ដោយ យ៉ង ចាន់តារា
2017-03-21
RFA

អ្នកនេសាទសហគមន៍ត្រើយកោះ ក្រុងកំពត ខេត្តកំពត រៀបចំទូកចេញទៅនេសាទ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ RFA/Vohar Cheath
សមត្ថកិច្ចជំនាញជលផលខេត្តកំពត កំពុងបំពេញនីតិវិធីតាមច្បាប់ស្ដីពីជលផល ដើម្បីផាកពិន័យប្រជានេសាទជនជាតិវៀតណាម ដែលបានឆ្លងចូលនេសាទក្នុងដែនសមុទ្រទឹករាក់នៃខេត្តកំពត។ ប្រជានេសាទនៅខេត្តកំពត សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចទៅលើអ្នកនេសាទជនជាតិវៀតណាម នេះ ហើយស្នើឲ្យចំណាត់ការនេះត្រូវធ្វើឡើងឲ្យបានទៀងទាត់។
នាយខណ្ឌរដ្ឋបាលជលផលកំពត លោក ស សុរិន បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី២១ មីនា ថា សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ស្ដីពីជលផលចំពោះប្រជានេសាទវៀតណាម ចំនួន ១៦នាក់ដែលត្រូវបានឃាត់ខ្លួន។ លោកបញ្ជាក់ដោយខ្លីថា សមត្ថកិច្ចនឹងពិន័យអ្នកទាំងនោះតាមច្បាប់ តែមិនបញ្ជូនទៅតុលាការនោះទេ ព្រោះឧបករណ៍នេសាទរបស់អ្នកទាំងនោះមិនដល់ថ្នាក់ត្រូវបញ្ជូនទៅតុលាការឡើយ។
ទោះបីជាយ៉ាងណា មន្ត្រីជំនាញរូបនេះមិនបានបញ្ជាក់ថា នឹងត្រូវផាកពិន័យប្រជានេសាទវៀតណាម ទាំងនោះចំនួនប៉ុន្មាននោះទេ៖ «យើងធ្វើតាមច្បាប់ស្ដីពីជលផល។ យើងអនុវត្តទៅតាមនីតិវិធីច្បាប់ ក៏ប៉ុន្តែការប្រើឧបករណ៍នេះវាមិនពាក់ព័ន្ធបញ្ជូនទៅតុលាការ ដូចការប្រើឧបករណ៍ឆក់ទេ»។
កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅ សមត្ថកិច្ចជំនាញជលផល សហការជាមួយជំនាញពាក់ព័ន្ធផ្សេងទៀត បានចុះបង្ក្រាបបទល្មើសនេសាទប្រព្រឹត្តដោយប្រជានេសាទវៀតណាម ចំនួន ៤ទូកនៅភូមិសាស្ត្រសមុទ្រខេត្តកំពត។ ក្រុមសមត្ថកិច្ចចាប់បានទូកនេសាទចំនួន ៣គ្រឿង និងឃាត់ខ្លួនអ្នកនេសាទវៀតណាម ចំនួន ១៦នាក់។
ប្រជានេសាទជនជាតិចាម នៅសង្កាត់ត្រើយកោះ ក្រុងកំពត លោក ម៉ាត់ សុះ សាទរចំពោះចំណាត់ការរបស់ក្រុមសមត្ថកិច្ចទៅលើក្រុមអ្នកនេសាទវៀតណាម ដែលតែងឆ្លងចូលមកនេសាទក្នុងដែនទឹករាក់នៃសមុទ្រខេត្តកំពត ក៏ប៉ុន្តែអ្នកនេសាទរូបនេះចង់ឃើញការអនុវត្តរបស់សមត្ថកិច្ច ត្រូវធ្វើឡើងឲ្យបានទៀងទាត់ និងមានប្រសិទ្ធភាព៖ «ជាការត្រេកអរណាស់ដែលសមត្ថកិច្ចខំប្រឹងការងារបានច្រើន ហើយទទួលលទ្ធផលបានល្អដែរ ប៉ុន្តែខ្ញុំសូមសំណូមពរទៅអនាគតទៅ ឲ្យ (សមត្ថកិច្ច) ខំធ្វើការងារឲ្យបានស្អិតល្មួត និងហ្មត់ចត់ ហើយនិងព្យាយាមបានច្រើនទៅទៀត»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត លោក ហេង ភារៈ គាំទ្រចំពោះការផាកពិន័យអ្នកនេសាទជនជាតិវៀតណាម ដែលប្រើឧបករណ៍ខុសច្បាប់ ស្របតាមច្បាប់ជលផល ក៏ប៉ុន្តែលោកស្នើសមត្ថកិច្ចតាមដានករណីនេះឲ្យបានជាប់លាប់ ហើយបើរកឃើញថា ក្រុមអ្នកនេសាទវៀតណាម នោះមិនរាងចាលទេ សមត្ថកិច្ចគួរតែបញ្ជូនពួកគេទៅតុលាការ។
