ឧទ្ធរណ៍ច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧​ | ម៉ោង 3:58 PM
http://vodhotnews.com

សិទ្ធិមនុស្ស

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)


សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះ សម្រេចឲ្យបន្តឃុំខ្លួនអ្នកវិភាគបញ្ហានយោបាយគឺ លោក គឹម សុខ នៅពន្ធនាគារដដែល ដោយសំអាងថា បើឲ្យលោកនៅក្រៅឃុំនោះ លោកអាចបង្កមានភាពចលនានៅក្នុងសង្គមបន្តទៀត។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានបើកសវនាការពាក់ព័ន្ធសំណុំរឿងបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ។ បន្ទាប់ពីបើកសវនាការជាង៣ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចបដិសេធបណ្ដឹងនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យលោក គឹម សុខ ដោយសំអាងថា ការបន្តឃុំខ្លួននេះ គឺដើម្បីបញ្ចប់បទល្មើសកុំឲ្យកើតឡើងជាថ្មី និងដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមមេធាវីការពារក្ដី។

មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី សម្ដែងការខកចិត្ត ដោយលោកយល់ថា ការសម្រេចរបស់ចៅក្រមមិនបានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីរបស់លោក។

លោកថា «គាត់បង្ហាញជំហរច្បាស់ថា គាត់មិនរត់ទេ ទី២ អ្នកប្ដឹង គឺគាត់ជានាយករដ្ឋមន្ត្រី ចឹងលោកមានកម្លាំង មានប៉ូលីសគ្រប់មធ្យោបាយ ដែលលោក គឹម សុខ ទោះបីគាត់ចង់រត់ ក៏រត់ទៅណាមិនរួចដែរ។ នៅក្នុងសវនាការ ខ្ញុំបានសំណូមពរឲ្យ​​សាលាឧទ្ធរណ៍ពិចារណា ពីការដាក់ឲ្យក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការ បានន័យថា ប្រសិនបើខ្លាចគាត់ប្រព្រឹត្តបទល្មើសណាមួយឬក៏ខ្លាចគាត់រត់គេចខ្លួននោះ អាចដាក់ត្រួតពិនិត្យតាមផ្លូវតុលាការ គឺបំរាមនូវអំពើមួយចំនួន កុំឲ្យគាត់ប្រព្រឹត្ត ហើយអាចឲ្យគាត់ទៅបង្ហាញខ្លួននៅចំពោះសមត្ថកិច្ច អាចមួយខែ ម្ដងឬមួយសប្ដាហ៍ក៏បានដែរ ដើម្បីឲ្យផ្ទៀងផ្ទាត់ ថាគាត់ពិតជាមិនអាចរត់គេងខ្លួន។ សភាស៊ើបសួរសាលាឧទ្ធរណ៍អត់មានពិចារណាពីករណីនេះ បែរជាជ្រើសរើសឃុំខ្លួនគាត់បន្តទៀត»។

ដោយឡែកមេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។

យ៉ាងណាក៏ដោយ សវនាការនៅថ្ងៃនេះ មានការរឹតបន្តឹងជាងមុនៗ ដោយមានដាក់កងកម្លាំងនគរបាលជាច្រើននាក់ ឈររក្សាសន្ដិសុខនៅក្នុងសាលាឧទ្ធរណ៍ផង។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា មានប្រសាសន៍ថា វាមិនមានអ្វីប្លែកទេសម្រាប់ប្រព័ន្ធប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដោយថាអ្នកដែលហ៊ានរិះគន់ពីភាពអសមកម្មរបស់រដ្ឋាភិបាលត្រូវគេចាប់ដាក់ពន្ធនាគារ។ លោកបន្តថា ចំពោះការដាក់កម្លាំងប្រដាប់អាវុធការពារសន្តិសុខនៅពេលសវការ លោកថា មកពីរដ្ឋាភិបាលខ្លាចប្រជាពលរដ្ឋទៅតវ៉ា។

លោកថា «​ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខនេះ គឺបង្ហាញឲ្យច្បាស់ថា តុលាការក៏ដូចជា រដ្ឋាភិបាល ទទួលស្គាល់ថាអ្វីដែលខ្លូនធ្វើកន្លងមកនេះ គឺបង្ហាញពីភាពអយុត្តិធម៌ហើយ។ បើសិនជារឿងនេះជារឿងយុត្តិធម៌ រឿងត្រឹមត្រូវមែន គាត់មិនគួរខ្លាចទេ ហើយប្រជាពលរដ្ឋណាទៅគាំទ្រជនល្មើសដែលប្រព្រឹត្តអំពើឧក្រិដ្ឋនោះទេ។ ចឹងអ្វីដែលគាត់ធ្វើបង្ហាញថា អ្នកទាំងអស់នោះ គឺមិនមានកំហុស មិនមានអីទេ ចឹងហើយខ្លាចប្រជាពលរដ្ឋទៅតវ៉ា ខ្លាចប្រជាពលរដ្ឋទៅទាមទារយុត្តិធម៌ហើយ»។

កាលពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៧កន្លងទៅ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានពាក្យបណ្ដឹងលើលោក គឹម សុខ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។ ប៉ុន្តែពាក់ព័ន្ធករណីនេះ លោក ហ៊ុន សែន ប្ដឹងទារសំណងជំងឺចិត្តពីលោក គឹម សុខ ជាទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយថា បានចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស និងវែកមុខរកឃាតកមិនឃើញ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles