មន្ត្រី​បក្ស​សង្គ្រោះជាតិ​ថា ​មិន​ចាំបាច់​ផ្លាស់ប្ដូរ​ពាក្យ​ស្លោក

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក។ ហេង ជីវ័ន

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ពាក្យ​ស្លោក​នយោបាយ «ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ» នោះ​គណបក្ស​មិន​ចាំបាច់​ផ្លាស់ប្តូរ​​ទេ ខណៈ​ពាក្យ​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​គោលនយោបាយ​របស់​បក្ស​នោះ​​​។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ (CNRP) លោក អេង ឆៃអ៊ាង​ និង​លោកស្រី​ មូរ សុខហួរ ​បាន​បញ្ជាក់​​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​មាន​គម្រោង​ផ្លាស់ប្តូរ​ពាក្យ​ស្លោក​នយោបាយ​នេះ​ទេ​ដោយសារ​​វា​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ដើម្បី​ដាក់​ជា​ផ្លូវការ​ទៅ​ក្នុង​គោល​នយោបាយ​​គណបក្ស​​ពេល​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​ ២ ខែ​មីនា ​នៅ​ឡើយ​ទេ ​​ដោយ​លោក​​ថា ​គណបក្ស​សង្គ្រោះជាតិ​គ្រាន់​តែ​បាន​អនុម័ត​នូវ​គោលនយោបាយ​អាទិភាព​ចំនួន​ ៥ ​ចំណុច​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​យុទ្ធនាការ​នយោបាយ​តែ​ប៉ុណ្ណោះ​ហើយ​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ» គ្រាន់តែ​បាន​លើក​ឡើង​ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​ប៉ុណ្ណោះ​។

លោក​ ឆៃអ៊ាង បាន​បន្ត​ថា៖ «ពាក្យ​ស្លោក​នេះ​អ្នក​ណា​ចង់​ប្រើៗ​​ចុះ​។ ដូច្នេះ​ពាក្យ​ស្លោក​ «ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ» យើង​មិន​ត្រូវ​ការ​អត្ថាធិប្បាយ​ ឬ​ពន្យល់​នោះ​ទេ​ពីព្រោះ​ពួកគេ [សកម្មជន] ​យល់​ដោយ​ខ្លួនឯង​អំពី​ពាក្យ​ស្លោក​នេះ។ ​ដូច្នេះ​អ្វី​ដែល​គណបក្ស​ត្រូវ​ផ្តោត​គឺ​គោលនយោបាយ​ជា​អាទិភាព​»។ «ចំណែកឯ​ពាក្យ​ស្លោក​អ្នក​គាំទ្រ​ប្រើៗ​ទៅ​។ នេះ​ជា​សិទ្ធិ​សេរីភាព​របស់​គាត់។ គណបក្ស​មិន​បង្ខំ​ មិន​ជំរុញ​ថា​ត្រូវ​តែ​ប្រើ​ ឬ​មិន​ប្រើ​នោះ​ទេ។​ បង្ខំ​យើង​មិន​បង្ខំ​ឲ្យ​ប្រើ​ទេ។ ហាមឃាត់​ក៏​យើង​មិន​ហាម​ឃាត់​ទេ​។ នេះ​ជា​សេរីភាព​របស់​អ្នក​គាំទ្រ»​។

លោក ឆៃអ៊ាង បាន​បន្ថែម​ថា​ពាក្យ​ស្លោក​នោះ​គឺ​មិន​ចាំបាច់​ផ្លាស់ប្តូរ​ ឬ​​ផ្លាស់ប្តូរ​គឺ​វា​អាស្រ័យ​ទៅលើ​ប្រជាជន​។ លោក​ថា​បើ​ទោះបី​ជា​តុលាការ​បង្ខំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លាស់ប្តូរ​ពាក្យ​ស្លោក​នេះ​ក៏​គណបក្ស​មិន​ដឹង​ថា​ផ្លាស់ប្តូរ​យ៉ាង​ម៉េច​ដែរ​ពី​ព្រោះ​វា​មិន​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​គោលនយោបាយ​ទេ​។

លោកស្រី​ មូរ សុខហួរ ក៏​បាន​ថ្លែង​ដែរ​​ថា៖ «ជំហរ​របស់​យើង​គឺ​នៅ​ដដែល​នាពេល​នេះ។

យើង​មិន​ផ្លាស់ប្តូរ​ពាក្យ​ស្លោក​នេះ​ទេ​គឺ​ពាក្យ​ស្លោក​គ្រាន់តែ​ជា​ពាក្យ​ស្លោក។ គោល​នយោបាយ​បក្ស​គឺ​គោល​នយោបាយ​បក្ស​។ ពាក្យ​ស្លោក​នេះ​យើង​មិន​ដែល​ធ្វើ​ឲ្យ​រីក​សាយ​​នោះ​ទេ។ ​យើង​មិន​ដែល​​ដើរ​ និង​ប្រកាស​អំពី​ពាក្យ​ស្លោក​នេះ​ទេ​»។

លោកស្រី​បាន​បញ្ជាក់​ថា៖ ​«ពាក្យ​ស្លោក​គឺជា​ពាក្យ​ស្លោក​គោលនយោបាយ​គឺជា​គោលនយោបាយ​វា​មិន​ជាប់​ពាក់ព័ន្ធ​គ្នា​ទេ» ហើយ​​សូម្បី​តែ​នៅ​ក្នុង​ឯកសារ​ក៏​មិន​ទាន់​បាន​ព្រីន​ពាក្យ​ស្លោក​នេះ​សម្រាប់​ការ​ឃោសនា​ដែរ​។

នៅពេល​ទាក់ទង​ពី​ម្សិលមិញ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (​CPP)​ ​លោក​ សុខ ឥសាន បាន​ថ្លែង​ថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ដូច្នោះ​មាន​ន័យ​ថា​មិន​មាន​ឆន្ទៈ​ដើម្បី​ដក​ពាក្យ​ស្លោក​នេះ​ចេញ​ទេ​ហើយ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​គឺ​គណបក្ស​ប្រជាជន​មិន​ទាន់​ជឿ​នៅ​ឡើយ​ទេ។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​យល់​ទេ​រង់ចាំ​សួរ​យោបល់​ពី​មេដឹកនាំ​របស់​ខ្ញុំ​ជា​មុន​សិន។

ប្រសិន​បើ​គាត់ [គណបក្ស​សង្គ្រោះជាតិ] ​បាន​ធ្វើ​ដូច​នេះ​គឺ​គាត់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដក [ពាក្យ​ស្លោក​] នេះ​ចេញ​ទេ។ ដូច្នេះ​យើង​​មិន​ទាន់​មាន​គោលការណ៍​ជាក់លាក់​ដើម្បី​ជឿជាក់​ឲ្យ​បាន​ច្បាស់លាស់​ទេ​ ដោយសារ​តែ​គាត់​និយាយ​ម្តង​ឆ្វេង​ម្តង​ស្តាំ»។

លោក​ សុខ​ ឥសាន​ បាន​បន្ថែម​​ថា​គណបក្ស​ប្រជាជន​មិន​អាច​បង្ខំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ផ្លាស់ប្តូរ​ពាក្យ​ស្លោក​នេះ​​ទេ​ ប៉ុន្តែ​ដោយ​ផ្អែក​លើ​ការ​ពិត​គណបក្ស​ប្រជាជន​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​កែ​តម្រូវ​ពាក្យ​ស្លោក​នេះ​។

គួរ​រំឭក​ដែរ​ថា​នៅ​ក្រោយ​ពេល​មាន​ការ​លេចចេញ​នូវ​សារ​នយោបាយ​នេះ​មាន​មេឃុំ-សង្កាត់​មកពី​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​បាន​ចេញ​មុខ​តវ៉ា និង​ថ្កោលទោស​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​ដោយ​មាន​ហៅ​សារ​នេះ​ថា​ជា​ការ​ប្រមាថ និង​មើល​មិន​ឃើញ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​កន្លង​មក៕ NS

What Next?

Recent Articles