ដោយ អ៊ុង សេរីវុទ្ធ
2017-03-20
RFA

លោក គឹម សុខ (ក្នុងឯកសណ្ឋានអ្នកទោស) អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពេលបញ្ជូនចេញពីសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។ RFA/Rann Samnang
![]()
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ថាការលើកឡើងរបស់អ្នកឃ្លាំមើលនយោបាយ លោក គឹម សុខ ដែលចោទថា ប្រមុខរដ្ឋាភិបាលបញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោក ដល់ពន្ធនាគារ និងគំរាមដាក់គុកងងឹត ជាការវាយប្រហាររដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។
លិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺនៅថ្ងៃទី២០ មីនា បញ្ជាក់ថា ការលើកឡើងរបស់លោក គឹម សុខ គឺខុសពីការពិត បើប្រៀបធៀបនឹងកំណត់ហេតុបំភ្លឺរបស់លោក គឹម សុខ ជាមួយមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី១៣ មីនា។
កាលពីថ្ងៃទី៦ មីនា លោក គឹម សុខ អះអាងប្រាប់អ្នកសារព័ត៌មានពេលលោកត្រូវបានគេបញ្ជូនមកសាលាឧទ្ធរណ៍ថា មានគេឲ្យលោកសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្នូរបាននៅក្រៅឃុំ រួមនឹងគំរាមលោកដាក់គុកងងឹតជាដើម។
លិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ បន្តថា ក្នុងពន្ធនាគារព្រៃស ឬហៅថា មណ្ឌលកែប្រែទី១ ពុំមានគុកងងឹតទេ ព្រោះការប្រើគុកងងឹតដើម្បីដាក់ទណ្ឌកម្ម ជាទង្វើបំពានច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស ដែលរដ្ឋាភិបាល កំពុងសហការ និងឆ្លើយតបជាវិជ្ជមាន ជាមួយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានអនុគណៈកម្មការចុះពិនិត្យដល់កន្លែង។
អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា តាំងពីលោក គឹម សុខ ត្រូវបានឃុំខ្លួន ខាងពន្ធនាគារបានអនុញ្ញាតឲ្យមេធាវីជួបចំនួន៣លើក និងសួរសុខទុក្ខពីក្រុមគ្រួសារចំនួន១លើក ហើយក្នុងករណីដែលមានការគំរាមណាមួយពីអ្នកជាប់ឃុំដូចគ្នា ឬជនណាម្នាក់ក្នុងដែនសមត្ថកិច្ចរបស់ពន្ធនាគារមែន លោក គឹម សុខ គួររាយការណ៍ដើម្បីដោះស្រាយ។
លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។ ការឃុំខ្លួននេះ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរចលាចលដល់សន្តិសុខសង្គម បន្ទាប់ពីលោក គឹម សុខ និយាយជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ កាលពីថ្ងៃទី៦ មីនា លោកត្រូវបានសាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
លោក គឹម សុខ ថាគេចង់ឲ្យលោកធ្វើជាមនុស្សស្នូលក្នុងការអនុវត្តផែនការបក្សកាន់អំណាច
-
លោក គឹម សុខ ស្នើលោក ហ៊ុន សែន ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោកនៅពន្ធនាគារ
-
មេធាវីស្នើតុលាការឱ្យដោះលែងលោក គឹម សុខ នៅក្រៅឃុំបណ្ដោះអាសន្ន
-
មេធាវីការពារក្ដីឲ្យលោក គឹម សុខ ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់សាលាដំបូង
-
មេធាវីការពារក្តីឲ្យលោក គឹម សុខ គ្រោងដាក់ពាក្យស្នើឲ្យកូនក្តីបាននៅក្រៅឃុំ
-
តុលាការរងការរិះគន់ថាធ្វើតាមបង្គាប់របស់រដ្ឋាភិបាលករណីឃុំខ្លួនលោក គឹម សុខ
-
អ្នកច្បាប់ថា ការចាប់ខ្លួនលោក គឹម សុខ ផ្ទុយពីរដ្ឋធម្មនុញ្ញនិងសន្ធិសញ្ញាអន្តរជាតិ
-
ព្រះសង្ឃនិងពលរដ្ឋមួយចំនួនបារម្ភខ្លាចមានការចាប់ខ្លួនលោក គឹម សុខ
-
តុលាការសម្រេចឃុំខ្លួនលោក គឹម សុខ ពីបទញុះញង់និងបរិហារកេរ្តិ៍បក្សកាន់អំណាច
-
បទសម្ភាសន៍៖ ព្រះអង្គ ប៊ុត ប៊ុនតិញ ថាលោក ហ៊ុន សែន មិនគួរប្ដឹងលោក គឹម សុខ ទេ