លោកក៏ស្នើដល់អាជ្ញាធរ ឲ្យទប់ស្កាត់បទល្មើសនេសាទសមុទ្រនេះឲ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀសទំនាស់ដែលអាចកើតមានឡើងរវាងក្រុមអ្នកនេសាទខ្មែរ និងវៀតណាម៖ «ភាគីវៀតណាម ដែលមានទូកធំៗមកអូសក្នុងដែនទឹករាក់នេះ ធ្វើឲ្យប្រជាពលរដ្ឋក្រីក្រមានទូកតូចតាចនេះមិនអាចប្រកបរបរចិញ្ចឹមជីវិតបាន។ ទីពីរ ធ្វើឲ្យខូចខាត ឬក៏បំផ្លាញកូនត្រី កូនបង្គា ធ្វើឲ្យបាត់បង់នូវធនធានសមុទ្រហ្នឹង បើសិនជានៅតែមានការប្រព្រឹត្តបែបហ្នឹង ហើយទៅថ្ងៃខាងមុខវាអាចនាំឲ្យជម្លោះកាន់តែកើតឡើងកាន់តែខ្លាំង អាចឈានដល់ការប្រើអំពើហិង្សាកាន់តែខ្លាំងឡើងៗ»។
ប្រជានេសាទនៅខេត្តកំពត អះអាងថា បទល្មើសនេសាទសមុទ្រនៅភូមិសាស្ត្រខេត្តកំពត កើតមានកាន់តែខ្លាំងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ហើយជាញឹកញាប់ ក្រុមអ្នកនេសាទជនជាតិវៀតណាម ដែលមានមូលដ្ឋាននៅកោះត្រល់ តែងចូលមកនេសាទយ៉ាងជ្រៅក្នុងដែនទឹកកម្ពុជា ហើយតែងប៉ះទង្គិចជាមួយពួកគាត់។ ការប៉ះទង្គិចភាគច្រើន ប្រជានេសាទខ្មែរជាអ្នករងគ្រោះធ្ងន់ធ្ងរជាង ដោយសារក្រុមជនជាតិវៀតណាម មានទូកធំជាង និងមានឧបករណ៍ច្រើនជាង។ ជាក់ស្តែង កាលពីឆ្នាំ២០១៥ កន្លងទៅ បុរសម្នាក់ឈ្មោះ ឌុល អៃយ៉ូប ដែលជាកម្មករទូកនេសាទនៅសង្កាត់ត្រើយកោះ ក្រុងកំពត ត្រូវបានអ្នកនេសាទជនជាតិវៀតណាម សម្លាប់ រួចបោះសពចោលទៅក្នុងទឹកសមុទ្រ។
ផ្ដើមចេញពីបញ្ហាទាំងនេះហើយ ដែលធ្វើឲ្យប្រជានេសាទរាប់រាយនាក់នៅខេត្តកំពត បានប្រមូលផ្តុំគ្នាតវ៉ា និងបិទផ្លូវនៅគល់ស្ពានព្រែកកំពត កាលពីដើមខែមីនា កន្លងទៅ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្ត ចាត់វិធានការចំពោះក្រុមអ្នកនេសាទជនជាតិវៀតណាម ដែលបានឆ្លងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា។
ប្រជានេសាទ លោក ម៉ាត់ សុះ បញ្ជាក់ថា តាំងពីផ្ទុះការតវ៉ាមក នេះជាករណីទីមួយហើយដែលមានក្រុមប្រជានេសាទវៀតណាម ចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ហើយត្រូវបានអាជ្ញាធរខ្មែរចាត់វិធានការភ្លាមៗ។ លោកសង្ឃឹមថា អាជ្ញាធរនឹងអនុវត្តបែបនេះទៅថ្ងៃមុខទៀត ដើម្បីថែរក្សាធនធានក្នុងសមុទ្រសម្រាប់ប្រជានេសាទនៅខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
បទល្មើសនេសាទនៅតំបន់ខ្លះនៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង កើតឡើងវិញ
-
អ្នកនេសាទសមុទ្រនៅព្រះសីហនុបន្តបារម្ភខ្លាចបាត់បង់ផ្ទៃបឹងកង្កែប
-
មន្ត្រីខេត្តកំពង់ឆ្នាំងប្រកាសប្រើវិធានការក្ដៅក្នុងការបង្ក្រាបបទល្មើសនេសាទ
-
ប្រជានេសាទថាការចុះបញ្ជីជលយានមិនអាចទប់ស្កាត់បទល្មើសនេសាទបានទេ
-
ប្រជានេសាទខេត្តកំពតតវ៉ាប្រឆាំងនឹងជនជាតិវៀតណាមចូលនេសាទក្នុងសមុទ្រខ្មែរ
-
មនុស្សជាង១០នាក់រួមគ្នាអភិរក្សសហគមន៍នេសាទមួយនៅខេត្តបន្ទាយមានជ័យ
-
ពលរដ្ឋខេត្តកំពង់ឆ្នាំងចង់ឲ្យរដ្ឋាភិបាលរក្សាភាពម៉ឺងម៉ាត់ក្នុងបង្ក្រាបបទល្មើសនេសាទ
-
បទល្មើសនេសាទនៅបឹងខ្សាច់សខេត្តព្រៃវែងថយចុះក្រោយអាជ្ញាធរចុះបង្ក្រាប
-
អភិបាលខេត្តព្រះសីហនុ៖ ការបូមខ្សាច់អភិវឌ្ឍន៍កំពង់ផែមិនប៉ះពាល់របរចិញ្ចឹមត្រីនិងនេសាទ
-
ពលរដ្ឋខេត្តកំពង់ឆ្នាំងជាង១០០នាក់ផ្ដិតមេដៃប្ដឹងប្រធានសហគមន៍នេសាទ