ដោយ ម៉ែន សុធីរ
2017-04-09
RFA

គោយន្តដឹកឈើគ្រាក់ប្រភេទសុក្រំចេញពីតំបន់ព្រៃឡង់ខែត្រក្រចេះ កាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។ រូបថតសហគមន៍ព្រៃឡង់
![]()
សកម្មជនព្រៃឡង់ និងជនជាតិដើមភាគតិចកួយ រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ បារម្ភពីសកម្មភាពដឹកជញ្ជូនឈើនៅតំបន់ព្រៃឡង់ កំពុងកើតមានពេញបន្ទុកដោយប្រើគោយន្តជាមធ្យោបាយ និងមានថៅកែចាំទទួលទិញនៅមូលដ្ឋាន។ សហគមន៍អះអាងថា អ្នកដឹកឈើប្រាប់ថា ពួកគេអាចដឹកឈើដល់គោលដៅបាន លុះត្រាតែបង់ប្រាក់ឲ្យមន្ត្រីពាក់ព័ន្ធ។
សហគមន៍ការពារព្រៃឡង់រកឃើញថា អំពើពុករលួយ គឺជាផ្នែកមួយរួមចំណែកបំផ្លាញព្រៃឡង់ជាប្រព័ន្ធ ដែលទាមទារឲ្យក្រសួងបរិស្ថាន លុបបំបាត់ជាបន្ទាន់។ ការលើកឡើងនេះ ក្រោយពីសហគមន៍ព្រៃឡង់ខែត្រក្រចេះ ប្រទះឃើញឈ្មួញដឹកជញ្ជូនឈើសុក្រំ ១៨គោយន្ត ឋិតនៅចំណុចផ្លូវក្រុមហ៊ុនកូរ៉េ ត្រូវសហគមន៍ឃាត់ទុក និងបានផ្តល់ដំណឹងទៅមន្ត្រីបរិស្ថាន។ ក្រោយពីឃាត់ភ្លាម អ្នកដឹកឈើទាំងនោះបង្ហើបថា ពួកគេអាចដឹកឈើបាន ត្រូវបង់ប្រាក់ឲ្យមន្ត្រីបរិស្ថាន មួយគោយន្ត ១០ម៉ឺនរៀល និងមន្ត្រីកងរាជអាវុធហត្ថផង។
សមាជិកសហគមន៍ព្រៃឡង់ ខែត្រក្រចេះ លោក ឯក វណ្ណា ឲ្យដឹងនៅថ្ងៃទី៩ មេសា ថា ឈើលេខមួយសុក្រំមានមុខកាត់ចាប់ពី ៣តឹកកន្លះឡើងទៅ ប្រវែង ៤ម៉ែត្រ ត្រូវឈ្មួញដឹកជញ្ជូនតាមគោយន្តចំនួន ១៨គ្រឿងកាលពីយប់ថ្ងៃទី៨ មេសា។ ក្រៅពីនេះ សហគមន៍បានប្រទះឃើញឈើជិត ១០០ម៉ែត្រគូប ដែលគេដឹកមកលក់ទុកនៅចំណុចទួលមានសេវា ជាប្រភេទឈើគ្រឿងផ្ទះ។ លោកមើលឃើញថា ជោគវាសនាព្រៃឡង់នៅតែមានហានិភ័យខ្ពស់ ខណៈវិធានការបង្ក្រាបរបស់អាជ្ញាធរពាក់ព័ន្ធ ហាក់ទន់ជ្រាយនៅឡើយ ហើយអាចមានអំពើពុករលួយជាប្រព័ន្ធ៖ «យើងមើលចំណាត់ការតែមួយល្ងាចផង យើងអាចជួបប្រទះដល់ប៉ុណ្ណឹងហើយ។ ចុះទម្រាំតែរាល់ថ្ងៃ ដែលយើងពុំទាន់បានចុះទៅ ព្រោះថាសកម្មភាពការដឹកល្ងាចមិញ វាគគ្រឹកគគ្រេង គឺរាល់ពេលសហគមន៍ចុះទៅ គឺឃើញរូបភាពបែបហ្នឹងតែម្តង»។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ សហគមន៍ប្រទះឃើញឈើរាប់រយម៉ែត្រគូប ត្រូវបានគេដឹកមកទុកនៅបរិវេណព្រៃសហគមន៍ប្រាសាទតាខ្មៅ ជាប់ព្រៃឡង់ និងបានរាយការណ៍ទៅមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ក៏ប៉ុន្តែមន្ត្រីទាំងនោះបានរុញច្រានការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។
