
ប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា ធ្វើបាតុកម្មនៅមុខរដ្ឋសភាថ្ងៃទី ២៤ កញ្ញា ២០១២ កន្លងទៅ។
រយៈពេល ១ ខែ ហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ បានដាក់ឱសានវាទ ឲ្យប្រជាពលរដ្ឋ បុរីកីឡា ចំនួន ១៥ គ្រួសារ ក្នុងចំណោម ១៥៤ គ្រួសារ មកទទួលយកដំណោះស្រាយពីអាជ្ញាធរ។ ក៏ប៉ុន្តែប្រជាពលរដ្ឋទាំង ១៥ គ្រួសារ នោះនៅតែមិនទាន់ឯកភាព ទទួលយកដំណោះស្រាយរបស់អាជ្ញាធរនៅឡើយទេ។ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បញ្ជាក់ថា អាជ្ញាធរនៅតែបើកផ្លូវឲ្យប្រជាពលរដ្ឋទាំង ១៥ គ្រួសារ មកទទួលដំណោះស្រាយដដែល។
នៅក្នុងសិន្និសីទកាសែតកាលពីថ្ងៃទី ០៧ ខែ មីនា អាជ្ញាធរបានដាក់កំហិតត្រឹមរយៈពេល ១ ខែ ឲ្យប្រជាពលរដ្ឋទាំង ១៥ គ្រួសារ មកទទួលយកដំណោះស្រាយ។ អាជ្ញាធររាជធានីភ្នំពេញ បានផ្ដល់ជម្រើស២ សម្រាប់ប្រជាពលរដ្ឋទាំង១៥ គ្រួសារ ដោយជម្រើស ទី១ ទទួលយកលុយ ៣ពាន់ដុល្លារដើម្បីចាកចេញ ឬត្រូវទៅរស់នៅភូមិអណ្ដូង ជាយរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ រហូតដល់ថ្ងៃកំណត់រយៈពេល ១ ខែ កាលពីថ្ងៃទី ៧ មេសា ក្រុមប្រជាពលរដ្ឋទាំង ១៥គ្រួសារ នោះ នៅតែមិនព្រមទទួលយកដំណោះស្រាយទាំង២ ខាងលើនេះទេ ហើយនៅរក្សាជំហរទាមទាររស់នៅក្នុងអគារនៅបុរីកីឡា ឬយកសំណង ៤ម៉ឺនដុល្លារ ជាថ្នូរនឹងការចាកចេញ។ នេះបើតាម លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធលំនៅដ្ឋាន។
តំណាងប្រជាពលរដ្ឋ អ្នកស្រី គឹម សារ៉ាន់ ដែលមិនព្រមចូលខ្លួនទទួលយកគោលនយោបាយធ្លាប់បានលើកឡើងថា ពួកគាត់ត្រូវបានអាជ្ញាធរបញ្ជូនឲ្យទៅរស់នៅតំបន់ភ្នំបាត នោះអស់រយៈពេលជិត ៦ឆ្នាំមកហើយ ដែលនៅទីនោះជាតំបន់ដាច់ស្រយាល ពុំមានទឹកស្អាតប្រើប្រាស់ និងខ្វះមុខរបរចិញ្ចឹមជីវិត ធ្វើឲ្យជីវភាពពួកគាត់ធ្លាក់ដុនដាបខ្លាំង។
យ៉ាងណាក៏ដោយ ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច លោកស្រី ស៊ុយ សុផាន បានថ្លែងពីជំហររបស់ខ្លួនដែរថា ក្រុមហ៊ុន នឹងមិនទទួលខុសត្រូវទៀតនោះទេ បើប្រជាពលរដ្ឋនៅតែមិនមកទទួលយកដំណោះស្រាយរបស់អាជ្ញាធរ និង ក្រុមហ៊ុន។
ប៉ុន្តែ លោក សៀ ភារម្យ តំណាងមកពីអង្គការសិទ្ធិលំនៅដ្ឋាន បានប្រាប់វិទ្យុបារាំងថា បើទោះឱសានវាទរបស់អាជ្ញាធររាជធានីភ្នំពេញ បានកន្លងផុតយ៉ាងណាក៏ដោយ អាជ្ញាធរ នឹងនៅតែបើកផ្លូវឲ្យប្រជាពលរដ្ឋទាំង ១៥ គ្រួសារ នោះ មកទទួលយកជម្រើសដែលផ្តល់ជូនដោយអាជ្ញាធរដដែល។
សូមរំឮកជូនថា កាលពីឆ្នាំ២០០៣ រាជរដ្ឋាភិបាល បានប្រគល់ដីនៅតំបន់បុរីកីឡា ឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីអភិវឌ្ឍជាបុរីផ្ទះល្វែង ក្នុងនោះក្រុមហ៊ុនត្រូវសាងសង់អគារផ្ទះល្វែងចំនួន ១០ ជាសំណងឲ្យប្រជាពលរដ្ឋជាង ១៧០០គ្រួសារដែលរស់នៅទីនោះ។ ប៉ុន្តែការតវ៉ាបានកើតមានជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុនសាងសង់អគារបានតែ ៨អគារ ហើយក្រុមហ៊ុន និងអាជ្ញាធរ អះអាងថា អ្នកដែលតវ៉ា មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានផ្ទះនៅតំបន់នោះទេ៕