សកម្មជនបក្សប្រឆំាងនៅជប៉ុន​ចេញលិខិត​សុំទោសសព លោក សុខ អាន​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 4:08 PM
http://vodhotnews.com

សិទ្ធិមនុស្ស

លោក សុខ អាន កាលពីពេលកន្លងទៅ


សកម្មជនបក្ស​ប្រឆំាង​មួយរូប​នៅប្រទេសជប៉ុន​បាន​ផ្ញើលិខិតទៅអ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​បង្ហោះ​លិខិតនោះ លើហ្វេសប៊ុក​សុំទោសជាសាធារណៈ ដោយថាខ្លួនបានប្រើពាក្យ​ប្រមាថ​ទៅ​លើ​សព​លោក សុខ អាន ខណៈ លោក ផៃ ស៊ីផាន ព្រមានចាត់វិធានការច្បាប់​លើបុគ្គលរូប​នោះ​។

លោក សុខ អាន ជារដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ​មន្ត្រី ដែលទើប​ទទួលបានគោរមងារជា «​សម្តេច​វិបុលបញ្ញា» បាន​​ទទួលមរណភាព​នៅថ្ងៃទី១៥ ខែ​មីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយ​រោគាពាធ នៅ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង នៃប្រទេស​ចិន។ ក្រោយពីទទួលមរណភាព សកម្មជនបក្សប្រឆំាងលោក ហៃ វណ្ណា បានបញ្ចេញ​មតិលើហ្វេសប៊ុក​លោក​ និង​បាន​បង្ហោះ​រូប​ថត​លោក សុខ អាន ភ្ជាប់​ជា​មួយ​អក្សរ​ថា Rest in Hell ឬ​ជា​ភាសា​ខ្មែរ​ថា សូម​ទៅ​កាន់​ឋាន​នរក។

នៅថ្ងៃទី២០ មីនានេះ លោក ហៃ វណ្ណា ប្រាប់VODថា លោក​បាន​ធ្វើលិខិតមួយផ្ញើតាមរយៈអ៊ីម៉ែលទៅ​អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន និងបង្ហោះឯកសារនោះលើហ្វេសប៊ុក​របស់លោក ដើម្បី​សុំទោសសពលោក សុខ អាន ដោយថាខ្លួនពិតជាបានប្រមាថនិងធ្វើឲ្យប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិ​យស​នៃ​សព។ លោក​និយាយថា «ជាដំបូង​ខ្ញុំចង់ផ្ញើសារទៅមន្ត្រីធំៗមួយចំនួន​ ចេះកែខ្លួននៅពេលដែល​គាត់​កំពុង​​មានអាយុជីវិតរស់នៅលើភពផែនដី ប៉ុន្តែដោយសារតែពាក្យពេចន៍ដែលខ្ញុំប្រើទៅ​វាមាន​លក្ខណៈ​​ធ្ងន់​ពេក ខ្ញុំសំរេចចិត្តថា​ ខ្ញុំបានធ្វើកំហុស​ ហើយខ្ញុំបានធ្វើការ​សុំទោសជាសាធារណៈទៅលោក ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី​»។

ទោះជាយ៉ាងណាលោក ហៃ វណ្ណា បានបញ្ជាក់ថា មិនទាន់មានការ​ឆ្លើយតបពីលោក ផៃ ស៊ីផាន នៅឡើយ។

VOD បានផ្ញើសារទៅសួរលោក ផៃ ស៊ីផាន តាមហ្វេសប៊ុក និងទូរសព្ទចូលច្រើនដង តែលោកមិនបាន​ឆ្លើយតបឡើយ។ប៉ុន្តែលោក ផៃ ស៊ីផាន បានប្រាប់ប្រព័ន្ធផ្សាយមួយចំនួនថាលោកមិនអត់ទោសឲ្យនោះទេ។

កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា​នេះ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​សីហា ដែល​តែង​តែ​ទម្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​របស់​ក្រុម​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នោះ បាន​បង្ហោះ​សំឡេង​សន្ទនា​តាម​ទូរសព្ទ​រវាង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លឹម គឹមយ៉ា និង​អគ្គលេខាធិការ​រង​ព្រឹទ្ធ​សភា លោក ហ៊ី យឿន ដែលថា​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ បាន​ប្រមាថ​មើល​ងាយ​ដល់​សព​លោក សុខ អាន។ ក្រោយមក​មន្ត្រីបក្សប្រឆំាងទំាងពីរនាក់ បាន​ធ្វើលិខិតសុំទោសគ្រួសារសព៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles