សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោ​អាវ​នៅ​ឡើយ​ទេ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 4:49 PM
http://vodhotnews.com

សន្ដិសុខ

ជន​រងគ្រោះ​ដែល​​​ផ្ទុះ​ឡ​ចំហុយ​​អ៊ុត​​ខោ​អាវ​​ (រូបភាពពី​វេបសាយ​នគរបាល​ជាតិ​)


អធិការ​នគរបាល​ខណ្ឌ​មានជ័យ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ សមត្ថកិច្ច​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោអាវ ដែល​សម្លាប់​មនុស្ស​ម្នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ទៀត​រង​របួស​ធ្ងន់​។

វេបសាយ​នគរបាល​ជាតិ បាន​ផ្សាយ​ថា បុរស​ជា​សន្តិសុខ​ម្នាក់ បាន​ស្លាប់ ខណៈ​ដែល​ស្ត្រី​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ទាំង​ពីរ និង​បុរស​ម្នាក់​ទៀត បាន​រង​របួស​ដាច់ជើង​​ម្ខាង នៅ​ក្រោយ​ការ​ផ្ទុះ​ឡ​អ៊ុត​ខោ​អាវ​មួយ នៅ​ព្រឹក​​ថ្ងៃ​នេះ។ អ្នក​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ហើយ។

រូបថត​នៅ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​​ម្នាក់​ប្រឡាក់​ទៅ​ដោយ​ឈាម​ដេក​ស្លាប់​នៅ​លើ​កម្រាល​បេតុង ខណៈ​ដែល​កម្ទេច​កម្ទី​នានា បាន​បាក់​បែក​រាយ​ប៉ាយ​ក្នុង​បរិវេណ​អគារ​មួយ។

អធិការ​នគរបាល​ខណ្ឌ​មានជ័យ លោក តេង ស៊ីណូ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មិន​អាច​បញ្ជាក់​បាន​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​ឡ​ចំហុយ​អ៊ុត​ខោ​អាវ​នោះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​រសៀល​ថ្ងៃ​នេះ។

ករណី​នេះ បាន​កើត​ឡើង​ ២​សប្ដាហ៍​ក្រោយ​ពី​ការ​ផ្ទុះ​ឡ​ក្នុង​រោង​ចក្រ​មួយ​នៅ​រោងចក្រ​ ស៊ិន តៃ ស្ថិត​ក្នុង​ខណ្ឌ​សែនសុខ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​កន្លង​មក ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៧​នាក់​ទៀត​រង​របួស។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​ធ្វេស​ប្រហែស​បណ្ដាល​ឲ្យ​ផ្ទុះ​ឡ​ចំហាយ​ទឹក​នោះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles