ដោយ ហង្ស សាវយុត
2017-03-06
RFA

អ្នកភូមិបុះ ជាង ១៥០នាក់ លើកគ្នាទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនចិន រួយ ហ្វេង (Rui Feng) មិនឲ្យបន្តឈូសឆាយប៉ះពាល់ដីស្រែចម្ការរបស់ពួកគេ នៅឃុំម្លូព្រៃ២ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។ រូបភាពសហគមន៍
![]()
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅតែបន្តរហូតមកដល់ពេលនេះ។ អ្នកឃ្លាំមើលរបស់អង្គការសិទ្ធិមនុស្សយល់ថា បញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់ជាច្រើនក្នុងខេត្តព្រះវិហារ គឺដោយសារតែអាជ្ញាធរធ្វើការដោះស្រាយបញ្ហាមិនឆាប់រហ័ស ព្រមទាំងគ្មានឆន្ទៈដោះស្រាយឲ្យចំគោលដៅតែម្ដង។
សហគមន៍ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ ជាច្រើននាក់បានប្រមូលផ្ដុំគ្នាទៅបោះជំរំនៅតាមព្រៃ ដើម្បីដើរល្បាត ព្រមទាំងរារាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន មិនឲ្យឈូសរំលោភយកដីស្រែចម្ការ ព្រមទាំងដីព្រៃរយៈពេល ៣ថ្ងៃជាប់ៗគ្នាមកហើយ។
ក្រុមអ្នកភូមិទាំងនោះមានគ្នាពី ២០នាក់ទៅជិត ៤០នាក់ក្នុងមួយក្រុមៗ ហើយបានបណ្ដាក់គ្នាដើរល្បាតនៅតាមក្បាលដីស្រែចម្ការ និងព្រៃសហគមន៍ ហើយបើជួបជាមួយនឹងក្រុមហ៊ុនឈូសឆាយដី ឬព្រៃឈើពេលណា ពួកគេនឹងចូលទៅតវ៉ា ព្រមទាំងរារាំងសកម្មភាពភ្លាម។
សមាជិកបណ្ដាញការងារសហគមន៍ប្រចាំស្រុកឆែប និងស្រុកជ័យសែន គឺលោក វង្ស សុខេងលី។ លោកអះអាងនៅរសៀលថ្ងៃច័ន្ទ ទី៦ ខែមីនា ថា ចាប់តាំងតែពីថ្ងៃទី៣ ខែមីនា មក ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាច្រើននាក់មកពីឃុំសង្កែ២ នៃស្រុកឆែប និងឃុំពុទ្រា នៃស្រុកជ័យសែន កំពុងលើកគ្នាដើរល្បាតរារាំងក្រុមហ៊ុនចិន ឈ្មោះ ហេង រួយ (Heng Rouy) និង ហេង ណុង (Heng Nung) មិនឲ្យឈូសរំលោភលើដីស្រែចម្ការរបស់ពួកគេ ព្រមទាំងដីព្រៃសហគមន៍ទេ៖ «ឥឡូវហ្នឹងពួកគាត់កំពុងធ្វើសកម្មភាពដើរឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ជាបណ្ដើរៗ ប៉ុន្តែគ្រាន់តែថាក្នុងរូបភាពតូចៗ មិនមានធំដុំទេ»។
កាលពីថ្ងៃទី៥ ខែមីនា ក្រុមប្រជាពលរដ្ឋមកពីភូមិសំបូរ ភូមិជោគជ័យ និងភូមិក្រឡោត នៃស្រុកឆែប បានរួមគ្នាឃាត់គ្រឿងចក្រ ១គ្រឿងរបស់ក្រុមហ៊ុនចិន ហេង រួយ នៅពេលដែលក្រុមហ៊ុនយកគ្រឿងចក្រនោះទៅឈូសឆាយនៅតំបន់ព្រៃសហគមន៍។
ក្រុមអ្នកភូមិទាមទារឲ្យអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរស្រុកឆែប ស្រុកជ័យសែន ត្រូវតែចេញមុខដោះស្រាយដើម្បីបញ្ឈប់ក្រុមហ៊ុនចិន កុំឲ្យឈូសឆាយដីព្រៃសហគមន៍តទៅទៀត។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកឆែប លោក សុខ សានដារា និងអភិបាលស្រុកជ័យសែន លោក ជុំ ពុយ ដើម្បីឆ្លើយតបនឹងការទាមទារនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី៦ ខែមីនា ដោយសារតែលោកទាំងពីរមិនទទួលទូរស័ព្ទ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មើលឃើញថា បញ្ហាជម្លោះដីធ្លីរវាងជនជាតិដើមភាគតិចកួយ នៅស្រុកត្បែងមានជ័យ និងប្រជាពលរដ្ឋនៅស្រុកជ័យសែន ព្រមទាំងស្រុកឆែប ជាមួយក្រុមហ៊ុនចិន បានកើតមានឡើងរយៈពេល ៤ឆ្នាំមកហើយ។ ជម្លោះរ៉ាំរ៉ៃនេះ ដោយសារតែក្រុមហ៊ុនបានកាប់បំផ្លាញព្រៃឈើ ព្រមទាំងរំលោភដីធ្លីកាន់តែខ្លាំងឡើងៗ ហើយអាជ្ញាធរមានការដោះស្រាយយឺតយ៉ាវ៖ «តំបន់ខ្លះអាជ្ញាធរគាត់ដោះស្រាយ ប៉ុន្តែមិនទាន់បានចប់សព្វគ្រប់។ មានន័យថា ដោះស្រាយមិនដាច់ស្រេច ភាគីនីមួយៗមិនអាចទទួលយកបាន»។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ បង្ហាញការព្រួយបារម្ភចំពោះបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ដែលនៅតែរ៉ាំរ៉ៃនេះ។ លោកយល់ថា បញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃ គឺវាមិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចម្ការប៉ុណ្ណោះទេ វាថែមទាំងរំខានដល់ពេលវេលារបស់ប្រជាពលរដ្ឋមិនបានប្រកបរបរចិញ្ចឹមជីវិតផង គឺរវល់តែលើកគ្នាដើរតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សហគមន៍នៅខេត្តព្រះវិហារធ្វើពិធីសែនព្រេនដាក់បណ្ដាសាដល់អ្នករំលោភយកដី
-
ពលរដ្ឋមកពីខេត្តចំនួន៤ដាក់ញត្តិទាមទារឲ្យលោក ហ៊ុន សែន ជួយដោះស្រាយដីធ្លី
-
ពលរដ្ឋស្រុករវៀងភ័យខ្លាចបាត់បង់ដីស្រែចម្ការដោយក្រុមហ៊ុនឈូសឆាយរំលោភយក
-
សហគមន៍កួយឃុំប្រមេរុចោទអាជ្ញាធរថាមិនយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី
-
សហគមន៍កួយខេត្តព្រះវិហារលើកគ្នាទៅដេកយាមដីខ្លាចក្រុមហ៊ុនចិនឈូសឆាយ
-
ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរងការចោទថាឈូសឆាយរំលោភដីអ្នកស្រុករវៀង
-
ពលរដ្ឋមានបញ្ហាដីនៅខេត្តព្រះវិហារស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនៅភ្នំពេញ
-
ពលរដ្ឋស្រុកឆែប៣០០នាក់គ្រោងលើកគ្នាទៅច្រូតស្រូវលើដីកំពុងមានទំនាស់នឹងក្រុមហ៊ុនចិន