លោក គួច ម៉េងលី លាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មានថ្មីៗ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

សេដ្ឋកិច្ច | អភិបាលកិច្ចល្អ

លោកឧកញ៉ា គួច ម៉េងលី (រូបថតពីហ្វេសប៊ុក​របស់​លោក)


លោកឧកញ៉ា គួច ម៉េងលី ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេរ គួច គ្រុប បានប្រកាសលាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាលនៃគេហទំព័រសារព័ត៌មានថ្មីៗ។

ក្នុងសេចក្ដីព័ត៌មានចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ លោក គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេរ. គួច គ្រុប និងជានាយកសាលាអន្ដរទ្វីបអាមេរិកាំង ប្រកាសថា លោកបានលក់ភាគហ៊ុន និងលាលែងតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃ «សារព័ត៌មានថ្មីៗ» និងថា ការលាលែងរបស់លោក គឺចូលជាផ្លូវការ តាំងពីថ្ងៃទី១ ខែមេសាមកម្ល៉េះ។

បើតាមសេចក្ដីប្រកាស លោក គួច ម៉េងលី ថា ចាប់ពីពេលនេះតទៅ «គេហទំព័រសារព័ត៌មានថ្មីៗ» គឺមិនស្ថិតក្រោមការទទួលខុសត្រូវ និងជាប់ទាក់ទិននឹងរូបលោកទៀតទេ។

សេចក្ដីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់មូលហេតុនៃការលាលែងតំណែងរបស់លោកនោះទេ។

អគ្គនាយកសារព័ត៌មានថ្មីៗ លោក គី សុខលីម ឲ្យ VOD ដឹងថា ការសម្រេចចិត្តលក់ភាគហ៊ុនរបស់លោក គួច ម៉េងលី គឺមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់សារព័ត៌មានមួយនេះនោះទេ ដោយលោកថា សារព័ត៌មានថ្មីៗ មានម្ចាស់ភាគហ៊ុនមិនតិចជាង១០នាក់ ដែលជួយគាំទ្រ។ លោកអះអាងថា ការលក់ភាគហ៊ុនរបស់លោកឧកញ៉ា គួច ម៉េងលី គឺជារឿងធម្មតា ដែលតែងកើតមានក្នុងដំណើរការអាជីវកម្ម៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles