អង្គការ​ ៧៨ ​ថ្កោលទោស​ការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស

លោក នី​ សុខា (ឆ្វេង)​ និង លោក​ យី សុខសាន្ត (ស្តាំ) ពេល​ត្រូវ​នាំ​ឡើង​សវនាការ កាល​ពី​ខែ​មុន។ ហុង មិនា

លោក នី​ សុខា (ឆ្វេង)​ និង លោក​ យី សុខសាន្ត (ស្តាំ) ពេល​ត្រូវ​នាំ​ឡើង​សវនាការ កាល​ពី​ខែ​មុន។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កាលពី​ម្សិលមិញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៧៨ បាន​ចេញ​សេក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​បាន​ធ្វើការ​​ថ្កោលទោស​ចំពោះ​ការ​បដិសេធ​មិន​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៥ រូប​ឲ្យ​នៅ​ក្រៅ​ឃុំ​នាពេល​ថ្មីៗ​នេះ និង​ការ​ផ្តន្ទាទោស​ដ៏ធ្ងន់ធ្ងរ​លើ​សកម្មជន​ដីធ្លី​ម្នាក់​គឺ​អ្នកស្រី ទេព វន្នី រួម​នឹង​ការ​កើន​ឡើង​​នៃ​ការ​គំរាម​កំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​ដោយ​ពួកគេ​ហៅ​ថា​ជា «យុទ្ធសាស្ត្រ​រៀបចំ​ទុក​ជា​មុន» ដោយ​អាជ្ញាធរ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​ជំទាស់​មុន​ការ​បោះឆ្នោត​ឃុំ​ សង្កាត់ ​ដែល​នឹង​ចូល​មក​ដល់​នាពេល​ខាង​មុខ​។

សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា​ដោយ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ​និង​អន្តរជាតិ​ចំនួន ៧៨ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ពួកគេ​ចំពោះ​ការ​កើនឡើង​នៃ​ការ​បង្ក្រាប​​របស់​រដ្ឋាភិបាល​លើ​សេរីភាព​ជា​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ​នឹង​ការ​វាយប្រហារ​មក​លើ​បុគ្គល​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ថា​ជា​រឿង​ដែល «មិន​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ​ត្រូវ​តែ​បញ្ឈប់​»​​។

សេចក្តី​ថ្លែងការណ៍​នេះ​ចង់​ចង្អុល​ទៅ​ដល់​ការ​បដិសេធ​កាលពី​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ចំនួន​បួន​រូប​គឺ​លោកស្រី លឹម ​មុន្នី​ លោក នី​ សុខា​ លោក​ យី សុខសាន្ត​ និង​លោក​ ណៃ វង់ដា នៅ​ក្រៅ​ឃុំ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ពួកគេ​ត្រូវ​បាន​ជាប់​ឃុំ​ចំនួន​ ៣១២ ថ្ងៃ​មក​ហើយ​ដោយ​បាន​​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ពួកគេ​ជា​បន្ទាន់​ បន្ទាប់ពី​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​បាន​ចាត់​ទុក​ការ​ចាប់​ដាក់​ពន្ធនាគារ​នេះ​ថា​ជា​ការ​ធ្វើ​ឡើង​តាម​តែ​អំពើ​ចិត្ត​។

សេចក្តី​ថ្លែងការណ៍​នេះ​ក៏​បាន​​លើក​ឡើង​ផង​ដែរ​ពី​ករណី​របស់​អ្នកស្រី​ ទេព វន្នី​ ដែល​ជា​សកម្មជន​ដីធ្លី​បឹងកក់​ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ ឆ្នាំ​កន្លះ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដែល​ករណី​នេះ​វា​បាន​បង្ហាញ​ពី​បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

លោកស្រី​ ចក់ សុភាព ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​ជា​ហត្ថលេខី​មួយ​​រូប​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ដែរ​បាន​និយាយ​កាលពី​ម្សិលមិញ​​ថា៖ «ខណៈ​ដែល​ឆ្នាំ ២០១៦ កន្លង​ទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺជា​ប្រធានបទ​មួយ​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​ដែល​មិន​ត្រឹមត្រូវ​ហើយ​មួយ​ចំនួន​ត្រូវ​ជាប់​ពន្ធនាគារ​ដែល​ស្ថានភាព​នេះ​វា​បាន​ក្លាយ​ជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ហើយ​វា​កាន់​តែ​អាក្រក់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ»៕ NS


Contact author: Ananth Baliga

What Next?

Recent Articles