ដោយ លោក ពេជ្រ ចំរុង | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧
http://vodhotnews.com

ក្រសួងការបរទេសកម្ពុជាបានហៅការលើកឡើងរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សថា មានចេតនាទុច្ចរិត បន្ទាប់ពីអង្គការនេះបានវាយតម្លៃទាបចំពោះបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធ ទី២២ មីនា ម្សិលមិញ ក្រសួងការបរទេសកម្ពុជាបាន ហៅរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថា មានទស្សនៈចង្អៀតចង្អល់ និងខ្មៅងងឹត បន្ទាប់ពីអង្គការនេះលើកឡើងថារដ្ឋាភិបាលកម្ពុជាបានធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងកែច្បាប់ស្ដីពីគណបក្សនយោបាយ ដែលមានភាពចម្រូងចម្រាស់ មុនការបោះឆ្នោតមកដល់។ អង្គការនេះចាត់ទុកថា ស្ថានភាពបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នស្នូលរបស់ជាតិ និងលិទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់កម្ពុជា ដោយថា អាចនឹងនាំកម្ពុជាទៅរកការដឹកនាំបែបផ្ដាច់ការ បើសិនគ្មានកិច្ចអន្តរាគមន៍ពីអន្តរជាតិនោះទេ។
ប៉ុន្តែក្រសួងការបរទេសបានច្រាលចោលការលើកឡើងនេះ ដោយហៅរបាយការណ៍អង្គការនេះថាជា «ការវាយតម្លៃខ្មៅងងឹត» គ្មានមូលដ្ឋានត្រឹមត្រូវ និងថា អង្គការនេះជាក្រុមតូចតាច និងពុំត្រូវបានទទួលស្គាល់ជាអង្គភាពរបស់អាស៊ានទេ។ កម្ពុជាថា មានតែគណៈកម្មការអន្ដររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្សប៉ុណ្ណោះ ដែលជាអង្គការផ្លូវការ មានតួនាទីដោះស្រាយបញ្ហាសិទ្ធិមនុស្ស នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។
ក្រសួងការបរទេសថា ការលើកឡើងរបស់អង្គការនេះកំពុងរំលោភគោលការណ៍អាស៊ាន ដែលហាមមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ជាសមាជិកអាស៊ាន៕