សមា​ជិក​សភាអាស៊ានព្រមានពី​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​លើ​ប្រជាធិបតេយ្យ​កម្ពុជា

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 5:53 PM
http://vodhotnews.com

សិទ្ធិមនុស្ស


សមាជិក​សភាសិទ្ធិ​មនុស្ស​អាស៊ានព្រមាន​ពី​ស្ថានការ​ណ៍នយោបាយ​កម្ពុជា ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នាពេល​​​បច្ចុប្បន្ន ដោយថា​បាន​​ធ្វើ​ឲ្យ​ប្រជា​ធិបេតយ្យ​ដ៏​ផុយ​ស្រួយ​របស់​កម្ពុ​ជា ធ្លាក់​ទៅកាន់​របប​ផ្តាច់​ការ​ ប្រសិន​ជា​គ្មានការ​អន្តរាគមន៍​ពីអន្តរជាតិ។

កាល​ពី​ថ្ងៃ​ចន្ទម្សិល​មិញ សមាជិក​សភា​សិទ្ធិមនុស្ស​អាស៊ានដែល​មក​ពី​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ភីលីពីន ​​​បានជួបប្រជុំគ្នានៅថៃ។

តាមគេហទំព័ររបស់សមាជិកសភាសិទ្ធិមនុស្សអាស៊ាន ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ​ ពួកគេបានព្រមានពីសកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ថា​បាន​ធ្វើ​បុក្ខទុក​ម្នេញទៅ​លើ​អ្នក​មិន​​គាំទ្រ​ខ្លួន អ្នក​ការពារសិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ច្បាប់​ដែល​មាន​ភាព​ចម្រូងចម្រាស់​មុន​ពេល​បោះ​ឆ្នោត​ខាង​មុខ។ពួកគេ ចាត់ទុក​ថា ការណ៍នេះ​បាន​ធ្វើ​ឲ្យមានផល​ប៉ះ​ពាល់​ដល់​ស្ថាប័នស្នូល​របស់​ជាតិ និង​លិទ្ធិ​ប្រជា​ធិបេតយ្យ​ដ៏​ផុយ​ស្រួយ​របស់កម្ពុជា។

ពួកគេ​បន្ថែម​ថា​ចាប់​តាំង​ពី​បក្ស​ធំ​ៗ​ទាំង​ពីរ​បាន​បែកបាក់​គ្នា​នៅ​ពាក់​កណ្តាលឆ្នាំ​២០១៥ ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​​ជា​លក្ខណៈនយោបាយ​ ជា​ច្រើន​បាន​កើត​ឡើង​លើ​បក្ស​ប្រឆាំង​រាប់​ចាប់​តាំង​ពី ការ​ចាប់​ឃុំខ្លួន​មន្ត្រីបក្ស​ប្រឆាំងយ៉ាង​តិច​១៥នាក់ និង​ ការប្រើ​ហិង្សា​​ទៅ​លើ​សមាជិក​សភាបក្ស​ប្រឆាំង​នៅ​មុខ​សភា​ជាដើម។

សមាជិកសភាសិទ្ធិ​មនុស្ស​អាស៊ាន លោក តូមាស៊ីតូ វីឡារីន ត្រូវ​បាន​គេ​ស្រង់​សំដី​ថា៖ «ការ​វាយ​ប្រហារ​លើ​សមា​ជិក​សភាបាន​បង្ហាញឲ្យ​កាន់តែច្បាស់​ថា មិន​មែន​សំដៅ​ទៅ​លើ​​តែ​បក្ស​នយោបាយ​ប្រឆាំង​ទេ តែ​សំដៅសមាជិក​សង្គម​ស៊ីវិលទាំង​អស់។ ប្រសិន​ជា​ពួក​គេអាច​ធ្វើ​បែប​នេះ​ទៅ​លើ​អ្នក​ដែល​តំណាង​ប្រជាជន​ដែល​អង្គុយ​ក្នុង​សភា គិត​មើលទៅ​ថា​ពួកគេ​ប្រាកដ​ជា​អាច​ធ្វើ​បែប​ហ្នឹង​ទៅ​លើ​ជន​ជាតិ​ខ្មែរ​គ្រប់​រូប ដូច​​អ្វី​ដែល​សង្គម​ស៊ីវិលកំពុង​ជួបប្រទះ​ដែល​យើងឃើញ​ស្រាប់​ហើយ»។

សមាជិក​សភាអាស៊ានពីប្រទេសម៉ាឡេស៊ី លោក ឆាលេស៍ សាន​ទីអេហ្គូរ ត្រូវ​បា​ន​គេ​ដកស្រង់​សំដីថា៖ «អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជាគឺ​វា​បាន​ប្រកាស​អាសន្ន​ដល់​តំបន់​ទាំង​មូល។ ហើយ​វា​ជា​ករណី​សិក្សា​មួយពី​របៀប​ដែល​បក្ស​កាន់​អំណាចមួយ​រក្សា​អំណាច​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ និង​អស្ថេរភាព​លើ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋទាំង​អស់»។

ខណៈដែល​ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ក្រុម​សមាជិក​សភាសិទ្ធិមនុស្ស​អាស៊ាន ថា​ការ​គំរាម​កំហែងទាំង​អស់​នេះគឺ​កំពុង​បន្ត បូក​រួម​ទាំង​ការ​ធ្វើ​ច្បាប់​ស្តីពីបក្ស​នយោបាយ​នោះ​វា​ហាក់​បាន​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​បច្ចប្បន្ន​កំពុង​ត្រៀម​ដឹក​នាំ​ប្រទេស​តែ​ម្នាក់​ឯង​នាពេល​អនាគត​។ ហើយ​ពួកគេ​កាន់តែ​ប្រាកដ​ទៀត​ប្រសិន​ជាអន្តរជាតិ ក៏ដូចជាអាស៊ាន បរាជ័យ ក្នុង​ការ​រារាំង​​សកម្មភាព​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នាពេល​បច្ចប្បន្ននេះ​។

អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុជាលោក សុខ ឥសាន ថា​លោក​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​លើក​ឡើង​របស់​សមាជិក​សភាសិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ទេ ដោយ​លោក​ថាអ្នក​ដែល​លើក​ឡើងនោះ​គឺ​ចេញ​មក​ពី​សមាជិក​សភាបក្ស​ប្រឆាំងនៃ​ប្រទេសជា​សមាជិក។ ចំពោះ​ការ​ដែល​ថាចង់​ឲ្យ​មាន​សម្ពោធ​អន្តរជាតិ​ទៅ​លើរដ្ឋាភិបាល​កម្ពុជា​នោះ លោក សុខ ឥសាន​ ថា​មិនមានឥទ្ធិពលនោះទេ។

លោក​ថា៖ «ទោះ​បី​ជា​គាត់​និ​យាយ​​ថា​អង្គការ​សភាអាស៊ាន។ អង្គការ​សភាអាស៊ានហ្នឹង​សុទ្ធតែ​ពួកប្រឆាំង​ទេ តាម​ប្រទេស​មួយ​ៗ​ហ្នឹង​​គេ​ប្រមូល​ផ្តុំគ្នា​ខ្លាចបាត់​មុខ​ពីតួនាទី​របស់​ខ្លួន​ហ្នឹង​បង្កើត​មក​អ្នកប្រឆាំង​ៗ​បូក​បញ្ជូល​គ្នា​មក​កើត​ជា​អង្គសភា​ហ្នឹង​ឡើង។ អញ្ចឹង​គាត់​និយាយ​មកវា​មាន​ទឹក​មាត់​ឯណា​យក​មក​ឲ្យ​យើង​ចាប់​អារម្មណ៍នោះ»។

អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​រដ្ឋា​ភិ​បាល​​តែ​ង​ប្រតិកម្ម​មិន​ចាប់​អារម្មណ៍ ឬ​ក៏​វាយ​បក​​ទៅ​លើ​អ្វី​ដែល​គេ​បាន​រិះគន់​ខ្លួនបែប​នេះ ព្រោះវាជា​សិទ្ធិ​របស់​រដ្ឋក្នុង​ការ​ទទួល​យក​ឬ​បដិសេធការ​រិះគន់​នេះ។ តែ​លោក​ថា​ប្រសិន​រដ្ឋាភិបាលកម្ពុជា​នៅ​តែ​​មិន​ទទួល​យកមក​ពិ​ចារណា​នូវ​ការ​រិះគន់​ទាំង​នេះ​វា​រិតតែ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត។ លោក​ថា ការ​មិន​ទទួល​មក​ពិចារណា​របស់​បក្ស​កាន់​អំណាច​ចំពោះ​ការ​លើក​ឡើង​របស់​អន្តរជាតិ នេះ​ បង្ហាញ​ថាកម្ពុជា​កាន់ងាកទៅរក​ចិន។

លោក​ថា៖ «អា​នេះ​វា​អាស្រ័យ​ទៅលើជំហររបស់​រដ្ឋាភិបាល គាត់​ប្រុង​ដើរ​មក​លើផ្លូវ​មួយ​ដែល យក​លិទ្ធិ​ប្រជាធិបតេយ្យ​ជា​គាត់​អាហ្នឹង​គាត់​ប្រហែល​ជា​យក​ពិ​ចារណា​ហើយ​។ ក៏​ប៉ុន្តែ​ប្រសិន​ជារដ្ឋាភិបាល​គាត់​ធ្វើ​ដំណើរ​ទៅកាន់​ស្ថាន​ភាព​មួយ​ដែលគាត់​លំអៀងទៅលើ​មនោគមន៍​វិជ្ជារបស់​ចិន អា​នោះយើង​នឹង​អាច​មាន​បញ្ហា​កើត​មាន​ដែរទៅ​ថ្ងៃ​ខាង​មុខ។ អញ្ចឹង​វា​អា​ស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាលដឹក​នាំ​ប្រទេសកម្ពុជា​យើង​ថា​នៅ​ខាង​ឆ្វេង​ឬ​ខាង​ស្តាំ»។

ស្ថាន​ការ​ណ៍នយោបាយ​ចុងក្រោយ​របស់​កម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកតាមដានសង្គមយល់ថា ​បាននិង​កំពុង​ធ្វើ​ឲ្យ​អន្តរ​ជាតិព្រួយ​បារម្ភ ជា​ពិសេស​​បន្ទាប់​ពីបក្សកាន់​អំណាច​អនុម័ត​ច្បាប់​ស្តីពី​បក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស ដែលធ្វើ​ឲ្យ​​ពួកគេ​យល់​ថារដ្ឋាភិបាល​កំពុងត្រៀមដឹក​នាំប្រទេស​តែ​មួយ​បក្ស​នាពេល​អនាគត៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles