មនុស្សពីរនាក់របួស ករណីអគ្គិភ័យនៅសៀមរាប

ដោយ លោក បូ សាវី​​ | ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 3:24 PM
http://vodhotnews.com

សន្ដិសុខ


យ៉ាងហោចណាស់បុរសពីរនាក់ បានរងបួសស្រាល និងផ្ទះបីខ្នងទៀតរងការខូចខាត ក្នុងឧបទ្ទវហេតុអគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋនៅសៀមរាប ដែលបណ្ដាល​មកពី​ផ្ទុះធុងហ្គាស​នៅ​ព្រឹកថ្ងៃសុក្រនេះ។

របាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងសៀមរាបបានឲ្យដឹងថា ឧទ្ទវហេតុនេះបានកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី៧ខែមេសានេះ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

របាយការណ៍ឲ្យដឹងថា អគ្គិភ័យនេះ បណ្ដាលឲ្យបុរសពីរនាក់រងរបួស និងខូចខាតផ្ទះបីខ្នង ក្នុងនោះ​ផ្ទះថ្មមួយខ្នង មានបីជាន់ ជាអាជីវករលក់ទូរសព្ទ និងផ្ទះឈើពីរខ្នងទៀតជា​កន្លែងបោកអ៊ុត និងលក់និងបញ្ចូលហ្គាស។

របាយការណ៍បានបន្ថែមថា អគ្គិភ័យនេះ ដោយសារផ្ទុះធុងហ្គាស (បញ្ចូលហ្គាសខុសបច្ចេកទេស) ហើយក្នុងនោះក៏មានការខូចខាត​សម្ភារៈមួយចំនួន ដូចជាម៉ូតូកង់បីសម្រាប់ដឹកធុងហ្គាសមួយគ្រឿង និងធុងហ្គាស់ជាច្រើនធុងផងដែរ។

របាយការណ៍ដដែលបានបញ្ជាក់ថា ករណីនេះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់​រថយន្ដបាញ់​ទឹកជាង១០គ្រឿង រួមមានរថយន្ដបាញ់ទឹក របស់នគរបាលខេត្ដសៀមរាប រថយន្ដកង​រាជអាវុធហត្ថ​​និងរថយន្ដរបស់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបផងដែរ។

សូមបញ្ជាក់ថា កាលពីដើមខែមីនាឆ្នាំ២០១៧នេះ តូបលក់ដូររបស់អាជីវករជិត១០០តូប​នៅផ្សារពោធិលង្ការ ក្រុងសៀម​​រាប ក៏ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសង្ស័យឆ្លងខ្សែ​ចរន្ដរអគ្គិសនីពីបង្គោ​ល​ភ្លើងក្បែរផ្សារ។

ក្រុមអាជីវករនៅផ្សារពោធិលង្ការឲ្យដឹងថា ឧបទ្ទវហេតុនេះ ប​ណ្ដា​​​ល​លមកពីឆ្លងខ្សែ​ចរន្ដរអគ្គិសនី​​ពីបង្គោលភ្លើងក្បែរផ្សារ ហើយរាលដាលចូលឆេះអីវ៉ាន់ក្នុងតូប ខណៈ​ដែលខ្សែភ្លើងនៅ​លើបង្គោលភ្លើងនោះគ្មានការរៀបចំត្រឹមត្រូវតាមស្ដង់ដាទើបធ្វើ​ឲ្យឆ្លងចរន្ដ​បែបនេះ។

មកដល់ពេលនេះ ក្រុមអាជីវករមិនទាន់មានតូបលក់នៅឡើយទេ ដោយបាននាំគ្នាលក់ដូរនៅតាមបណ្ដោយស្ទឹងសៀមរាប៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles