ជន​ដួល​សន្លប់​មុខ​ឡាន ​ត្រូវ​ដេញ​ចេញ​ពី​នគរបាល​ជាតិ

ឈាន ពិសិដ្ឋ ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​នគរបាល​ជាតិ។ រូបថត ហ្វេសប៊ុក

ឈាន ពិសិដ្ឋ ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​នគរបាល​ជាតិ។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យៈ ភ្លាមៗ​បន្ទាប់ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បណ្តេញ​នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លោក ឈាន ពិសិដ្ឋ ដែល​ល្បី​ឈ្មោះ​ដោយសារ​រឿង​ដួល​សន្លប់​នៅ​ពី​មុខ​ឡាន​លោក ម៉ង់ ពុទ្ធី កាលពី​ឆ្នាំ​មុន​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ជន​នេះ​ចូល​មក​បង្ហាញ​ខ្លួន​ពី​បទ «ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់» បន្ទាប់ពី​ជន​នេះ​បាន​បាញ់​ទៅ​លើ​អ្នក​រួម​ការងារ​ម្នាក់​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ជន​នេះ​បាន​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

បើ​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ចេញ​កាលពី​ម្សិលមិញ​ដោយ​ព្រះរាជអាជ្ញា​លោក មាស ច័ន្ទពិសិដ្ឋ បាន​សរសេរ​ថា​ឲ្យ​ឈ្មោះ ឈាន ពិសិដ្ឋ ចូល​មក​បង្ហាញ​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ ២០១៧ នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ប្រព្រឹត្ត​នៅ​ក្នុង​បរិវេណ​ប៉ុស្តិ៍​អន្តោប្រវេសន៍ ភូមិ​ក្បាល​ស្ពាន ១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃ​ទី ៩ ខែ​មេសា​ឆ្នាំ ២០១៧។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​លោក ស ខេង បាន​សម្រេច​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បណ្តេញ​ឈ្មោះ ឈាន ពិសិដ្ឋ ចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ ខណៈ​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​ប្រទេស​មួយ​ដែល​ ឈាន ពិសិដ្ឋ កំពុង​ស្នាក់នៅ។

លោក​ថា៖ «លោក (ស ខេង) បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​ធ្វើការ​បណ្តេញ​ចេញ​ហើយ​លោក (ស ខេង) បាន​ចុះ​ហត្ថលេខា​លើ​ប្រកាស​ហ្នឹង​ហើយ ចំពោះ​វរសេនីយ៍ត្រី​ ឈាន ពិសិដ្ឋ ហ្នឹង​ដែល​ជា​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​ហ្នឹង​ដោយ​ដកហូត​មុខ​តំណែង ឋានន្តរស័ក្តិ ហើយ​និង​បណ្តេញ​ចេញ​ផុត​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ព្រម​ទាំង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ធ្វើ​តាម​នីតិវិធី​ច្បាប់»។

លោក សុភ័គ បន្ត​ថា​សមត្ថកិច្ច​មិន​អាច​ចាប់ ឈាន ពិសិដ្ឋ ភ្លាមៗ​បាន​ទេ​ដោយសារ​ឈ្មោះ​នេះ​មាន​កាំភ្លើង​ក្នុង​ដៃ។ «ដូច្នេះ​ក៏​គេច​បាត់​ទៅ​បច្ចុប្បន្ន​នេះ​វា​នៅ​ក្រៅ​ប្រទេស​តែ​មិន​អាច​ប្រាប់​ឈ្មោះ​ប្រទេស​បាន​ទេ​ហើយ​យើង​ក៏​បាន​សុំ​សហការ​សមត្ថកិច្ច​ក្រៅ​ប្រទេស​ដើម្បី​ចាប់​ខ្លួន​ក្រោយ​ពេល​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​រួច​ហើយ»។

ទោះ​យ៉ាង​ណា​យោង​តាម​របាយការណ៍​របស់​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​កាលពី​យប់​ថ្ងៃ​អាទិត្យ​បាន​សរសេរ​ថា​កាំភ្លើង​របស់​ ឈាន ពិសិដ្ឋ ត្រូវ​បាន​មន្ត្រី​បម្រើការ​ជាមួយ​គ្នា​ដកហូត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

វិធានការ​លើ​មន្ត្រី​នគរបាល​រូប​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់ពី​មាន​របាយការណ៍​មួយ​បញ្ជាក់​ថា​នាយរង​ប៉ុស្តិ៍​រូប​នេះ​បាន​បាញ់​ទៅ​លើ​មន្ត្រី​នគរបាល​បម្រើ​ការងារ​ជាមួយ​គ្នា​ដោយសារ​ជម្លោះ​បុគ្គល​កើត​ចេញ​ពី​ពាក្យ​សម្តី​មាក់​ងាយ​គ្នា។

កាលពី​ព្រលប់​ថ្ងៃ​អាទិត្យ​សារព័ត៌មាន Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​បង្ហោះ​របាយការណ៍ ២ ទំព័រ​ដែល​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

របាយការណ៍​នោះ​សរសេរ​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែ​មេសា នៅ​ពេល​លោក សេម មករា នាយ​ផ្នែក​រដ្ឋបាល​បាន​ហៅ​ឈ្មោះ នៅ លីដា មន្ត្រី​ផ្នែក​រដ្ឋបាល និង​ឈ្មោះ កឹម កែវរក្សា មន្ត្រី​ប្រថាប់​ត្រា​ឲ្យ​មក​ជួប​គ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាក្យ​សម្តី ដែល​បាន​កើតឡើង​កាលពី​សប្តាហ៍​មុន​នោះ​ស្រាប់តែ​ឈ្មោះ ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​ក៏​បាន​ជិះ​ឡាន​មក​ជាមួយ​ឈ្មោះ កឹម កែវរក្សា។ ពេល​មក​ដល់​ឈ្មោះ ឈាន ពិសិដ្ឋ បាន​ដក​កាំភ្លើង​ខ្លី​ភ្ជង់​លើ​លោក សេម មករា ប៉ុន្តែ​មិន​ទាន់​មាន​ការ​ផ្ទុះ​អាវុធ​ឡើយ។ លោក សេម មករា ក៏​បាន​ចូល​ក្នុង​បន្ទប់​វិញ។ បន្តិច​ក្រោយ​មក​ពេល​លោក សេម មករា មក​ដល់​មុខ​បន្ទប់​ក៏​ត្រូវ​ឈ្មោះ​ ឈាន ពិសិដ្ឋ បាញ់​ចំ​ស័ក្តិ​ពាក់​លើ​ស្មា​ដាច់​ធ្លាក់​មក​លើ​ឥដ្ឋ។ ពេល​នោះ​មន្ត្រី​ធ្វើការ​ជាមួយ​គ្នា​បាន​ឃាត់ និង​ដក​អាវុធ​ពី​ ឈាន ពិសិដ្ឋ។

ទោះបី​របាយការណ៍​នេះ​រៀបរាប់​យ៉ាង​លម្អិត​ដូច្នេះ​ក្តី ក៏ លោក ស៊ឹម សំអាត​នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​របាយការណ៍​ដែល​បាន​បង្ហោះ​កន្លង​មក​មិនមែន​ជា​របាយការណ៍​របស់​លោក​ទេ។ «ចេញ​ពី​ប្រភព​ណា​ខ្ញុំ​មិន​ដឹង​ទេ។ របាយការណ៍​នោះ​ចុះ​លេខ​ខុស អត់​មាន​ហត្ថលេខា​ខ្ញុំ ហើយ​ខ្លឹមសារ​ខុស​ពី​របាយការណ៍​ដែល​ខ្ញុំ​បាន​ដាក់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍»។

ប៉ុន្តែ​លោក​ ស៊ឹម សំអាត បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​របស់​លោក។ លោក សេម មករា ដែល​ជា​ជនរងគ្រោះ​ក្នុង​រឿង​នេះ​ក៏​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក​នាយ​ឧត្តមសេនីយ៍ សុខ ផល បាន​ថ្លែង​ថា​នេះ​ជា​ករណី​ជម្លោះ​បុគ្គល​មិនមែន​ស្ថាប័ន​ទេ។ លោក​ថា​ស្ថាប័ន​មិន​កាន់​ជើង​មនុស្ស​ខិលខូច​ឡើយ «អង្គភាព​គ្មាន​ប៉ុន​សរសៃ​សក់​ណា​ទៅ​គាំទ្រ​អា​មនុស្ស​ខូច​ហ្នឹង​ទេ ត្រូវ​តែ​ផ្ដន្ទាទោស​ហើយ»។

ឈាន ពិសិដ្ឋ ចាប់​ផ្តើម​ល្បី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ពេល​លោក​មាន​រឿង​ចម្រូង​ចម្រាស​ជាមួយ​លោក ម៉ង៉ ពុទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្រុង​ប៉ោយប៉ែត​នៅ​ពេល​លោក​ ពិសិដ្ឋ ត្រូវ​បាន​គេ​ជឿ​ថា​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅ​ពី​មុខ​ឡាន​របស់​លោក ម៉ង់ ពុទ្ធី កាលពី​ខែ​ធ្នូ ឆ្នាំ​មុន។

លោក សុខ ផល បញ្ជាក់​ថា​រឿង​ដួល​មុខ​ឡាន និង​រឿង​ថ្មី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​គ្នា​ទេ «រឿង​លើក​មុន​មិនមែន​វា​ទៅ​វាយ​គេ​ទេ។ រឿង​លើក​មុន​ថា​វា​ដួល ល្បិច​អី​យ៉ាង​ម៉េច​មិន​ដឹង​ទេ​គ្រាន់​តែ​ថា​វា​មិន​មាន​ប៉ះពាល់​អី​ដល់​គេ ប៉ុន្តែ​លើក​នេះ​វា​ប៉ះពាល់​គេ យើង​ត្រូវ​តែ​ធ្វើ​តាម​ច្បាប់»៕


Contact author: នៀម ឆេង

What Next?

Recent Articles