អតីត​ទីតាំង​ខ្មែរក្រហម​ ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច

លោក ទេព ឃុនណាល់ អតីត​លេខា​ផ្ទាល់​របស់​លោក ប៉ុល ពត។ រូបថត Omar Havana/New York Times

លោក ទេព ឃុនណាល់ អតីត​លេខា​ផ្ទាល់​របស់​លោក ប៉ុល ពត។ រូបថត Omar Havana/New York Times



ភ្នំពេញប៉ុស្តិ៍

ម៉ាឡៃៈ អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទេព ឃុនណាល់ គឺជា​លេខា​ផ្ទាល់​ខ្លួន​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​លោក ប៉ុល ពត ដែល​នៅ​តែ​ស្មោះស្ម័គ្រ​ចំពោះ​មេដឹកនាំ​កុម្មុយនីស្ត​ជ្រុលនិយម​នេះ បើ​ទោះបី​ជា​នៅ​ពេល​ចលនា​របស់​ខ្មែរ​ក្រហម​បាន​ដួល​រលំ​នៅ​ចុង​ទសវត្សរ៍ ៩០ ក៏ដោយ។

ដោយ​ត្រូវ​បង្ខំ​ចិត្ត​កសាង​ជីវិត​ផ្ទាល់​ខ្លួន​បន្ទាប់ពី​ការ​ស្លាប់​របស់​ ប៉ុល ពត លោក ឃុនណាល់ បាន​គេច​ខ្លួន​ទៅ​នៅ​ព្រំដែន​ថៃ​ហើយ​បាន​ចាប់ផ្តើម​ធ្វើ​តាម​វិធីសាស្រ្ត​របស់​លោក Peter Drucker ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អាជីវកម្ម និង​អ្នក​ទ្រឹស្តី​ជនជាតិ​អូស្រ្តាលី‑អាមេរិក។

លោក ឃុនណាល់ ថ្លែង​ថា៖ «ខ្ញុំ​ដឹង​ថា​ប្រទេស​មួយ​ចំនួន​ដទៃ​ទៀត​នៅ​អាមេរិក​ខាង​ត្បូង ជប៉ុន ពួកគេ​បាន​សិក្សា​អំពី Drucker ហើយ​ពួកគេ​បាន​ប្រើប្រាស់​គំនិត​របស់ Drucker និង​បាន​ធ្វើ​ឲ្យ​ប្រទេស​របស់​ខ្លួន​រុងរឿង»។

ប្រជាជន​ដែល​រស់​នៅក្នុង​ទីក្រុង​ហុយដី ប៉ុន្តែ​មមាញឹក​នេះ​ស្ទើរ​សុទ្ធ​តែ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម ឬ​កម្មាភិបាល​ខ្មែរ​ក្រហម​ព្រម​ទាំង​គ្រួសារ​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​បាន​មក​រស់នៅ​ជា​លក្ខណៈ​មូលធន​និយម បើ​ទោះបី​ជា​អតីតកាល​ពួកគេ​ធ្លាប់​ប្រយុទ្ធ​ដើម្បី​បំផ្លាញ​មូលធន​និយម ការ​បែងចែក​វណ្ណៈ ពាណិជ្ជកម្ម​សេរី និង​ថែម​ទំាង​ការ​ចាយ​លុយ​ក៏ដោយ។

លោក ឃុនណាល់ បាន​ជួយ​ដឹកនាំ​ផ្លូវ​ជា​ស្ថាបនិក​ក្រុមហ៊ុន​នាំ​ចេញ​កសិកម្ម​មួយ និង​ធនាគារ​មីក្រូហិរញ្ញវត្ថុ​តូច​មួយ​សម្រាប់​កសិករ​ពី​មុន​ពេល​ក្លាយ​ជា​អភិបាល​ស្រុក។ តាមរយៈ​តំណែង​នោះ​លោក​បាន​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​របស់​លោក​ឲ្យ​ធ្វើ​តាម។

