ដោយ ជិន ជេដ្ឋា
2017-03-18
RFA

របាំងសាច់អួនដែលគេលួចដាក់លើសប្រវែងកំណត់ច្បាប់ស្ដីពីជលផល ឋិតនៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧។ RFA/Chin Chetha
![]()
បទល្មើសដាក់របាំងសាច់អួនលើសប្រវែងកំណត់ដោយច្បាប់ស្ដីពីជលផល ត្រូវបានពលរដ្ឋខ្លះនៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង នាំគ្នាលួចដាក់ឡើងវិញ បើទោះជាមានវិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលក្នុងការចុះកម្ទេច ឬកាត់តម្រឹមឧបករណ៍ប្រភេទនេះក្ដី។ អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា នឹងបង្កើនការចុះល្បាត និងទប់ស្កាត់បទល្មើសតាមទីតាំងសំខាន់ៗដែលបង្ក្រាបរួច។
នៅលើផ្ទៃទឹកក្បែរច្រាំងទន្លេ និងមុខទឹកដែលទូកបើកចេញចូលក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ មានរបាំងលបរាប់រយកន្លែងកំពុងដំណើរការ។ ក្នុងនោះក៏មានរបាំងលើសប្រវែង ៥០ម៉ែត្រ នៃទទឹងមុខទឹកដែលច្បាប់បានហាមឃាត់ជាច្រើនវង់ ដោយជនល្មើសលួចធ្វើសកម្មភាពបន្លំភ្នែកសាធារណជនដោយដាក់ចម្រូងភ្ជាប់សាច់អួនប្រវែងខ្លីៗនៅក្បែរលបឡុក តែបានបង្កប់សាច់អួនរាប់រយម៉ែត្រ។
អាស៊ីសេរី បានចុះដល់ទីតាំងបទល្មើសទាំងនោះ ឃើញបទល្មើសភាគច្រើនឋិតនៅជាប់ព្រំប្រទល់ឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ និងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ប៉ុន្តែគេធ្វើក្នុងរូបភាពលាក់លៀមជាងមុន។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាសមាជិកម្នាក់ក្នុងគណៈកម្មការចុះបង្ក្រាបបទល្មើសនេសាទថ្នាក់ខេត្ត លោក ងិន ហ៊ុន ថារបាំងសាច់អួន ឬលបឡុកខ្លះអាចលួចដាក់លើសប្រវែងកំណត់ឡើងវិញ ប៉ុន្តែខាងលោកមានមន្ត្រីប្រចាំការដែលបានចែកវេនគ្នារួចជាស្រេចក្នុងការចុះឃ្លាំមើល និងទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងវិញ៖ «ទីមួយយើងបានដាក់ក្រុមការងារដែលឯកឧត្ដមអភិបាលខេត្តបានបែងចែកហ្នឹង ហើយពេលដែលមានរបាំងដែលលើសប្រវែងខុសហ្នឹងច្បាប់ យើងនឹងកម្ទេចចោលហើយ យើងអត់ដែលទុកទេកន្លងមក។ ទីពីរយើងបានណែនាំគាត់ថា កុំលួចដាក់ តែលួចដាក់ខ្ញុំទៅយកអស់ហើយ និយាយរួមចរិតអ្នកនេសាទនៅតែលួចដាក់ខ្លះដែរ តែលួចស្អែកឡើងទៅឃើញយកមកទៀតដដែល»។
មន្ត្រីសម្របសម្រួលសហគមន៍ជុំវិញបឹងទន្លេសាបរបស់អង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) អ្នកស្រី នូ សារិម សង្កេតឃើញថា បទល្មើសរបាំងសាច់អួន ឬរបាំងលបនៅបន្តកើតមាននៅតំបន់មួយចំនួនក្នុងបឹងទន្លេសាបដដែល បើទោះបីជាសមត្ថកិច្ចចុះបង្ក្រាបម៉ឺងម៉ាត់ ហើយមានសញ្ញាថយចុះក្ដី។ អ្នកស្រីយល់ថា សមត្ថកិច្ច និងប្រជាសហគមន៍សហការគ្នាលុបបំបាត់បទល្មើស៖ «ខ្ញុំគិតថា ទាល់តែប្រជាពលរដ្ឋនៅទីនោះសហការជាមួយជំនាញ អាជ្ញាធរ ព្រោះបើពលរដ្ឋវិញគាត់ដឹងថា កន្លែងណាមានបទល្មើសគាត់ត្រូវតែរាយការណ៍ឲ្យចុះបង្ក្រាបធ្វើម៉េចទប់ស្កាត់បទល្មើសកុំឲ្យមាននៅក្នុងដែនអភិរក្សហ្នឹងតទៅទៀត»។
ច្បាប់ស្ដីពីជលផល មាត្រា៤១ ត្រង់ប្រការ៣ ចែងថា ការធ្វើនេសាទកន្លែងនេសាទប្រុងដោយប្រើឧបករណ៍គ្រប់ប្រភេទរួមផ្សំដោយរបាំងព្រួលមានបណ្ដោយលើសពី ៥០ម៉ែត្រ ឬលាតសន្ធឹងលើសពី ៣ ភាគ ៣ នៃទទឹងមុខទឹក ឬធ្វើឲ្យរាំងស្ទះដល់ជលយានគ្រប់ប្រភេទ។ ជនណាដែលប្រព្រឹត្តបទល្មើសនេះ ត្រូវពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលជាប្រាក់ពី ៥លានរៀល ដល់ ១០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
អ្នកនេសាទសមុទ្រនៅព្រះសីហនុបន្តបារម្ភខ្លាចបាត់បង់ផ្ទៃបឹងកង្កែប
-
មន្ត្រីខេត្តកំពង់ឆ្នាំងប្រកាសប្រើវិធានការក្ដៅក្នុងការបង្ក្រាបបទល្មើសនេសាទ
-
ប្រជានេសាទថាការចុះបញ្ជីជលយានមិនអាចទប់ស្កាត់បទល្មើសនេសាទបានទេ
-
ប្រជានេសាទខេត្តកំពតតវ៉ាប្រឆាំងនឹងជនជាតិវៀតណាមចូលនេសាទក្នុងសមុទ្រខ្មែរ
-
មនុស្សជាង១០នាក់រួមគ្នាអភិរក្សសហគមន៍នេសាទមួយនៅខេត្តបន្ទាយមានជ័យ
-
ពលរដ្ឋខេត្តកំពង់ឆ្នាំងចង់ឲ្យរដ្ឋាភិបាលរក្សាភាពម៉ឺងម៉ាត់ក្នុងបង្ក្រាបបទល្មើសនេសាទ
-
បទល្មើសនេសាទនៅបឹងខ្សាច់សខេត្តព្រៃវែងថយចុះក្រោយអាជ្ញាធរចុះបង្ក្រាប
-
អភិបាលខេត្តព្រះសីហនុ៖ ការបូមខ្សាច់អភិវឌ្ឍន៍កំពង់ផែមិនប៉ះពាល់របរចិញ្ចឹមត្រីនិងនេសាទ
-
ពលរដ្ឋខេត្តកំពង់ឆ្នាំងជាង១០០នាក់ផ្ដិតមេដៃប្ដឹងប្រធានសហគមន៍នេសាទ
-
ពលរដ្ឋនៅខេត្តកំពង់ធំថាបទល្មើសនេសាទថយចុះខ្លះក្រោយមានវិធានការក្ដៅពីរាជរដ្ឋាភិបាល