ដោយ សាន សែល
2017-04-10
RFA

ប្រជាកសិករលើកស្រូវដើម្បីយកទៅលក់ឲ្យឈ្មួញនៅម្ដុំមុខសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៦។ RFA/Hum Chamroeun
![]()
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ មេសា លើកឡើងពីការអភិវឌ្ឍវិស័យកសិកម្ម និងបង្ហាញយុទ្ធសាស្ត្រជួយកសិករនៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់លើផលិតផលស្រូវដែលដើរតួនាទីសំខាន់សម្រាប់នាំចេញទៅបរទេស។ ចំណែកអ្នកជំនាញផ្នែកកសិកម្ម ស្នើឲ្យរដ្ឋាភិបាលអនុវត្តគោលនយោបាយដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព។
នេះអាចជាសន្និសីទបូកសរុបការងាររបស់ក្រសួងរដ្ឋចុងក្រោយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអធិបតីរៀបរាប់ពីស្នាដៃល្អៗរបស់រដ្ឋាភិបាលលោក មុននឹងការបោះឆ្នោតឃុំ–សង្កាត់ដែលនឹងមកដល់ក្នុងរយៈពេលមិនដល់ពីរខែទៀតទេ។
ក៏ប៉ុន្តែសន្និសីទរបស់ក្រសួងកសិកម្ម នេះ អាចជាប្រធានបទសំខាន់ជាងគេសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលនឹងត្រូវទៅបោះឆ្នោតនាពេលខាងមុខ ដោយសារប្រហែល ៧០ភាគរយនៃប្រជាជនជាង ១៥លាននាក់ជាកសិករ ហើយវិស័យកសិកម្មនេះតំណាងប្រមាណ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ដែលមានទំហំជាង ១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ដោយទំនងជាសំដៅទៅលើការចេញបិទផ្លូវតវ៉ារបស់កសិករជាង ១ពាន់នាក់ កាលពីឆ្នាំ២០១៦ បន្ទាប់ពីស្រូវធ្លាក់ថ្លៃមិនដល់ ៨០០រៀលក្នុងមួយគីឡូក្រាម លោកនាយករដ្ឋមន្ត្រីពន្យល់ឡើងវិញថា ស្រូវលក់មិនបានថ្លៃ មិនមែនតែនៅប្រទេសកម្ពុជា នោះទេ គឺវាជាឥទ្ធិពលនៃការដាំក្បាលចុះថ្លៃស្រូវលើទីផ្សារអន្តរជាតិ។ ការធ្លាក់ថ្លៃស្រូវនេះ បាននាំកសិករមួយចំនួនគ្មានលទ្ធភាពសងប្រាក់បំណុល ដែលខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន រាយការណ៍នៅក្នុងសន្និបាតប្រចាំឆ្នាំនៅថ្ងៃទី១០ មេសា ថា កម្ពុជា នាំអង្ករចេញទៅក្រៅប្រទេសបានចំនួនជាង ៥៤ម៉ឺនតោន (៥៤២.១៤៤តោន) កាលពីឆ្នាំ២០១៦។ លោកកត់សម្គាល់ថា ប្រជាកសិករចំនួន ៩២ភាគរយ ងាកមកធ្វើកសិកម្មដោយប្រើគ្រឿងយន្ត។ ការនាំចេញផលិតផលកៅស៊ូដែលជាដំណាំកសិឧស្សាហកម្ម មានចំនួនជាង ១៤,៥ម៉ឺនតោន (១៤៥.១០០តោន) ឬកើន ១៣ភាគរយ។
លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងក៏បានបង្ក្រាបបទល្មើសនេសាទជាង ៣.៥០០ករណី (៣.៦៥០ករណី) ហើយក៏បានបង្កើតសហគមន៍នេសាទ ៥១៦សហគមន៍។
