កំពូលលើកពេលសវនាការ ដោយសារ ហេង ពៅ មិនពេញចិត្តមេធាវីចាត់តាំង

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧​
http://vodhotnews.com

សិទ្ធិមនុស្ស

អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ


តុលាការជាន់ខ្ពស់បានសម្រេចពន្យារពេលសវនាការ បន្ទាប់ពីអតីតស្នងការក្រុងភ្នំពេញបដិសេធមិនទទួលយកមេធាវី ដែលតុលាការចាត់តាំងឲ្យ។

តុលាការកំពូល នៅព្រឹកថ្ងៃពុធ​ ទី២២ ខែមិនា ឆ្នាំ២០១៧ បានបើកសវនាការលើអតីតស្នងការក្រុងភ្នំពេញលោក ហេង ពៅ ពាក់ព័ន្ធសំណុំរឿង «រក្សាទុកប្រាក់ដុល្លារក្លែងក្លាយ» ដែលប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៦។

សវនាការនៅតុលាការកំពូល នាព្រឹកនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍បានសម្រេចដូចគ្នា ដោយកាត់ទោសលោក ហេង ពៅ ឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ។ ប៉ុន្ដែលោក ហេង ពៅ បានប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាជម្រះក្ដីទាំងពីរនេះ។

លោក នូ ចន្ថា ជាមេធាវីចាត់តាំងឲ្យលោក ហេង ពៅ បានឲ្យ VOD ដឹងថា តុលាការកំពូលបានសម្រេចពន្យារពេលសវនាការ បន្ទាប់ពីលោក ហេង ពៅ បានបដិសេធមិនទទួលយករូបលោក (នូ ចន្ថា) ជាមេធាវីការពារក្ដី។ ប៉ុន្ដែលោកពុំបានបញ្ជាក់ពីមូលហេតុនៃការបដិសេធរបស់លោក ហេង ពៅ ចំពោះរូបលោកនោះទេ។ លោកមេធាវី នូ ចន្ថា បន្ដថា តុលាការកំពូលនឹងសម្រេចពីកាលបរិច្ឆេទនៃសវនការលើកក្រោយ ដរាបណាលោក ហេង ពៅ រកបានមេធាវីការពារ។

បន្ថែមលើសនេះ លោក នូ ចន្ថា ជាមេធាវីចាត់តាំង មានប្រសាសន៍បន្ថែមថា លោក ហេង ពៅ បានស្នើសុំការអនុញ្ញាតពីចៅក្រមតុលាការកំពូល ដើម្បីអាចប្រើប្រាស់លុយ ក្នុងកុងធនាគាររបស់លោក។ ប៉ុន្ដែលោកថា សំណើនេះត្រូវបានច្រាលចោល ដោយតុលាការកំពូលថា​ ខ្លួនមិនមានសមត្ថកិច្ចសម្រេចលើសំណើនេះ។

នៅព្រឹកនេះដែរ កងកម្លាំងនគរបាលជាច្រើននាក់បានប្រមូលផ្ដុំគ្នា ឈររក្សាសន្ដិសុខនៅមុខតុលាការកំពូល។ ការរឹតបណ្ដឹងសន្ដិសុខនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើង បន្ទាប់ពីលោក ហេង ពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកនឹងបង្ហើបឈ្មោះឃាតកមួយចំនួន ដែលថា បានចូលរួមក្នុងករណីឃាតកម្មបាញ់សម្លាប់អតីតប្រធានសហជីពកម្មករលោក ជា វិជ្ជា។

លោក ហេង ពៅ អតីតស្នងការដ៏មានអំណាចមួយរូប កំពុងអនុវត្តទោសជាប់ពន្ធនាគារសរុប៩៨ឆ្នាំ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនករណី។ លោកធ្លាប់បានថ្លែងថា ខ្លួនគ្មានទោសពៃអ្វីទេ ដោយថា បទចោទប្រកាន់ទាំងនេះ ជាការប្រឌិតឡើងដោយលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles