ដោយ ម៉ម មុនីរតន៍
2017-03-22
RFA

មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី ថ្លែងក្រោយសាលាឧទ្ធរណ៍ចេញសាលដីកាបដិសេធ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។ RFA/Ou Banung
![]()
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ សម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក គឹម សុខ ពាក់ព័ន្ធនឹងបណ្ដឹងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២២ មីនា។ មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី យល់ឃើញថា សេចក្ដីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ងួន អ៊ីម នៅពេលនេះ ជាការផ្ដល់ភាពអយុត្តិធម៌សម្រាប់លោក គឹម សុខ។
ដើម្បីបញ្ចៀសពីការតាមប្រមាញ់រូបថត និងសំឡេងពីក្រុមអ្នកកាសែតនៅខាងក្រៅអគារសវនាការ ឆ្មាំពន្ធនាគារបានត្រៀមរថយន្តដែលមានសភាពចាស់បន្តិចនៅផ្នែកខាងក្រោយនៃបរិវេណសាលាឧទ្ធរណ៍ រួចរំដោះលោក គឹម សុខ តាមរថយន្តនេះយ៉ាងប្រញាប់ប្រញាល់ រួចបើកចេញទៅបាត់ ខណៈរថយន្តប្រភេទ ហ្វ័ត (Ford) ដែលបើកមកចតនៅខាងមុខអគារក្នុងពេលតែមួយ គឺជារថយន្តសម្រាប់ដាក់បញ្ឆោត ដែលជាមូលហេតុនាំឲ្យក្រុមអ្នកកាសែតពុំអាចថតរូប និងសំឡេងបានឡើយ។
មន្ត្រីអនុរក្សពន្ធនាគារម្នាក់ដែលនិយាយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មូលហេតុដែលរៀបក្បួនដាក់បញ្ឆោតដូច្នេះ គឺដើម្បីគេចចេញពីការស្ដីបន្ទោសរបស់ថ្នាក់លើ។
បើទោះជាបែបណា លោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក គឹម សុខ បានផ្ដល់បទសម្ភាសន៍ឲ្យអ្នកកាសែតដឹងក្រោយបញ្ចប់សវនាការថា លោកមិនអាចទទួលយកបានទេចំពោះការច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់កូនក្ដីរបស់ខ្លួននៅពេលនេះ។ លោកបន្តថា មូលហេតុមួយចំនួនដែលនាំឲ្យលោក ងួន អ៊ីម សម្រេចបដិសេធមិនឲ្យនៅក្រៅឃុំក្នុងចំណោមហេតុផលដទៃទៀត គឺតុលាការបន្តឃុំខ្លួនលោក គឹម សុខ ដើម្បីបញ្ចប់បទល្មើសថ្មីកើតឡើង។ លោក ជូង ជូងី យល់ឃើញថា ការសម្រេចបែបនេះ គឺស្មើនឹងការសន្មតទុកជាមុនរបស់ចៅក្រម ថាកូនក្ដីរបស់ខ្លួនមានទោសរួចទៅហើយ។ លោកបន្តថា «តុលាការសំអាង ២ចំណុច។ ទី១ សំអាងថាដើម្បីបញ្ចប់បទល្មើសកុំឲ្យកើតឡើងជាថ្មី។ ទី២ រក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។ ហើយសម្រាប់ការពិនិត្យរបស់ខ្ញុំ សំអាងពីរនេះគឺអត់ត្រឹមត្រូវទេ។ ការដែលសំអាងថាបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតឡើងជាថ្មី សំអាងបែបនេះបានន័យថា តុលាការសន្មតទុកជាមុនថា ពិតជាមានបទល្មើសមែន»។
សវនាការលើបណ្ដឹងសុំនៅក្រៅឃុំកាលពីព្រឹកថ្ងៃទី២២ មីនា ឆ្មាំយាមទ្វារចូលបន្ទប់សវនាការ ហាមមិនឲ្យអ្នកកាសែតបានចូលស្ដាប់ការដេញដោលឡើយ។ ចំណែកលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់លោក ហ៊ុន សែន ក៏បានបដិសេធក្នុងការផ្ដល់បទសម្ភាសន៍នេះដែរ ក្រោយបញ្ចប់សវនាការ។
