ដោយ ប្រាជ្ញ ចេវ
2017-04-08
RFA

សាកសពសន្តិសុខដែលស្លាប់ដោយសារការផ្ទុះឡចំហាយ នៅក្នុងរោងចក្រមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។ RFA/Brach Chev
![]()
សមត្ថកិច្ចសម្រេចបិទសិប្បកម្មកែច្នៃសម្លៀកបំពាក់មួយកន្លែងបណ្ដោះអាសន្នសិន បន្ទាប់ពីមានករណីផ្ទុះឡចំហាយបណ្ដាលកម្មករ ២នាក់ស្លាប់ និង ៤នាក់រងរបួស។ ករណីនេះកើតឡើងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា។
មិនទាន់មានការពន្យល់ផ្លូវការពីក្រុមសមត្ថកិច្ចជំនាញពីករណីផ្ទុះឡចំហាយនៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ចថា ករណីនេះកើតឡើងព្រោះការធ្វេសប្រហែសរបស់ម្ចាស់សិប្បកម្ម។ កម្មករពីរនាក់ដែលរងគ្រោះម្នាក់ជាសន្តិសុខបានស្លាប់ភ្លាមៗនៅក្នុងកន្លែងកើតហេតុ រីឯកម្មករម្នាក់ទៀតជាស្ត្រីបម្រើការងារផ្នែកអនាម័យ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកអ្នករបួសកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
កម្មករធ្វើការនៅសិប្បកម្មនេះ គឺលោក ឡន យូ រៀបរាប់ថា ពេលផ្ទុះឡ បំណែកដែកខ្ទាតចេញក្រៅរបង នៅពេលនោះដែរ លោកឃើញសន្តិសុខដែលបាត់បង់ជីវិត ខ្ទាតចេញបុករបងមកក្រៅ។ លោកថា កាលពីបីថ្ងៃមុនកើតករណីនេះ ឡនេះបានផ្ដល់សញ្ញាចង់ផ្ទុះម្ដងហើយ ប៉ុន្តែត្រូវថៅកែហៅអ្នកជំនាញកែសម្រួលឡើងវិញ៖ «»។
ករណីផ្ទុះឡចំហាយ កាលពីរសៀលថ្ងៃទី៨ ខែមេសា ជាពេលដែលកម្មករធ្វើការនៅរោងសិប្បកម្មកែច្នៃសម្លៀកបំពាក់សម្រាកពិសាបាយ។ ឡដែលផ្ទុះនោះ គេប្រើប្រាស់កម្ដៅភ្លើងអុស ទឹក បូកផ្សំនឹងចរន្តអគ្គិសនីដើម្បីយកចំហាយក្ដៅនោះមកប្រើប្រាស់។
កម្មករឲ្យដឹងថា រោងសិប្បកម្មនេះ ត្រូវបានសមត្ថកិច្ចបិទមិនឲ្យដំណើរការម្តងរួចហើយ ប៉ុន្តែទើបដំណើរការឡើងវិញ កាលពីដើមខែមេសា។ កម្មករជំនាញមួយចំនួនដែលធ្វើការនៅសិប្បកម្មនេះឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រសិនបើអ្នកមើលថែដុតឡ ត្រូវជាមនុស្សជំនាញដឹងពេលត្រូវដុតអុស និងបញ្ចេញកម្ដៅជាដើម នោះមិនមានបញ្ហានេះកើតឡើងទេ។ ពួកគេឲ្យដឹងទៀតថា សន្តិសុខដែលបាត់បង់ជីវិតក្នុងពេលដុតអុសនោះ មិនមែនជាអ្នកជំនាញផ្នែកឡទេ។
នាយករដ្ឋបាលសាលាខណ្ឌមានជ័យ លោក ហួយ វីរៈ ដែលបានចុះទៅដល់កន្លែងកើតហេតុ ឲ្យអាស៊ីសេរីដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងសាកសួរម្ចាស់សិប្បកម្មធ្វើរបាយការណ៍ដែលឈានដល់ទៅការបញ្ជូនសំណុំរឿងនេះទៅព្រះរាជអាជ្ញា។ លោកឲ្យដឹងទៀត ទីតាំងសិប្បកម្មនេះមិនទាន់មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនោះទេ។ អ្វីផ្សេងពីនេះ លោកសុំមិនធ្វើអត្ថាធិប្បាយនោះទេ៖ «»។
ទាក់ទងរឿងនេះ អាស៊ីសេរី មិនអាចបញ្ជាក់បន្ថែមពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីបាននៅឡើយ។ នាយករដ្ឋបាលសាលាខណ្ឌមានជ័យ លោក ហួយ វីរៈ និយាយថា ប្រសិនសមត្ថកិច្ចរកឃើញថា រឿងនេះជាប់ទាក់ទងករណីបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចនឹងកសាងសំណុំរឿងនេះតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

សាកសពសន្តិសុខដែលស្លាប់ដោយសារការផ្ទុះឡចំហាយ នៅក្នុងរោងចក្រមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

សមត្ថកិច្ចនិងអ្នកកាសែត នៅកន្លែងផ្ទុះឡចំហាយ នៅក្នុងរោងចក្រមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

កន្លែងផ្ទុះឡចំហាយ នៅក្នុងរោងចក្រមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

កន្លែងផ្ទុះឡចំហាយ នៅក្នុងរោងចក្រមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

កន្លែងផ្ទុះឡចំហាយ នៅក្នុងរោងចក្រមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

កន្លែងផ្ទុះឡចំហាយ នៅក្នុងរោងចក្រមួយក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។