
លោក ប៉ុល សារឿន (ឆ្វេង) និងលោក ទៀ បាញ់។ ហេង ជីវ័ន
Wed, 22 March 2017
ម៉ិច ដារ៉ា and មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទលោក ប៉ុល សារឿន នឹងពង្រឹងតួនាទីផ្លូវការរបស់លោកនៅក្នុងគណបក្សប្រជាជនកម្ពុជាដោយកាន់តំណែងជាប្រធានក្រុមការងារខេត្តរបស់គណបក្សប្រជាជននៅក្នុងខេត្តតាកែវជំនួសលោក សុខ អាន ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុន។
លោក ប៉ុល សារឿន ដែលជាសមាជិកនៃគណៈកម្មាធិការអចិន្រៃ្តយ៍របស់គណបក្សប្រជាជនបានធ្វើសេចក្តីសម្រេចនេះនៅថ្ងៃទី ១៧ មីនា។ នេះបើតាមឯកសារមួយដែលផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីម្សិលមិញ។
ព័ត៌មាននេះបានកើតមានឡើងនៅពេលអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា គណបក្សប្រជាជនបានតែងតាំងអតីតនាយខុទ្ទកាល័យរបស់លោក សុខ អាន និងជាស្ថាបនិកនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញលោក ជា វ៉ាន់ដេត ដើម្បីបំពេញអាសនៈតំណាងរាស្ត្ររបស់លោក សុខ អាន នៅខេត្តតាកែវ។
លោក សារឿន ដែលជាប្រធានក្រុមការងារខេត្តព្រះសីហនុរបស់គណបក្សប្រជាជនរួចហើយនោះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ថ្លែងថាអតីតការងារជាអភិបាលខេត្តតាកែវរបស់លោកអគ្គមេបញ្ជាការយោធានៅក្នុងទសវត្សរ៍ ៨០ រូបនេះគឺធ្វើឲ្យគាត់ស័ក្តិសមនឹងតួនាទីនេះ។
ទោះយ៉ាងណាក្តីការតែងតាំងលោក ប៉ុល សារឿន ឲ្យកាន់តំណែងនេះបានលើកឡើងនូវបញ្ហាជាថ្មីម្តងទៀតអំពីអព្យាក្រឹតភាពរបស់យោធារវាងកងប្រដាប់អាវុធ និងគណបក្សប្រជាជន។ នេះបើតាមអ្នកសង្កេតការណ៍ម្នាក់ដែលបានកត់សម្គាល់កាលពីម្សិលមិញ។
ប្រព័ន្ធ «ក្រុមការងារ» របស់គណបក្សប្រជាជនគឺជាបណ្តាញរឹងមាំមួយទូទាំងប្រទេសដែលមានមន្រ្តីជាច្រើនអាស្រ័យទៅលើអតីតភាពការងាររបស់ពួកគេត្រូវបានចាត់តាំងនៅក្នុងខេត្ត ស្រុក ឬឃុំ។ ក្រុមការងារទាំងនេះផ្តល់ប្រភពថវិកា និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ប្រឡាយ មណ្ឌលសុខភាព និងវត្តអារាមក្នុងនាមជាគណបក្សនៅក្នុងមូលដ្ឋានរៀងៗខ្លួនរបស់ពួកគេ និងធ្វើការបរិច្ចាគសម្ភារផ្សេងៗដូចជាអង្ករ សារុងទៅប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមការងារខេត្តព្រះសីហនុកាលពីថ្ងៃទី ១៩ ខែមីនាលោក សារឿន ដែលជាអ្នកស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ជាយូរមកហើយនោះបានរៀបរាប់អំពីគោលបំណងនៃក្រុមនេះថាគឺដើម្បីជួយប្រជាពលរដ្ឋក្នុងការ «ដោះស្រាយភាពលំបាក» ចៀសវាង «ប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ»។
បើតាមគណនីហ្វេសប៊ុករបស់លោក ប៉ុល សារឿន លោកបានថ្លែងថា៖ «យើងត្រូវបន្តសហការគ្នាចុះជួយប្រជាពលរដ្ឋដែលជួបការលំបាក និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសត្រូវធ្វើអ្វីៗកុំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ…»។
ទោះយ៉ាងណាក្តីការសិក្សាស្រាវជ្រាវមួយក្នុងឆ្នាំ ២០១១ បានហៅវាថាជាប្រព័ន្ធ«គ្រប់គ្រងដ៏ធំ» មួយដែលក្នុងនោះមន្រ្តីជាន់ខ្ពស់ធ្វើការងារជាមួយមន្រ្តីថ្នាក់មូលដ្ឋានបង្កើតបណ្តាញក្រៅផ្លូវការដើម្បីប្រមូលប្រាក់ និងកម្លាំងដើម្បីឈានទៅរកការឈ្នះឆ្នោតហើយវាជាឱកាសសម្រាប់មន្រ្តីទាំងនោះក្នុងការបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនចំពោះថ្នាក់លើរបស់បក្ស។
ការបន្ថែមបុគ្គលិកសន្តិសុខទៅក្បាលម៉ាស៊ីនគណបក្សគឺហាក់ដូចជាផ្ទុយទៅនឹងច្បាប់ឆ្នាំ ១៩៩៧ ស្តីពីនិយតបុគ្គលិកយោធាដែលដាក់កម្រិតមន្ត្រីពីការចូលរួមជាសាធារណៈក្នុងរឿងនយោបាយ។
ទោះជាយ៉ាងណាកាលពីម្សិលមិញលោក សុខ ឥសាន បានឱ្យដឹងថាលោក សារឿន និងរដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ ដែលដឹកនាំក្រុមការងារខេត្តសៀមរាបត្រូវបានអនុញ្ញាតឲ្យធ្វើការសម្រាប់គណបក្សក្រៅពីម៉ោងការងារ និងមិនមានពាក់ឯកសណ្ឋាននោះទេគឺដូចគ្នាទៅនឹងច្បាប់បោះឆ្នោតឆ្នាំ ២០១៥។ «មិនមានអ្វីខុសឆ្គងនោះទេ»។ «ពួកគេមិនប្រើកងទ័ព មុខតំណែង កាំភ្លើង ឬ យានជំនិះរបស់ពួកគេដើម្បីគំរាមកំហែងនោះទេ ពួកគេនិយាយក្នុងនាមជាពលរដ្ឋ»។
អ្នកវិភាគនយោបាយលោក ជុំ ប៊ុនថេត បានថ្លែងថាទោះបីជាការអនុវត្តនេះមានជាយូរមកហើយក្តី ហើយទោះបីថា «គ្មានអ្វីដែលចម្លែក» ប៉ុន្តែទោះជាយ៉ាងណាក៏វាគឺជាបញ្ហាមួយដែរ។
លោក ប៊ុន ថេត ថ្លែងថា៖ «នៅពេលដែលមេដឹកនាំយោធាចូលរួមនៅក្នុងយុទ្ធនាការឃោសនានយោបាយគឺគេអាចមើលឃើញកាន់តែច្បាស់ថាវាជាការគំរាមកំហែងមួយសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។
ទន្ទឹមនឹងនេះដែរអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានឱ្យដឹងកាលពីម្សិលមិញថា គជប បានទទួលលិខិតមួយច្បាប់ពីគណបក្សប្រជាជនដែលតែងតាំងលោក វណ្ណ ដេត ដើម្បីជំនួសលោក សុខ អាន ជាតំណាងរាស្ត្រនៅរដ្ឋសភាដែលអាចនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភានៅថ្ងៃនេះសម្រាប់អនុម័តយល់ព្រម៕ PS/ NS
រាយការណ៍បន្ថែមដោយ SHAUN TURTON
Contact authors: ម៉ិច ដារ៉ា and មាស សុខជា