យ៉ាងណា សវនាការលើកនេះ សង្កេតឃើញថា កម្លាំងនគរបាលត្រូវគេដាក់ពង្រាយជាច្រើននាក់រហូតមានថ្នាក់ឧត្តមសេនីយ៍ផ្កាយ៣ ចុះអង្កេតដោយផ្ទាល់ផង និងរឹតបន្តឹងសន្តិសុខដ៏តឹងរ៉ឹងបំផុត។
លោក គឹម សុខ ត្រូវបានកម្លាំងនគរបាលទាំងនោះបិទមុខបិទក្រោយ សូម្បីថតរូបមួយសន្លឹកពុំអាចផង។ ជាងនេះទៀត ការនាំខ្លួនអ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយរូបនេះមកកាន់តុលាការ គឺលឿនខុសពីធម្មតា ដែលពុំធ្លាប់មាន។
ជុំវិញរឿងនេះ កាលពីថ្ងៃទី៦ ខែមីនា សាលាឧទ្ធរណ៍ បានច្រានចោលម្ដងរួចមកហើយអំពីដីកាឃុំខ្លួនលោក គឹម សុខ ដែលមេធាវីចាត់ទុកថា ដីកាឃុំខ្លួននេះធ្វើឡើងដ៏ប្រញាប់។ លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ តាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។ ការឃុំខ្លួននេះ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម បន្ទាប់ពីលោក គឹម សុខ ថ្លែងដោយប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី កាលពីថ្ងៃទី១៣ កុម្ភៈ។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) យល់ឃើញថា ជាញឹកញាប់ តុលាការកម្រឲ្យក្រុមអ្នកតស៊ូមតិ អង្គការ សមាគម និងអ្នកនយោបាយបក្សប្រឆាំងឈ្នះក្ដីណាស់។ លោកបន្តថា បញ្ហានេះអាចចាត់ទុកថា ស្ទើរក្លាយទៅជាទម្លាប់ទៅហើយនៅកម្ពុជា សព្វថ្ងៃនេះ។ លោកបន្តថា «តុលាការគាត់លើកឡើងអំពីហេតុផលផ្សេងៗដើម្បីមិនអនុញ្ញាតឲ្យនៅក្រៅឃុំ។ បើយើងសង្កេតវាជាវប្បធម៌ជាហូរហែមកអ៊ីចឹង»។
ចំណាត់ការដ៏ឆាប់រហ័សរបស់តុលាការនេះ ធ្វើឡើងភ្លាមៗក្រោយពេលលោក ហ៊ុន សែន គំរាមប្ដឹងលោក គឹម សុខ ដាក់ពន្ធនាគារ ២ឆ្នាំ។ បើទោះជាបែបណា លោក ជូង ជូងី អះអាងថា លោកនឹងរៀបចំបណ្ដឹងសារទុក្ខទៅតុលាការកំពូល បន្តទៀត ប្រឆាំងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នៅពេលនេះ បើទោះជាដឹងថា ពុំមានសង្ឃឹមឈ្នះក្ដីយ៉ាងណាក៏ដោយចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សៀវភៅកម្រងទស្សនៈលោក គឹម សុខ នឹងត្រូវបោះពុម្ពផ្សាយនៅសប្ដាហ៍ក្រោយ
-
ចៅក្រមតុលាការក្រុងភ្នំពេញនាំខ្លួនលោក គឹម សុខ មកសាកសួរបន្ថែម
-
ក្រសួងមហាផ្ទៃថាគ្មានការបញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោក គឹម សុខ ក្នុងពន្ធនាគារ
-
លោក គឹម សុខ ថាគេចង់ឲ្យលោកធ្វើជាមនុស្សស្នូលក្នុងការអនុវត្តផែនការបក្សកាន់អំណាច
-
លោក គឹម សុខ ស្នើលោក ហ៊ុន សែន ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ចូលលោកនៅពន្ធនាគារ
-
មេធាវីស្នើតុលាការឱ្យដោះលែងលោក គឹម សុខ នៅក្រៅឃុំបណ្ដោះអាសន្ន
-
មេធាវីការពារក្ដីឲ្យលោក គឹម សុខ ប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចរបស់សាលាដំបូង
-
មេធាវីការពារក្តីឲ្យលោក គឹម សុខ គ្រោងដាក់ពាក្យស្នើឲ្យកូនក្តីបាននៅក្រៅឃុំ
-
តុលាការរងការរិះគន់ថាធ្វើតាមបង្គាប់របស់រដ្ឋាភិបាលករណីឃុំខ្លួនលោក គឹម សុខ
-
អ្នកច្បាប់ថា ការចាប់ខ្លួនលោក គឹម សុខ ផ្ទុយពីរដ្ឋធម្មនុញ្ញនិងសន្ធិសញ្ញាអន្តរជាតិ
-
ព្រះសង្ឃនិងពលរដ្ឋមួយចំនួនបារម្ភខ្លាចមានការចាប់ខ្លួនលោក គឹម សុខ