ទីផ្សារ​នៅ​ម៉ាឡៃ គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​អតីត​មន្រ្តី​ខ្មែរ​ក្រហម។ ជំរុញ​ដោយ​ធនាគារ​កសិករ​របស់​លោក​ ទេព ឃុនណាល់ ឥឡូវ​នេះ​មាន​អង្គការ​បែប​នេះ​ចំនួន ៦ នៅ​ម៉ាឡៃ។

ជោគជ័យ​នៃ​អាជីវកម្ម​របស់​លោក ឃុនណាល់ បាន​ធ្វើ​ឲ្យ​មាន​ក្រុមហ៊ុន​នាំ​ចេញ​ដំឡូងមី​ជាង ១០ ដែល​ភាគច្រើន​ដឹកនាំ​ដោយ​អតីត​ទាហាន​ខ្មែរ​ក្រហម ឬ​អ្នក​ហែ​តាម​ខ្មែរ​ក្រហម។ ជា​រៀងរាល់​រសៀល​នៃ​ថ្ងៃ​ធ្វើការ​ផ្លូវ​សំខាន់​របស់​ក្រុង​នេះ​គឺ​ពោរពេញ​ដោយ​រថយន្ត​ដឹក​ដំឡូងមី​ទៅ​ព្រំដែន។

លោក ឌីម សុខ ដែល​ជា​មន្រ្តី​មូលដ្ឋាន​ម្នាក់​ថ្លែង​ថា៖ «យើង​បាន​ចូលរួម​របប​កុម្មុយនីស្ត​ហើយ​ឥឡូវ​នេះ​យើង​បាន​ចូលរួម​ជាមួយ​ពួក​មូលធន​និយម​ដែល​មាន​លក្ខណៈ​ប្រសើរ​ខ្លាំង​ណាស់»។

លោក ឌីម សុខ អាយុ ៦៥ ឆ្នាំ​ដែល​ជា​កសិករ​ស្ទើរ​មិន​ចេះ​អក្សរ​កាល​ពេល​លោក​ក្លាយ​ជា​អ្នក​បដិវត្តន៍​ក្នុង​ឆ្នាំ ១៩៧០ ដោយ​ចូល​ទៅ​ក្នុង​ព្រៃ​ជាមួយ​ខ្មែរ​ក្រហម​អស់​រយៈពេល ៥ ឆ្នាំ​ពី​មុន​ពេល​ដណ្តើម​អំណាច​បាន​ពី​រដ្ឋាភិបាល។

នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​ប្រទេស​ក្លាយ​ជា​សង្គម​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ការ​ធ្វើ​ស្រែ​សមូហភាព រដ្ឋាភិបាល​ខ្មែរ​ក្រហម​បាន​បណ្តេញ​ប្រជាជន​ចេញ​ពី​ទីក្រុង​ទៅ​ជនបទ​ដើម្បី​រស់នៅ​ដូចជា​អ្នក​ស្រែ និង​បំផ្លាញ​ធនាគារ​ និង​សាលារៀន។ ប្រជាជន​យ៉ាង​ហោច​ណាស់ ១,៧ លាន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​កាន់​អំណាច​ជិត ៤ ឆ្នាំ។

កម្មករ​កំពុង​ប្រមូល​ដំឡូងមី​នៅ​ម៉ាឡៃ​កាលពី​ពេល​ថ្មីៗ​នេះ។ រូបថត Omar Havana/New York Times

កម្មករ​កំពុង​ប្រមូល​ដំឡូងមី​នៅ​ម៉ាឡៃ​កាលពី​ពេល​ថ្មីៗ​នេះ។ រូបថត Omar Havana/New York Times

នៅពេល​ពួកគេ​ត្រូវ​បាន​ផ្តួលរំលំ​ក្នុង​ឆ្នាំ ១៩៧៩ ពួកគេ​បាន​ទៅ​បង្កើត​ជំរំ​ទ័ព​ព្រៃ​ដូចជា​នៅ​ម៉ាឡៃ​ដែល​មាន​ទាហាន និង​អ្នក​គាំទ្រ​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់។

ខណៈ ប៉ុល ពត បន្ត​ដាក់​កំហិត​ទៅ​លើ​សេរីភាព​សហគ្រាស​នៅ​ក្នុង​តំបន់​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ ប្រជាពលរដ្ឋ​នៅ​ម៉ាឡៃ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ចំនួន និង​កាន់កាប់​ទ្រព្យ​សម្បត្តិ​លក្ខណៈ​បុគ្គល​ក្នុង​ទសវត្សរ៍ ៩០។