ទាក់ទងនឹងការវិវឌ្ឍន៍វិស័យកសិកម្មនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះកសិករនោះទេ។ លោកសន្យាថា រដ្ឋាភិបាលនឹងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ឲ្យកសិករប្រើប្រាស់ ហើយនឹងពង្រីកទីផ្សារកសិកម្មជូនកសិករ។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលនយោបាយគ្រប់គ្រងដី ដោយការដកយកដីសម្បទានមកវិញ សម្រាប់ឲ្យកសិករយកដីទៅធ្វើស្រែចម្ការវិញ។ លោកផ្តល់យោបល់ដល់កសិករ ឲ្យផលិតស្រូវសុទ្ធ ដោយលោកថាស្រូវសុទ្ធលក់បានថ្លៃល្អ។
ឆ្លើយតបនឹងការលើកឡើងទាំងនេះ អ្នកជំនាញផ្នែកកសិកម្ម លោក សម វិទូ នាយកប្រតិបត្តិអង្គការសេដាក (CEDAC) ចាត់ទុកការរៀបចំផែនការទុកជាមុននេះ ផ្តល់ប្រយោជន៍ដល់កសិករ ក៏ប៉ុន្តែដើម្បីធានាថាវាបានផ្តល់ប្រយោជន៍ពិតមែនដល់កសិករ លោកស្នើរដ្ឋាភិបាលប្ដេជ្ញាអនុវត្តតាមគោលនយោបាយដែលបានចែង ដោយត្រូវចាត់មន្ត្រីជំនាញទៅបង្រៀនកសិករ ផ្នែកបច្ចេកទេស និងរបៀបលក់ផលិតផល ដល់មូលដ្ឋាន ផ្តល់ទុនដល់កសិករ ដោយផ្តល់ប្រាក់កម្ចីយកការប្រាក់ទាប ហើយបង្កើត និងរកទីផ្សារសម្រាប់លក់ផលិតផល ពិសេសជួយសម្រួលការដឹកជញ្ជូនផលិតផលកសិកម្ម ហើយកម្ចាត់កុំឲ្យមានការទារប្រាក់ពីសំណាក់អាជ្ញាធរ ពេលដឹកទំនិញទៅលក់នៅទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
ក្រសួងបញ្ជាឲ្យក្រុមហ៊ុនឈប់នាំចូលថ្នាំកសិកម្មដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជា
-
ស្រូវប្រាំងរាប់រយហិកតារនៅស្រុកស្ទោងមិនទាន់មានទឹកស្រោចស្រពនៅឡើយ
-
ស្រូវប្រាំងរាប់រយហិកតារនៅឃុំចំណារលើខេត្តកំពង់ធំខ្វះទឹកស្រោចស្រព
-
កម្ពុជានាំចេញអង្ករមានកំណើនតិចតួចនៅឆ្នាំ២០១៦ខណៈចិនជាទីផ្សារទី១
-
ពលរដ្ឋខេត្តត្បូងឃ្មុំត្អូញត្អែរថាទិន្នផលស្រូវធ្លាក់ចុះខ្លាំងដោយសារជំនន់ទឹកភ្លៀង
-
កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិកើន៥%រយៈពេល១១ខែក្នុងឆ្នាំ២០១៦
-
សហគមន៍អឺរ៉ុបឲ្យអ្នកនាំអង្ករទៅអឺរ៉ុបប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញប្រភេទថ្មី
-
សហព័ន្ធស្រូវអង្ករកម្ពុជាជំរុញរដ្ឋាភិបាលឲ្យពន្លឿនការដោះស្រាយថ្លៃដឹកជញ្ជូន
-
កសិករមកពី៨ប្រទេសជួបពិភាក្សាគ្នាពីបញ្ហាទីផ្សារកសិផលនៅខេត្តបាត់ដំបង
-
សង្គមស៊ីវិលនិងបណ្ដាញកសិករធ្វើយុទ្ធនាការជំរុញរដ្ឋាភិបាលដោះស្រាយវិបត្តិទីផ្សារកសិកម្ម