ដោយ សុ ជីវី
2017-03-29
RFA

ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីតរដ្ឋសភា។ រូបថតថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ RFA/Tha Kitya
![]()
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ហៅកាត់ថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ហៅការបណ្ដែតបណ្ដោយរបស់រដ្ឋាភិបាលកម្ពុជា រកយុត្តិធម៌ឲ្យជនរងគ្រោះក្នុងករណីគប់គ្រាប់បែកលើហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី កាលពី ២០ឆ្នាំមុន គឺជាការព្យាយាមការពារ និងលើកទឹកចិត្តអ្នកប្រព្រឹត្តិល្មើស។
ស្របគ្នានេះ គណបក្សប្រឆាំងត្រៀមប្រារព្ធខួបដើម្បីរំឭកវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងហេតុការណ៍ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
មួយថ្ងៃមុនពេលដែលគណបក្សប្រឆាំងប្រារព្ធខួប ២០ឆ្នាំ ដើម្បីរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកដៃនោះ នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាម (Brad Adams) រិះគន់ថា រដ្ឋាភិបាលកម្ពុជា បានការពារ និងលើកទឹកចិត្តដល់ជនទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែកចូលហ្វូងបាតុករ។
លើសពីនេះ លោក ប៊្រែដ អាដាម ទាមទារឲ្យការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក អេហ្វ.ប៊ី.អាយ (FBI) ដែលបានលូកដៃចូលក្នុងករណីនេះដោយសារជនជាតិអាមេរិកាំង លោក រ៉ន អាប់នី (Ron Abney) បានរបួសធ្ងន់គួរតែស៊ើបអង្កេតសំណុំរឿងគប់គ្រាប់បែកដែលជាការវាយប្រហារទៅលើប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ឲ្យចប់សព្វគ្រប់ បន្ទាប់ពីការិយាល័យមួយនេះបានផ្អាកការស៊ើបអង្កេតរបស់ខ្លួនកាលពីឆ្នាំ២០០០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដែលចេញនៅថ្ងៃទី២៩ ខែមីនា នេះ លោក ប៊្រែដ អាដាម លើកឡើងបន្តថា ការច្រានចោលភស្តុតាងដែលបង្ហាញថា កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនេះ គឺមានន័យថា ការស៊ើបអង្កេតផ្ទៃក្នុងដ៏ម៉ត់ចត់មួយ គឺមិនបានកើតឡើង និងគ្មានថ្ងៃកើតឡើងឡើយនៅថ្ងៃខាងមុខ។
លោក ប៊្រែដ អាដាម លើកឡើងទៀតថា៖ «អង្គការសហប្រជាជាតិ និងម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍ដែលបានផ្ដល់ជំនួយថវិកាដែលមានភាគរយច្រើនក្នុងថវិកាជាតិ គួរទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើឧក្រិដ្ឋ ដែលរុញច្រានប្រជាធិបតេយ្យកម្ពុជា ឲ្យដើរចេញពីគន្លង»។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាននៅឡើយទេនៅរសៀលថ្ងៃទី២៩ ខែមីនា។
គណបក្សសង្គ្រោះជាតិ គ្រោងធ្វើពិធីរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយការវាយប្រហារដោយគ្រាប់បែកដៃនេះ នៅចេតិយខាងមុខអតីតមន្ទីររដ្ឋសភា ក្បែរព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី៣០ មីនា។ គណបក្សប្រឆាំងតែងអះអាងថា ខ្លួននឹងមិនបញ្ចប់សំណុំរឿងឃាតកម្មនេះឡើយ គឺនឹងបន្តការតស៊ូដោយសន្តិវិធី និងអហិង្សា ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះឲ្យបានក្នុងពេលខាងមុខ។
ឧក្រិដ្ឋកម្មគប់គ្រាប់បែកនៅពេលនោះ បានបណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់ ហើយជាង ១០០នាក់ផ្សេងទៀតរបួស។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានលោក រ៉ន អាប់នី (Ron Abney) ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ផងដែរ។
យូមែន រ៉ៃត៍ វ៉ច្ឆ រំឭកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ មនុស្សមួយហ្វូងដែលមានចំនួនប្រមាណ ២០០នាក់ជាអ្នកគាំទ្រគណបក្សប្រឆាំង គឺគណបក្សជាតិខ្មែរ ដឹកនាំដោយលោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានប្រមូលផ្ដុំគ្នានៅសួនច្បារទល់មុខមន្ទីររដ្ឋសភាក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងកង្វះឯករាជភាព និងអំពើពុករលួយក្នុងវិស័យយុត្តិធម៌។