តំបន់​នេះ​បាន​បែក​ចេញ​ពី​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ ១៩៩៦ ជា​ផ្នែក​ដើម្បី​គេច​ចេញ​ពី​ការ​ប៉ុនប៉ង​របស់​ ប៉ុល ពត ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​ដាក់​ជា​សមូហភាព​ហើយ​ភ្លាមៗ បន្ទាប់ពី​នោះ​អតីត​អ្នក​កុម្មុយនីស្ត​ពីរ​បី​ពាន់​នាក់​បាន​ប្រមូល​ទុន​ដើម្បី​សាងសង់​ផ្សារ​មួយ​ដោយ​ចេញ​ជា​មូលបត្រ​នៅ​ក្នុង​ក្រុមហ៊ុន​មូលបត្រ​រួម​មួយ។

ម្ចាស់​ហ៊ុន​នីមួយៗ​មាន​សិទ្ធិ​ទទួល​បាន​ភាគ​លាភ​ជា​រៀងរាល់​បី​ខែ​ដោយ​ផ្អែក​ទៅ​លើ​ថ្លៃ​ជួល​តូបផ្សារ​ដែល​បង់​ដោយ​អាជីវករ។ អត្រា​នៃ​ការ​ទទួល​បាន​ចំណូល​មក​វិញ​គឺ​ខ្ពស់។

លោក ឌីម សុខ បាន​ថ្លែង​ថា​លោក​ទទួល​បាន​ប្រាក់​ចំនួន ១០ ដុល្លារ​មក​វិញ​ជា​រៀងរាល់​បី​ខែ​ពី​ការ​វិនិយោគ​ដំបូង​ចំនួន​ប្រមាណ ៥០ ដុល្លារ។

លោក​បាន​ថ្លែង​ដោយ​ញញឹម​ថា៖ «វា​គឺ​ដូច​ផ្សារ​មូលបត្រ»។ លោក សុខ ថ្លែង​ថា​លោក​បាន​ឃើញ​ភាព​ផ្ទុយ​គ្នា​រវាង​ជីវិត​បច្ចុប្បន្ន​របស់​លោក និង​ជីវិត​អតីតកាល​ដែល​លោក​បាន​ខិតខំ​ដើម្បី​របប​កុម្មុយនីស្ត។ «នៅ​ក្នុង​មនោគមន៍​វិទ្យា​កុម្មុយនីស្ត ពួកគេ​ចោទប្រកាន់​មូលធន​និយម​ថា​កេងប្រវ័ញ្ច»។ «ប៉ុន្តែ​ឥឡូវ​នេះ​យើង​នៅ​ក្នុង​សង្គម​មូលធននិយម វា​មាន​ចំណុច​ពីរ​អ្នក​អាច​ត្រូវ​គេ​កេងប្រវ័ញ្ច ប៉ុន្តែ​អ្នក​ក៏​អាច​ការពារ​មិន​ឲ្យ​គេ​កេងប្រវ័ញ្ច​អ្នក​បាន​ដែរ»។

មនុស្ស​ជាច្រើន​នៅ​ទី​នេះ​ហាក់បី​ដូចជា​គ្រប់គ្រង​ស្ថានភាព​នោះ​បាន​យ៉ាង​លឿន។

លោក ងែត សារឿន អាយុ ៦២ ឆ្នាំ​បាន​ចំណាយ​រយៈពេល​ជាង ២ ទសវត្សរ៍​ជា​ទាហាន​ដែល​ភាគច្រើន​ធ្វើ​សង្គ្រាម​ទ័ពព្រៃ​នៅ​តាម​ភ្នំ​ជុំវិញ​ម៉ាឡៃ។ សព្វថ្ងៃ​នេះ​លោក​ជា​កសិករ​រុងរឿង​ម្នាក់​ដែល​ដើរ​ជុំវិញ​ចម្ការ​របស់​លោក​យ៉ាង​រឹងមាំ​បើ​ទោះបី​លោក​បាន​ពិការ​ជើង​ម្ខាង​ដោយសារ​មីន​ក៏ដោយ។

