ដោយ ហ៊ុំ ចំរើន
2017-03-21
RFA

ពន្ធនាគារខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។ RFA/Hum Chamroeun
![]()
អ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ចោទប្រកាន់មន្ត្រីពន្ធនាគារខេត្តនេះ ថាវាយធ្វើទារុណកម្មអ្នកទោសបុរសដូចសត្វធាតុស្ទើររៀងរាល់ថ្ងៃ។ ពួកគាត់អំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គការពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងចាត់វិធានការជាបន្ទាន់។ ប៉ុន្តែប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយថាជារឿងមិនពិតឡើយ។
ពិរុទ្ធជននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃការរស់នៅរបស់ពួកគេក្នុងពន្ធនាគារមួយនេះ។
ក្រុមអ្នកជាប់ឃុំនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី២១ មីនា ថា ចាប់តាំងពីប្រធានពន្ធនាគារថ្មីចូលកាន់តំណែងអំឡុងចុងឆ្នាំ២០១៦ មក គឺបានរឹតបន្តឹងសេរីភាពដល់អ្នកទោសនៅក្នុងពន្ធនាគារ ជាពិសេសមន្ត្រីពន្ធនាគារ តែងធ្វើទារុណកម្មទៅលើអ្នកទោសបុរសដូចសត្វធាតុ មានជាអាទិ៍ វាយក្បាលនឹងស្បែកជើង ទាត់ ធាក់ និងទះកំផ្លៀងជាដើម កើតមានស្ទើររៀងរាល់ថ្ងៃ។
ពួកគាត់អះអាងថា ការវាយធ្វើបាបអ្នកទោសនេះ នៅពេលណាដែលមន្ត្រីទាំងនោះរកឃើញថា ពួកគេមានកំហុសអ្វីមួយកើតឡើងនៅក្នុងពន្ធនាគារ ដោយពេលខ្លះវាយរហូតដល់អ្នកទោសរបួសហូរឈាមតាមរាងកាយក៏មាន។ ពួកគាត់បន្ថែមថា ក្រៅអំពីនេះ នៅពេលដែលអ្នកទោសត្រូវការទឹកផឹកម្ដងៗ ចាំបាច់ត្រូវទិញទឹកពីមន្ត្រីពន្ធនាគារក្នុងតម្លៃថ្លៃជាងខាងក្រៅពាក់កណ្ដាល ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់អ្នកទោសដែលមានជីវភាពខ្វះខាតយ៉ាងខ្លាំង៖ «នៅពេលសួរចម្លើយ គេយកខ្សែភ្លើងដំបងឆក់ខ្នងអ្នកទោសឲ្យឆ្លើយសារភាព ហើយនៅពេលអ្នកទោសមិនព្រមឆ្លង គេវាយសន្លប់ ២ ទៅ ៣ដងក្នុងមួយថ្ងៃ។ អ្នកណាមានលុយ គេបានចេញទៅណាមកណាមានសិទ្ធិសេរីភាពច្រើនជាងយើង ចំណែកយើងគេមិនឲ្យដើរចេញទៅណា សូម្បីតែប្ដីប្រពន្ធសុំជួបគ្នា ក៏មិនឲ្យជួបគ្នាដែរ។ សូមសំណូមពរកុំឲ្យវាយធ្វើបាបអ្នកទោស បើមានអ្នកទោសណាធ្វើខុស គួរតែដាក់ពិន័យឲ្យជាប់ទោសវិញ។ គឺគេរឹតត្បិតសិទ្ធិគ្រប់យ៉ាង សូម្បីតែចេញពីក្នុងបន្ទប់ឃុំមកខាងក្រៅនៅក្នុងពន្ធនាគារ ក៏គេមិនងាយឲ្យចេញដែរ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មានប្រសាសន៍ថា ចាប់តាំងពីលោកគ្រប់គ្រងក្នុងពន្ធនាគារជាង ៥ខែមកនេះ គឺពុំមានមន្ត្រីពន្ធនាគារណាម្នាក់ទៅវាយធ្វើបាបអ្នកទោសដូចការចោទប្រកាន់របស់ពិរុទ្ធជននោះទេ៖ «យើងមិនដែលមានទេបង! រូបភាពនៅបន្ទាយមានជ័យ នេះ មិនដែលមានធ្វើទារុណកម្មទៅលើជនជាប់ឃុំណាមួយទេ។ នេះជារូបភាពមួលបង្កាច់បំផ្លើសទាំងស្រុងតែម្ដង»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា នៅក្នុងពន្ធនាគារមួយនេះកន្លងទៅ លោកតែងទទួលដំណឹងពីពលរដ្ឋដែលមន្ត្រីពន្ធនាគារធ្វើទារុណកម្មពួកគាត់ជាប្រចាំ។ លោកថា ការធ្វើទារុណកម្មណាមួយលើរូបរាងកាយអ្នកទោស គឺជាអំពើខុសច្បាប់៖ «ព្រោះពន្ធនាគារមិនមែនជាកន្លែងមួយធ្វើទារុណកម្មសួរចម្លើយ មិនមែនកន្លែងបង្អត់អាហារ ហើយមិនមែនជាកន្លែងបិទសិទ្ធិសេរីភាពក្នុងការនិយាយនោះទេ។ ជាកន្លែងបិទសិទ្ធិ សេរីភាពការដើរហើរចេញឆ្ងាយតែប៉ុណ្ណឹងទេ ហើយដើម្បីឲ្យមនុស្សចេះកែខ្លួន និងឲ្យអ្នកទោសទទួលនូវទោសដោយការអនុវត្តទោស ហើយកែខ្លួន»។
លោកបន្ថែមថា កន្លងទៅ មន្ត្រីអង្គការសិទ្ធិមនុស្សតែងស្នើសុំចូលទៅសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារដែរ ក៏ប៉ុន្តែមន្ត្រីពន្ធនាគារតែងបដិសេធជានិច្ច។ សព្វថ្ងៃ ពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកទោសសរុបជាង ១ពាន់នាក់ ក្នុងនោះមានអ្នកទោសស្រីជាង ១០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រសួងមហាផ្ទៃបំភ្លឺថាគ្មានអ្នកទោសស្នាក់នៅក្រៅពន្ធនាគារនោះទេ
-
អគ្គនាយកដ្ឋានពន្ធនាគារបំភ្លឺរឿងចោទពីភាពមិនប្រក្រតីក្នុងពន្ធនាគារព្រៃស
-
ពន្ធនាគារកាន់តែចង្អៀតណែនក្រោយពីអាជ្ញាធរអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន
-
ក្រុមគ្រួសារចោទមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំងថាគំរាមយកប្រាក់ពីអ្នកទោស
-
មេខ្លោងចលនាភេរវកម្មក្បាលខ្លាប្រឈមនឹងជាប់គុក២ឆ្នាំបន្ថែមទៀតករណីលួចរត់
-
អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថាទណ្ឌិត សោម ឯក លួចរត់ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
-
ទណ្ឌិតជាប់ឃុំករណីបង្កៃគ្រឿងផ្ទុះបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាមចេញពីពន្ធនាគារ
-
បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឲ្យក្រសួងមហាផ្ទៃដោះស្រាយបញ្ហាជក់បារីនៅក្នុងពន្ធនាគារ
-
មន្ត្រីសិទ្ធិមនុស្សថាការស្លាប់ទណ្ឌិតម្នាក់នៅពន្ធនាគារខេត្តពោធិ៍សាត់ជាករណីមនុស្សឃាត
-
ភរិយាអំពាវនាវឲ្យតុលាការខេត្តកំពតដោះលែងប្ដីដោយអះអាងថាឃុំខុសនីតិវិធីច្បាប់