ក្នុងការវាយប្រហារដែលទំនងមានការសម្របសម្រួលដ៏ល្អនោះ ជនអនាមិកបានគប់គ្រាប់បែកចំនួន ៤គ្រាប់ចូលទៅក្នុងហ្វូងមនុស្ស ដោយប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី នោះ បានសម្លាប់អ្នកតវ៉ា និងអ្នកដែលឈរក្បែរនោះ ដោយរួមទាំងកុមារ និងបានខ្ទាតអំបែងគ្រាប់ទៅលើអ្នកលក់ដូរនៅតាមផ្លូវ។ នៅក្រោយគ្រាប់បែកទី១ បានផ្ទុះឡើង កងការពាររបស់លោក សម រង្ស៊ី ឈ្មោះ ហាន មុនី បានយកខ្លួនទៅពាំងការពារលោក សម រង្ស៊ី។ គាត់រងនូវគ្រាប់បែកដែលផ្ទុះពេញទំហឹង ហើយបានស្លាប់ភ្លាមៗ។ លោក សម រង្ស៊ី បានគេចខ្លួនរួចដោយរបួសស្រាលនៅជើង។
សាក្សីជាច្រើនរាយការណ៍ថា ជនអនាមិកដែលបានចោលគ្រាប់បែកចូលក្នុងហ្វូងអ្នកតវ៉ានោះ បានរត់សំដៅទៅក្រុមកងអង្គរក្សលោក ហ៊ុន សែន ដែលត្រូវគេដាក់ពង្រាយនៅភាគខាងលិចសួន ពោលគឺនៅពីមុខមូលដ្ឋានកងអង្គរក្ស ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ សាក្សីក៏បានប្រាប់អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ និងអេហ្វ.ប៊ី.អាយ ថា កងអង្គរក្សបានបើកខ្សែការពារឲ្យជនអនាមិកនោះរត់ចូលទៅក្នុងមូលដ្ឋានកងអង្គរក្ស។ ក្រុមនោះទៀតសោត បានភ្ជង់កាំភ្លើង និងព្រមានបាញ់សមាជិកនៃក្រុមប្រមូលផ្ដុំ ដែលមិនព្រមឈប់ដេញតាមជនអនាមិកនោះ។
ជំនួសឲ្យការស៊ើបអង្កេតម៉ត់ចត់ លោក ហ៊ុន សែន បានអំពាវនាវភ្លាមៗឲ្យចាប់ខ្លួនអ្នកដឹកនាំការតវ៉ា និងដាក់បទបញ្ជាដល់នគរបាល រារាំងមិនឲ្យចាកចេញពីកម្ពុជា។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែលនេះមានចំណងជើងថា ឧក្រិដ្ឋជនពីការវាយប្រហារគ្រាប់បែកដៃលើក្រុមបក្សប្រឆាំង កាលពីឆ្នាំ១៩៩៧ នៅមិនទាន់ផ្ដន្ទាទោស បង្ហាញថា នៅថ្ងៃបោកគ្រាប់បែកនោះកម្លាំងមកពីកងពល “ង៧០“ ដែលជាកងអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានដាក់ពង្រាយនៅក្បែរកន្លែងកើតហេតុ។
របាយការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរទៀតថា មេបញ្ជាការកងអង្គរក្សនៃកងពល “ង៧០” លោក ហ៊ុយ ពិសិដ្ឋ ជាអ្នកបញ្ជាឲ្យមានការដាក់ពង្រាយកងអង្គរក្សនៅថ្ងៃកើតហេតុ ហើយលោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការរងនៃកងអង្គរក្សពេលនោះ ធ្លាប់បានគំរាមបាញ់សម្លាប់អ្នកកាសែតណាដែលចោទប្រកាន់ថា កងអង្គរក្សលោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែកនោះថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ឃាតកម្មនិងការសម្លាប់មនុស្សក្រៅច្បាប់កើតមានលើសពី១០០ករណីរយៈពេល២៣ឆ្នាំ
-
គណបក្សនយោបាយពីរផ្សេងគ្នារៀបចំរំឭកព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦កក្កដា
-
មូលហេតុដែលនាំឲ្យកើតមានព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ ខែកក្កដា
-
គណបក្សសង្គ្រោះជាតិគ្រោងធ្វើពិធីរំឭកព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦កក្កដាឆ្នាំ១៩៩៧
-
សង្គមស៊ីវិលនិងមន្ត្រីបក្សប្រឆាំងគាំទ្រឲ្យ FBI បន្តស៊ើបអង្កេតករណីបោកគ្រាប់ឆ្នាំ១៩៩៧
-
លោក សម រង្ស៊ី ថាតុលាការប្រទេសបារាំងសើរើសំណុំរឿងគប់គ្រាប់បែកនៅឆ្នាំ១៩៩៧
-
បក្សប្រឆាំងប្រារព្ធខួប១៩ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃនៅមុខអតីតអគាររដ្ឋសភា
-
ហេតុអ្វីអាជ្ញាធរនៅតែមិនអាចបំបែកសំណុំរឿងបោកគ្រាប់បែកមុខអតីតរដ្ឋសភា?
-
លោក សម រង្ស៊ី ពុំមានជំនឿលើតុលាការក្នុងសំណុំរឿងគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧
-
លោក កឹម សុខា សន្យារកយុត្តិធម៌ដល់អ្នកស្លាប់ដោយគប់គ្រាប់បែកនៅមុខអាគាររដ្ឋសភាចាស់