តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ស្ត្រី​ម្នាក់​សង្ស័យ​ប្រមាថ​មេដឹកនាំ​បក្ស​កាន់​អំណាច

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០១៧​ | ម៉ោង 3:38 PM
http://vodhotnews.com

សិទ្ធិមនុស្ស

ស្ត្រីដែល​​​យក​ស្បែក​ជើង​គប់​លើ​ផ្ទាំង​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា (រូបថត​ពីបណ្តាញ​សង្គម​)


តុលាការ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​កោះ​ហៅ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បានគេ​ចោទ​ថាបាន​ប្រមាថ​មេដឹកនាំ​បក្ស​កាន់​អំណាច ឲ្យ​ចូល​បំភ្លឺ​នៅ​ស្នងការ​នគរបាល​ខេត្ត​នេះ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៨ ខែ​មិថុនា។

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​មួយ​ដែល​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​ស្ត្រី​ម្នាក់​បាន​យក​ស្បែក​ជើង​គប់​លើ​ផ្ទាំង​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ភ្ជាប់​ទៅ​ដោយ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន។

រូបថត​មួយ​ចំនួន បាន​បង្ហាញ​ស្ត្រី​នោះ​ឈរ​ថត​រូប​រួម​គ្នា​​ជាមួយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ។ លិខិត​បញ្ជាក់​លំនៅឋាន​មួយ​សន្លឹក បាន​បង្ហាញ​ថា ស្ត្រី​រូប​នោះ​មាន​ឈ្មោះ​ថា សំ សុខា ស្នាក់​នៅ​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

ក្នុង​ដីកា​បញ្ជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ព្រះ​រាជ​អាជ្ញា​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា បាន​បញ្ជា​ទៅ​ស្ត្រី​ឈ្មោះ សំ សុខា ឲ្យ​ទៅ​បំភ្លឺ​នៅ​ស្នងការ​នគរបាល​ខេត្ត​នេះ ឲ្យ​បាន​មុន​ថ្ងៃ​ទី​០៨ ខែ​ខែ​មិថុនា​ខាង​មុខ ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង​ប្រមាថ និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង។

តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​ដី​កា​បញ្ជា​បែប​នេះ តែ​មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ស្ត្រី​រូប​នោះ​បាន​ប្រមាថ​ទៅ​មេដឹកនាំ​បក្ស​កាន់​អំណាច៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles