ដោយ យ៉ង ចាន់តារា
2017-03-19
RFA

អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ធ្វើបទ បង្ហាញអំពីគោលនយោបាយជាយុទ្ធសាស្ត្រគ្រប់គ្រងវិស័យរ៉ែ ប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ RFA/Yang Chandara
![]()
ក្រសួងរ៉ែ និងថាមពល គ្រោងប្រមូលចំណូលពីវិស័យរ៉ែឲ្យបាន ២០លានដុល្លារនៅឆ្នាំ២០១៧ នេះ។ តំណាងក្រសួងរ៉ែ និងថាមពល លើកឡើងបែបនេះនៅក្នុងវេទិកាយុវជនស្ដីពី “អភិបាលកិច្ចឧស្សាហកម្មនិស្សារណកម្ម” ដែលត្រូវបានរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅព្រឹកថ្ងៃទី១៩ មីនា នៅរាជធានីភ្នំពេញ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់ថា ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រ ៣សំខាន់ ដើម្បីប្រមូលចំណូលធនធានរ៉ែឲ្យបាន ២០លានដុល្លារនៅឆ្នាំ២០១៧ នេះ។ នោះគឺជាការពង្រឹងការអនុវត្តច្បាប់ ការធ្វើអធិការកិច្ច ព្រមទាំងការដាក់ទោសទណ្ឌ និងការពិន័យចំពោះក្រុមហ៊ុនណាដែលប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌដែលមានចែងក្នុងអាជ្ញាប័ណ្ណ និងកិច្ចព្រមព្រៀង។
លោកបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០១៧ នេះទៅ ក្រសួងនឹងលែងឲ្យមានបំណុលធនធានរ៉ែតទៅទៀតហើយ ពោលគឺរាល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មទាំងអស់ ត្រូវតែបង់ ឬទូទាត់ថវិកាដែលជំពាក់មកឲ្យរដ្ឋវិញជាចាំបាច់។
លោក អ៊ឹង ឌីប៉ូឡា ទទួលស្គាល់ថា ចំណូលពីវិស័យរ៉ែដែលប្រមូលបានកាលពីរយៈពេលប៉ុន្មានឆ្នាំមុនមានចំនួនតិច ដោយសារមានចន្លោះខ្វះខាតច្រើនទាក់ទងនឹងការប្រមូលចំណូលនេះ។ ក៏ប៉ុន្តែលោកថា ចំណូលពីវិស័យរ៉ែបានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៥ ពោលគឺនៅក្រោយពេលរដ្ឋាភិបាលដាក់ចេញនូវកំណែទម្រង់ក្នុងវិស័យមួយនេះ៖ «»។
តួលេខរបស់ក្រសួងរ៉ែ និងថាមពល បង្ហាញថា ក្រសួងប្រមូលចំណូលពីវិស័យរ៉ែបានចំនួន ២លានដុល្លារនៅឆ្នាំ២០១៣ និង ៣លានដុល្លារនៅឆ្នាំ២០១៤។ តួលេខនៃចំណូលពីវិស័យនេះ បានកើនឡើងដល់ ១០លានដុល្លារនៅឆ្នាំ២០១៥ និង ១៣លានដុល្លារនៅឆ្នាំ២០១៦។ ចំណូលធនធានរ៉ែនេះបានមកពីរ៉ែខ្សាច់ ថ្មសំណង់ សេវាកម្មសាធារណៈ ឧស្សាហកម្មអាជីវកម្មរ៉ែ ដូចជា រ៉ែលោហៈ និងរ៉ែមាស ជាដើម និងការផ្តល់អាជ្ញាប័ណ្ណចំពោះអាជីវកម្មរ៉ែតូចៗ។
នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា ចំណូលត្រឹម ២០លានដុល្លារដែលក្រសួងរ៉ែ និងថាមពល គ្រោងប្រមូលឲ្យបាននៅឆ្នាំ២០១៧ នេះ ហាក់នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងអាជីវកម្មរ៉ែគ្រប់ប្រភេទដែលកំពុងកើតមាននៅទូទាំងប្រទេស៖ «»។
លោក សន ជ័យ លើកឡើងពីក្តីបារម្ភមួយទៀតទាក់ទងនឹងការប្រមូលចំណូលពីធនធានរ៉ែ គឺការគេចមិនបង់ពន្ធ ដែលលោកហៅថាជាការរំលោភអំណាច ប្រព្រឹត្តដោយក្រុមអ្នកមានលុយ និងមានអំណាចដែលជាម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ៖ «»។
កាលពីឆ្នាំ២០១៦ កន្លងទៅ ក្រសួងផ្ដល់អាជ្ញាប័ណ្ណអណ្ដូងរ៉ែ និងការដ្ឋានវាយថ្មចំនួន ៤០១អាជ្ញាប័ណ្ណ ស្វែងរុករកចំនួន ៦១អាជ្ញាប័ណ្ណ ឧស្សាហកម្មអាជីវកម្មធនធានរ៉ែចំនួន ២៣ និងអាជ្ញាប័ណ្ណសិប្បកម្មចំនួន ៣២៦។ ធនធានរ៉ែដែលក្រសួងផ្ដល់អាជ្ញាប័ណ្ណ រួមមានរ៉ែថ្មកំបោរ រ៉ែធ្យូងថ្ម និងរ៉ែលោហៈ ដែលមាននៅខេត្តកំពត បាត់ដំបង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ចំណូលពីវិស័យរ៉ែនិងថាមពលកើន២៤៨%ខណៈសង្គមស៊ីវិលជំរុញឲ្យផ្សាយព័ត៌មានចំណូល
-
មន្ត្រីក្រសួងរ៉ែនិងសង្គមស៊ីវិលរកយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងសង្គម
-
តុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនស្ត្រី២នាក់ចោទថាជីករ៉ែមាសដោយខុសច្បាប់
-
តុលាការខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនស្ត្រីពីរនាក់ពីបទធ្វើអាជីវកម្មរ៉ែខុសច្បាប់
-
គណៈកម្មការទី១០សភាគ្រោងហៅលោក ស៊ុយ សែម មកបំភ្លឺក្នុងកិច្ចប្រជុំសភាពេញអង្គ
-
អាជ្ញាធរចុះពិនិត្យទីតាំងកែច្នៃវល្លិរមៀតមួយកន្លែងនៅខេត្តកោះកុង
-
អ្នកភូមិផ្អាវខេត្តឧត្តរមានជ័យបារម្ភអំពីការរុករករ៉ែរបស់ក្រុមហ៊ុនចិន
-
ជនជាតិដើមភាគតិចពីរភូមិនៅខេត្តរតនគិរីបន្តបដិសេធមិនឲ្យក្រុមហ៊ុនស្រាវជ្រាវរ៉ែ
-
អាជ្ញាធរខេត្តរតនគិរីពិន័យប្រាក់ជនជាតិវៀតណាមបីនាក់ដែលខួងយកគំរូសំណាកថ្ម