លោក​ជា​អ្នក​គាំទ្រ​ក្រុម​បាល់ទាត់ Arsenal និង​ចូលចិត្ត​មើល​តម្លៃ​ទំនិញ​ប្រើប្រាស់ និង​អាន​អំពី​បច្ចេកទេស​កសិកម្ម​ថ្មី​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ទំនើប​របស់​លោក។

លោក​ថ្លែង​ថា៖ «កាលពី​មុន​វា​លំបាក​ណាស់​នៅ​ទី​នេះ។ វា​ពោរពេញ​ទៅ​ដោយ​ព្រៃ។ ឥឡូវ​នេះ​វា​ពោរពេញ​ទៅ​ដោយ​ផ្ទះ​ថ្ម»។ លោក​បាន​សរសើរ​លោក ឃុនណាល់ ចំពោះ​ការ​បង្រៀន​កសិករ​ឲ្យ​ចេះ «បំពេញ​តាម​តម្រូវការ​ទីផ្សារ» ដោយ​ដាំ​ដំណាំ​ថ្មីៗ​ដូចជា​ដំឡូងមី​ដែល​អាច​កែច្នៃ​ទៅ​ជា​ម្សៅ ឬ​ចំណី​សត្វ។

ម៉ាឡៃ​នៅ​តែ​ជា​ព្រៃ​ដែល​សម្បូរ​ជំងឺ​គ្រុនចាញ់​នៅ​ពេល​លោក ឃុនណាល់ បាន​មក​រស់នៅ​ទី​នេះ​ក្នុង​ឆ្នាំ ១៩៩៨ ហើយ​នាំ​មក​ជាមួយ​លោក​នូវ​ប្រពន្ធ​មេម៉ាយ​របស់ ប៉ុល ពត ដែល​លោក​បាន​រៀបការ​ជាមួយ​ភ្លាមៗ​ បន្ទាប់ពី​ការ​ស្លាប់​របស់ ប៉ុល ពត ដែល​ជា​មេ​របស់​លោក។

លោក​បាន​ថ្លែង​ថា ​រឿង​ខ្មែរក្រហម​គឺ «រឿង​ដ៏​យូរណាស់​ទៅ​ហើយ​ឥឡូវ​នេះ»។ «សូម្បី​តែ​ខ្ញុំ ខ្ញុំ​មិន​ដែល​ស្រមៃ​អំពី​រឿង​នោះ​ទៀត​ទេ។ ខ្ញុំ​គ្រាន់​តែ​គិត​អំពី​ការ​ធ្វើ​អាជីវកម្ម»។

លោក ឃុនណាល់ អាយុ ៦៧ ឆ្នាំ​បាន​ចូល​និវត្តន៍​ពី​រដ្ឋាភិបាល និង​អាជីវកម្ម​ពីរ​បី​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ឥឡូវ​នេះ​លោក​ចំណាយ​ពេលវេលា​ភាគច្រើន​បំផុត​របស់​លោក​ផ្សព្វផ្សាយ​អំពី​គំនិត​របស់​លោក Drucker ទូទាំង​ប្រទេស។ លោក​បង្រៀន​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ខេត្ត​ជាប់​នោះ និង​ជា​អ្នក​បកប្រែ​ការងារ​របស់​លោក Drucker មក​ជា​ភាសា​ខ្មែរ។ លោក​ថែម​ទាំង​បាន​ចងក្រង​គំនិត​ល្អៗ​របស់​លោក Drucker ទៅ​ជា​សៀវភៅ​ណែនាំ​តូច​មួយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ប្រាកដ​ថា ប្រសិន​បើ​កម្ពុជា​ប្រើប្រាស់​គំនិត​នេះ​កម្ពុជា​នឹង​ដើរ​ក្នុង​ផ្លូវ​ត្រូវ»។

