
ជនជាតិវៀតណាមដែលត្រូវបានឃាត់ខ្លួន។ រូបថត ហ្វេសប៊ុក
Mon, 20 March 2017
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ ជនជាតិវៀតណាមចំនួន ៧ នាក់ក្នុងចំណោម ១១ នាក់ត្រូវបានចាប់ឃាត់ខ្លួន នៅខណៈពេលដែលពួកគេកំពុងតែធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នៅតាមបណ្តោយព្រំដែនក្នុងទឹកដីខ្មែរនៅខេត្តរតនគិរី។
លោក ជា ប៊ុនធឿន ស្នងការរងនគរបាលខេត្តទទួលបន្ទុកជនអន្តោប្រវេសន៍បានឲ្យដឹងថាកម្លាំងនគរបាលលោកបានស្ទាក់ឃាត់ខ្លួនបុរសជាជនជាតិវៀតណាមចំនួន ៧ នាក់កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុន បន្ទាប់ពីពួកគេឆ្លងដែនដោយខុសច្បាប់ ដើម្បីធ្វើសកម្មភាពអារឈើ និងដឹកជញ្ជូនឈើនៅក្នុងព្រៃមួយកន្លែងដែលជាចំណុចប្រសព្វគ្នារវាងស្រុកអូរយ៉ាដាវ បកែវ និងស្រុកអណ្តូងមាស។
លោក ប៊ុនធឿន មានប្រសាសន៍ថា៖ «គេលួចឆ្លងដែនខុសច្បាប់មកលួចប្រព្រឹត្តបទល្មើសព្រៃឈើនៅតាមបណ្តោយព្រំដែន។ ពួកគេកាប់ផង និងដឹកតាមត្រាក់ទ័រផង។ ឃាត់បាន ៧ នាក់ហ្នឹង។ មាន ៤-៥ នាក់ទៀតបានរត់រួច»។
លោកស្នងការរងបានឲ្យដឹងថាកម្លាំងជំនាញនគរបាលអន្តោប្រវេសន៍ លោកបានកំពុងតែចុះទៅធ្វើការត្រួតពិនិត្យជនបរទេសដែលកំពុងតែធ្វើការនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ និងកសិដ្ឋាននានា ហើយពេលនោះក៏មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋពីរឿងជនជាតិវៀតណាមកាប់ឈើនោះ។
លោក ជា ប៊ុនធឿន បញ្ជាក់ថា៖ «ពលរដ្ឋរាយការណ៍មកហើយខ្ញុំនៅក្បែរហ្នឹងក៏ចុះទៅក៏ឃើញសកម្មភាពហ្នឹងយើងក៏ឃាត់តែម្តងទៅពីព្រោះអាហ្នឹងប្រព្រឹត្តបទល្មើសអ្នកណាក៏ចាប់បានដែរ។ យើងបាននាំខ្លួនមកសួរនាំនៅស្នងការដើម្បីសួរនាំហើយបានរាយការណ៍ជូនព្រះរាជអាជ្ញាផងដែរ»។
លោកបន្តបន្ថែមថាម៉ាស៊ីនអារឈើចំនួន ៥ គ្រឿងត្រូវបានដកហូតពីជនសង្ស័យ។ ចំណែកឯត្រាក់ទ័រទាំង ៥ គ្រឿងគឺទុកនៅក្នុងព្រៃដោយសារតែពិបាកដឹកជញ្ជូនយកចេញពីព្រៃ ហើយព្រៃដែលពួកគេកំពុងតែប្រព្រឹត្តបទល្មើសនោះអាចស្ថិតក្នុងដីរបស់ក្រុមហ៊ុនជាំងលី (Jingly) និងក៏ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ។
លោក សុវណ្ណ ប៊ុនថៃ អ្នកសម្របសម្រួលសហគមន៍របស់អង្គការលីកាដូប្រចាំខេត្តរតនគិរីបានឲ្យដឹងថាលោកបានទទួលសេចក្តីរាយការណ៍ជាច្រើនករណីពីសហគមន៍ទាក់ទងទៅនឹងបទល្មើសព្រៃឈើដែលប្រព្រឹត្តដោយជនជាតិវៀតណាម ពិសេសគឺនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមដូចនៅក្នុងភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ និងភូមិតំាងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស។ ប៉ុន្តែវិធានការបង្រ្កាបរបស់អាជ្ញាធរមានសមត្ថកិច្ចគឺមិនសូវមានប្រសិទ្ធភាពនោះទេ។
ទោះយ៉ាងណាក៏ដោយលោក ញ៉ែម សំអឿន អ្នកនាំពាក្យសាលាខេត្តរតនគិរីបានថ្លែងថាបទល្មើសព្រៃឈើដែលប្រព្រឹត្តដោយជនជាតិវៀតណាមនេះមិនមានច្រើនករណីនោះទេ គឺជនល្មើសបានឆ្មក់ចូលម្តងម្កាលប៉ុណ្ណោះ នៅពេលដែលចន្លោះកម្លាំងល្បាត ឬនៅកន្លែងដែលមានភូមិសាស្ត្រស្មុគស្មាញដែលកម្លាំងល្បាតពិបាកធ្វើដំណើរចូល។
លោក សំអឿន បានបន្តថាអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតែសួរចម្លើយជនសង្ស័យពីមូលហេតុដែលពួកគេអាចឆ្លងដែនចូលកាប់ឈើបានដូចនោះ។
លោក សំអឿន ថ្លែងថា៖ «វាមាន មិនអាចមានច្រើនករណីទេ។ ពេលកម្លាំងឃើញចាប់ហើយ។ យើងចាប់បានត្រូវបានស្រាវជ្រាវមើល។ យើងត្រូវសួរចម្លើយថា ហេតុអីបានអាចចូលមកដល់ហ្នឹងបាន ព្រោះអីរឿងខ្លះក៏មិនពិតដែរ ដែលចោទប្រកាន់កម្លាំងមួយចំនួននោះ។ យើងចង់បានចម្លើយពិតមួយ»។
លោក លីវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីបានមានប្រសាសន៍ថាជនជាតិវៀតណាមទាំងនោះមិនទាន់ត្រូវបានបញ្ជូនទៅតុលាការនោះទេកាលពីរសៀលថ្ងៃម្សិលមិញដោយសារតែសមត្ថកិច្ចមិនទាន់បញ្ចប់ការសាកសួរពួកគេគ្រប់គ្នាចប់៕