហ៊ុន សែន ដោយលោកថា បានប្រើល្បិច «កល់ថោកទាប» ដោយបានទម្លាយសារឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងប្រធានបក្សសង្គ្រោះជាតិលោក កឹម សុខា។
ជាទូទៅ រាល់ការលើកលែងដល់ទណ្ឌិតណាម្នាក់ ទាល់តែមានស្នើឡើងពីនាយករដ្ឋមន្ដ្រី ទើបមានការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រ។
លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងប្រធានគណបក្សប្រឆាំង ក្រោយពីលោក ហ៊ុន សែន បានកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ ដោយចង់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។ ស្របពេលជាមួយគ្នានេះ លោក សម រង្ស៊ី ក៏រងបណ្ដឹងជាច្រើន ពាក់ព័ន្ធនឹងបណ្ដឹងបរិហាកេរ្ដិ៍៕