បក្ស​កាន់​អំណាច​ស្វាគមន៍​ចំពោះ​ការ​ដក​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត»

ដោយ សឿង ភារៈ
18/03/2017
RFI

media
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។


គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្វាគមន៍ ចំពោះ​គម្រោង​របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​មិន​ដាក់​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត» ក្នុង​គោល​នយោបាយ សម្រាប់​ការឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់នៅ​ខែ​មិថុនា​ខាង​មុខ​។ ជាការ​ស្វាគមន៍​បន្ទាប់​​ពី​គណបក្ស​កាន់​អំណាច​បាន​សម្តែង​ការ​មិន​ពេញចិត្ត និង​មានគម្រោង​​ប្តឹង​គណបក្ស​ប្រឆាំង​ជុំវិញ​ការ​ប្រើ​ប្រាស់​ពាក្យ​ស្លោក​នេះ​។ 
 

លោក​សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៨ ខែ​មីនា ថា​គណបក្ស​កាន់​អំណាច​ស្វាគមន៍​ចំពោះ​ការ​ដក​ពាក្យ​ស្លោក​នេះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​មាន​ចេតនា​ដក​ខ្លឹម​សារ​ពាក្យ​ស្លោក​នេះ​ចេញ​គឺ​ជា​ការ​ល្អ ហើយ​លោក​ក៏​សូម​ឲ្យ​គណ​បក្ស​នេះ​អនុវត្ត​ជាក់​ស្តែង ពោលគឺ​ដក​ពាក្យស្លោកនេះចេញពី​គោល​នយោបាយ៥​ចំណុច​ ដែល​​សមាជ​វិសាមញ្ញ​​របស់​គណបក្ស​ប្រឆាំង​បាន​ដាក់​នាពេល​កន្លង​មក​។
 
អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ថា នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​បាន​សម្រេច​ដក​ជា​ផ្លូវ​ការហើយ ប៉ុន្តែ​បើ​សកម្មជន ឬ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​តែ​ប្រើ​ពាក្យ​នេះ​ទៀត នោះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវរបស់​បុគ្គល ដែល​ជា​អ្នក​ប្រព្រឹត្តិ។
 
លោក​សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពី​ថ្ងៃទី​១៧ ​ខែ​មីនា ក្រោយ​ពេល​ទៅ​ជួប​សួរ​សុខទុក្ខ សកម្ម​ជន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស បាន​ប្រាប់​ឲ្យ​ដឹង​ថា គណបក្ស​នឹង​រៀប​ចំគោល​នយោបាយ​៥​ចំណុច​សម្រាប់​ចែក​ចាយ​ទៅ​ប្រជា​ពលរដ្ឋ ដោយ​មិន​មាន​ពាក្យស្លោក​ខាង​លើ​នេះ​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ពាក្យ​ស្លោក​មិន​មែន​ជា​ពាក្យ​ផ្លូវ​ការ ដែល​ធ្វើ​ឲ្យ​មាន​ការពិបាក​ក្នុង​ការ​ដោះ​ស្រាយ​នោះ​ទេ។​ លោក​ថា​បើ​តុលាការ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច យល់​ថា​ពាក្យ​ស្លោក «ដូរមេ​ឃុំ​បំរើ​បក្ស ដាក់​មេឃុំ​បំរើ​រាស្ត្រ» ធ្វើ​ឲ្យ​ប៉ះ​ពាល់​ នោះ​គណបក្ស​ប្រឆាំង​នឹង​សម្រេច​ទៅ​តាម​ស្ថាប័ន​ទាំងនោះ។​
 
លោក​សុន ឆ័យ​មិន​អាច​ទាក់​ទង​សុំ​ការ​ភ្លឺ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃទី​១៨ ខែ​មីនា​នេះ ប៉ុន្តែ​លោក​អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ គណបក្ស​ផ្សព្វ​ផ្សាយ និង​បង្រៀន​តែ​គោលនយោបាយ​អាទិភាពសម្រាប់​សកម្ម​ជន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ មិន​បាន​ផ្សព្វផ្សាយ ឬ​បង្រៀន​ពាក្យ​ស្លោក​ខាងលើ​នេះ​ទេ​។
 
សូម​ជម្រាប​ជូន​ថា​ពាក្យ​ស្លោក «ដូរ​មេឃុំ​បំរើ​បក្ស ដាក់​មេឃុំ​បំរើ​រាស្ត្រ» របស់​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បានគណបក្ស​ផ្សព្វ​ផ្សាយ​កាល​ពី​ដើម​ខែ​មីនា​កន្លង​ទៅ​។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ឃើញ​ថា​ជា​ការ​ប្រមាថ​ដល់​បេក្ខជន​ឃុំ​នៃ​គណបក្ស​របស់​ខ្លួន ​ហើយ​គណបក្ស​កាន់​អំណាច​ក៏​ធ្លាប់​មានគម្រោង​ប្តឹង​គណបក្ស​ប្រឆាំង​ដែរ​៕
 

What Next?

Recent Articles