លោក​បាន​បដិសេធ​ប្រាប់​អំពី​ហិរញ្ញវត្ថុ​របស់​លោក ប៉ុន្តែ​លោក​រស់​នៅ​ក្នុង​ផ្ទះ​ធំ​មួយ​ដែល​មាន​សួនច្បារ​ជុំវិញ។ នៅ​ពេល​កូនចុង​របស់​លោក​ដែល​ជា​កូន​តែ​ម្នាក់​គត់​របស់ ប៉ុល ពត រៀបការ​ក្នុង​ឆ្នាំ ២០១៤ លោក​បាន​រៀបចំ​ពិធី​ដ៏ធំ​មួយ​សម្រាប់​នាង។

លោក​បាន​ថ្លែង​ថា​លោក​បាន​ចាប់ផ្តើម​អាន​អំពី​សេដ្ឋកិច្ច​នៅ​ពេល​លោក​បម្រើ​ការងារ​ជា​បេសកជន​របស់​ខ្មែរ​ក្រហម​ប្រចាំ​អង្គការ​សហប្រជាជាតិ​ក្នុង​ទសវត្សរ៍ ៨០។

បើ​ទោះបី​ជា​លោក​ចូលចិត្ត Milton Friedman ដែល​ជា​អ្នក​សេដ្ឋកិច្ច​ទីផ្សារ​សេរី និង Frederick Taylor ដែល​ជា​អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​វិទ្យាសាស្រ្ត​ក៏ដោយ ក៏​លោក​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​ការ​លើក​ឡើង​របស់​លោក Drucker ដែល​ថា​និយោជិត​គឺ​សំខាន់​ចំពោះ​ភាព​ជោគជ័យ​របស់​សហគ្រាស។

លោក​បាន​ថ្លែង​អំពី​លោក Drucker ថា៖ «អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​ថា​គាត់​និយាយ​អំពី​បុគ្គល គាត់​ផ្តល់​អំណាច​ដល់​បុគ្គល​មិនមែន​សមូហភាព​ទេ»។ «Frederick Taylor នៅ​ដើម​សតវត្សរ៍​ទី ២០ គាត់​និយាយ​អំពី​ប្រសិទ្ធផល​ ប៉ុន្តែ​លោក Drucker និយាយ​អំពី​ប្រសិទ្ធភាព»។

ក្នុង​អំឡុង​បឋកថា​នាពេល​ថ្មីៗ​នេះ​លោក ឃុនណាល់ បាន​ជំរុញ​ឲ្យ​សិស្ស​របស់​លោក​ចងចាំ​ថា​ការ​គ្រប់គ្រង​ល្អ​គឺ​សំខាន់​ដូច​គំនិត​ល្អ។ លោក​បាន​ថ្លែង​ដោយ​ប្រើ​ពាក្យ​ភាសា​អង់គ្លេស​ថា «…In-no-vation» មាន​ន័យ​ថា គំនិត​ថ្មី ប៉ុន្តែ​ដើម្បី​ជោគជ័យ​អ្នក​ត្រូវការ​យុទ្ធសាស្រ្ត»។

ចំណុច​មួយ​ចំនួន​នៃ​ការ​និយាយ​របស់​លោក​អាច​មាន​ប្រយោជន៍​សម្រាប់​ខ្មែរក្រហម​ក្នុង​អំឡុង​រយៈពេល​ចុងក្រោយ​របស់​ខ្លួន​នៅ​ពេល​ដែល​ចលនា​នេះ​បាន​បែក​ខ្ញែក​ជា​ផ្នែក​តូចៗ។ នៅ​ពេល​សួរ​ថា តើ​ ប៉ុល ពត ជា​អ្នក​គ្រប់គ្រង​ល្អ​ឬ​យ៉ាង​ណា លោក ឃុនណាល់ ថ្លែង​ថា៖ «ខ្ញុំ​មិន​ចង់​ធ្វើការ​វិនិច្ឆ័យ​អំពី​រឿង​នោះ​ទេ។ ទុក​ឲ្យ​ប្រវត្តិសាស្រ្ត​ជា​អ្នក​វិនិច្ឆ័យ។ ខ្ញុំ​គិត​អំពី​អនាគត»៕ PS

Julia Wallace ,New York Times

រាយការណ៍​បន្ថែម ដោយ នឿ វណ្ណារិន

What Next?

Recent Articles