ប្រធានមន្ទីរបរិស្ថាន ខែត្រក្រចេះ លោក ដួង ឆាយសាវុធ មានប្រសាសន៍ថា ពុំមានការដឹកជញ្ជូនឈើចំនួន ១៨គោយន្តនោះទេ គឺមានតែ ៨គោយន្តដែលមន្ត្រីបរិស្ថាន បានឃាត់ទុកជាប្រភេទឈើគ្រាក់ចំនួនជាង ៦ម៉ែត្រគូប។ លោកបញ្ជាក់ថា ឈើគ្រាក់ គឺជាឈើដែលគេរើសតាមព្រៃ ពុំមែនឈើថ្មីនោះទេ ហើយឈើទាំងនោះ មន្ត្រីបរិស្ថានបានដឹកមកទុកក្នុងទីស្នាក់ការអស់ហើយ។ ចំណែកម្ចាស់គោយន្ត មន្ត្រីជំនាញតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់។ លោកថា ប្រសិនបើមន្ត្រីបរិស្ថាន ទទួលសំណូកបទល្មើសព្រៃឈើ លោកនឹងអប់រំណែនាំ និងអនុវត្តនីតិវិធីរដ្ឋបាល៖ «ឈើអារថ្មីដែលជនល្មើសលួចមកលាក់ទុកកន្លែងហ្នឹង ឥឡូវខ្ញុំកំពុងស្រាវជ្រាវរកអ្នកប្រព្រឹត្តិល្មើស ដើម្បីកសាងសំណុំរឿងទៅតុលាការ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ធ្លាប់បញ្ជាក់ថា ក្រសួងបរិស្ថាន បានណែនាំឲ្យមន្ទីរបរិស្ថានទាំងបួនខែត្រ ធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការជាប់ជាប្រចាំពីស្ថានភាពព្រៃឈើនៅព្រៃឡង់ ប្រសិនបើមានករណីលួចកាប់ឈើ ឬក៏ឈូសឆាយព្រៃក្នុងដែនជម្រកសត្វនៅព្រៃឡង់ ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ត្រូវចាត់វិធានការច្បាប់។
មន្ត្រីជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការទទួលប្រយោជន៍ពីបទល្មើសព្រៃឈើ ជាទម្រង់នៃអំពើពុករលួយជាប្រព័ន្ធ និងជាអំពើខុសច្បាប់ បណ្ដាលឲ្យការអនុវត្តគោលនយោបាយអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលពុំមានប្រសិទ្ធភាព។ លោកថា សហគមន៍មានសិទ្ធិប្ដឹងអាជ្ញាធរពាក់ព័ន្ធ ទៅស្ថាប័នអយ្យការ៖ «ពាក់ព័ន្ធទទួលសំណូក និងបង់ថែមទៀត គឺជាអំពើពុករលួយ ដែលជាបទឧក្រិដ្ឋ។ កាលណាក្លាយជាបទឧក្រិដ្ឋ សហគមន៍មានសិទ្ធិដាក់បណ្ដឹងចំពោះមន្ត្រីទទួលខុសត្រូវទាំងអស់ហ្នឹង»។
ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សង្គមស៊ីវិលគ្មានជំនឿថាសមត្ថកិច្ចអាចរកអ្នកពាក់ព័ន្ធករណីរថយន្តដឹកឈើ២គ្រឿង
-
ពលរដ្ឋខែត្រត្បូងឃ្មុំថាការចរាចរឈើប្រណិតទៅវៀតណាមនៅតែបន្តកើតមាន
-
ជនជាតិដើមភាគតិចកួយខែត្រស្ទឹងត្រែងថាបទល្មើសព្រៃឈើកើតមានច្រើន
-
វៀតណាម៧នាក់ទៀតនិងខ្មែរ២នាក់ត្រូវប៉ូលិសឃាត់ខ្លួនពីបទកាប់ឈើដោយខុសច្បាប់
-
សហគមន៍ខេត្តកំពង់ធំថាព្រៃសហគមន៍អូរតាគង់រងការកាប់បំផ្លាញរៀងរាល់យប់
-
មន្ត្រីសង្គមស៊ីវិលអំពាវនាវឲ្យចាត់វិធានការម៉ឺងម៉ាត់លើវៀតណាមចូលកាប់ឈើក្នុងដីខ្មែរ
-
ពលរដ្ឋខែត្រស្ទឹងត្រែងស្វែងរកអន្តរាគមន៍ជួយទប់ស្កាត់ការទន្ទ្រានកាប់ដើមឈើផលិតជ័រទឹក
-
ព្រៃឈើសហគមន៍ការពារមួយកន្លែងនៅខេត្តរតនគិរីរងការកាប់យកឈើ
-
សហគមន៍ព្រៃសង្ឃរុក្ខវ័ន្តអំពាវនាវឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ការលួចកាប់ឈើនិងបរបាញ់សត្វ