តុលាការខេត្តរតនគិរីឃុំខ្លួនជនជាតិវៀតណាម៨នាក់​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 4:01 PM
http://vodhotnews.com

សន្ដិសុខ | អភិបាលកិច្ចល្អ

ជនជាតិវៀតណាម៨នាក់ត្រូវបានឃុំខ្លួនពីបទកាប់ឈើខុសច្បាប់ (Fresh News)


តុលាការខេត្តរតនគិរីបានសម្រេចឃុំខ្លួនជនជាតិវៀតណាម៨នាក់ ដែលបានចូលមកកាប់ឈើខុសច្បាប់ លើទឹកដីខ្មែរ។

អាជ្ញាធរឲ្យដឹងថា កាលពីថ្ងៃទី១៨មីនាឆ្នាំ២០១៧កន្លងទៅ កម្លាំងសមត្ថកិច្ចខេត្តរតនគិរីបាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម៨នាក់ ដោយចោទថា ពួកគេបានលួចឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរខុសច្បាប់ នៅក្នុងភូមិសាស្ត្រព្រៃឈើចំនួន៣ គឺស្រុកអូរយ៉ាដាវ ស្រុកបរកែវ និងស្រុកអណ្តូងមាស។

អ្នកនាំពាក្យសាសាខេត្តរតនគិរី លោក ញ៉ែម សំអឿន បានឲ្យ VOD ដឹងថា នៅព្រឹកថ្ងៃពុធទី២២ ខែមីនានេះ តុលាការខេត្តរតនគីរីបានសម្រេចឃុំខ្លួនជនជាតិវៀតណាម៨នាក់ហើយ ដោយចោទពួកគេចំនួន៣ ករណីគឺ លួចឆ្លងដែនចូលដីខ្មែរខុសច្បាប់ ប្រើប្រាស់គ្រឿងចក្រគ្មានការអនុញ្ញាត និងប្រើប្រាស់រណាយន្ដចូលកាប់ឈើ ដោយខុសច្បាប់។

លោកមានប្រសាសន៍បន្ដថា បន្ទាប់ពីធ្វើការឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅតុលាការខេត្តរតនគីរីដើម្បីចាត់ការតាមច្បាប់ និងត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅព្រឹកថ្ងៃពុធនេះ។

លោកថា៖ «មានករណី យើងបានចាប់នៅទីតាំងប្រព្រឹត្តបទល្មើស យកមកស្នងការ ហើយបានរៀបចំសំណុំរឿងហ្នឹង ដាក់ទៅតុលាការ។ ជនជាតិវៀតណាមនៅជាប់ព្រំដែន វាមិនញឹកញាប់អីទេ វាមកម្ដងម្កាល ហើយពេលនេះ យើងចាប់បាន»។

បើតាមលោក ញ៉ែម សំអឿន បន្ទាប់ពីឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ អាជ្ញាធររឹបអូសបានម៉ាស៊ីនកាត់ឈើចំនួន៥គ្រឿងត្រាក់ទ័រអូសឈើ៣គ្រឿង និងឧបករណ៍កាប់ឈើផ្សេងទៀត៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles