ដោយ លោក ឃុត សុគន្ធ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 3:11 PM
http://vodhotnews.com
កម្មករសំណង់នៅខេត្តកំពង់ស្ពឺចោទក្រុមហ៊ុនម៉ៅការសំណង់មួយថា មិនបើកប្រាក់ឈ្នួលឲ្យ ខណៈពួកគេបានធ្វើការងារឲ្យក្រុមហ៊ុនសំណង់នោះជិត១ឆ្នាំហើយ។
កម្មករសំណង់លោក ជន គ្រាក់ ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់ជាកម្មករមានគ្នាជាង៣០នាក់ធ្វើការនៅការដ្ឋានសំណង់មួយក្នុង ឃុំព្រៃវិហារ ស្រុកគងពីសី ខេត្តកំពង់ស្ពឺបានរយៈពេលពី ៦ទៅ៧ខែហើយ ដោយមេការសំណង់មិនព្រមបើកប្រាក់ឈ្នួលឲ្យពួកគេទេ ខណៈបុណ្យចូលឆ្នាំជិតមកដល់ហើយនោះ។
លោកថា ក្រុមហ៊ុនម៉ៅការសំណង់នោះឈ្មោះថា អាល់ ហ្វា ដែលមានបុគ្គលឈ្មោះ យុទ្ធ ខេមរិន និង តូ តុលា ជាមេការ ពេលកម្មករតវ៉ាមេការទាំងពីរនាក់នោះថាម្ចាស់សំណង់មិនបើកលុយឲ្យដែរ។
លោកបន្ថែមថា «ពេលដែលកម្មករកំពុងធ្វើហ្នឹង វា{មេការសំណង់}ឲ្យខ្ចីចាយតិចសិនដល់ពេល សុំបើកទាំងអស់វាថាថ្ងៃនេះថ្ងៃនោះ ដល់កម្មករទារខ្លាំងវាថាក្រុមហ៊ុនអត់ទាន់បើកឲ្យ បើគិត ទៅចង់មួយឆ្នាំហើយ លុយខ្ញុំដែលវាជំពាក់១៥លាន»។
កម្មករសំណង់ម្នាក់ទៀត លោក ជន ញល់ ឲ្យដឹងថា ក្រុមហ៊ុនជំពាក់លុយកម្មករម្នាក់ចន្លោះពី ៥០ម៉ឺនទៅជាង១០លានរៀល។
លោកបន្តថា ករណីក្រុមហ៊ុនមិនបើកលុយឲ្យកម្មករនេះពួកគាត់បានប្តឹងឲ្យអាជ្ញាធរជួយដោះ ស្រាយដែរ ប៉ុន្តែមិនមានដំណោះស្រាយឡើយ។ ហើយការដែលក្រុមហ៊ុនមិនបើកលុយឲ្យ នេះដែរបានធ្វើឲ្យពួកគាត់ជាកម្មករជួបការលំបាកច្រើន ដូចជា គ្មានលុយសម្រាប់ចាយវាយ ប្រចាំថ្ងៃជាពិសេសគ្មានលុយសម្រាប់ធ្វើដំណើរ និងចាយវាយនៅរដូវចូលឆ្នាំខាងមុខនេះ។
លោកបន្ថែមថា «អ្នកដែលបោកគឺមេការម៉ៅការសំណង់ទាំងមូលហ្នឹង ព្រោះខ្ញុំលឺថាម្ចាស់សំណង់គេឲ្យលុយសាងសង់អស់ហើយហ្នឹង ហើយដល់បោកអញ្ចឹង មេសំណងដែលម៉ៅការបន្តទៀតអត់លុយឲ្យកម្មករដែរ ដល់អញ្ចឹងកម្មគ្នាលំបាកហើយ និយាយទៅចូល១ឆ្នាំហើយ»។
លោក យុទ្ធ ខេមរិន ដែលកម្មករអះអាងថា ជាមេម៉ៅការសំណង់ប្រាប់វីអូឌីថា លោក មិនជាប់ពាក់ព័ន្ធនឹងករណីនេះ ដោយលោកទំលាក់បញ្ហានេះទៅមេការម្នាក់ទៀតគឺលោក តូ តុលា ដោយថាលោក តូ តុលា ជាអ្នកទទួលខុសត្រូវចំពោះការបើកប្រាក់ឈ្នូលឲ្យកម្មករ។
លោកបន្ថែមថា «រឿងកម្មករអស់ហ្នឹងអត់មានពាក់ព័ន្ធជាមួយខ្ញុំទេ និយាយទៅខ្ញុំដឹងថាកម្មករ អស់នៅអីណាមកធ្វើអីនៅណាអត់ដឹងទេ តុលា បានដឹង ព្រោះទទួលបន្ទុកផ្នែកផ្សេងទេ ខ្ញុំអត់ កាន់ខាងកម្មករហ្នឹងទេ»។
វីអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីលោក តូ តុលា បានទេចំពោះការចោទប្រកាន់នេះដោយទូរស័ព្ទបិទ។ តែទោះជាយ៉ាងណាកម្មករម្នាក់អះអាងប្រាប់វីអូឌីថា លោក យុទ្ធ ខេមរិន បានទូរសព្ទមកគម្រាមសំលាប់លោកទាំងគ្រួសារ ក្រោយពីកម្មកររូបនោះរាយការណ៍រឿងនេះមកអ្នកសារព័ត៌មាន និងបន្ទាប់ពីអ្នកសារព័ត៌មានទូរសព្ទសួរនាំពាក់ព័ន្ធរឿងមិនបើកលុយឲ្យកម្មករ។
បើតាមកម្មករឲ្យដឹងថាលោក យុទ្ធ ខេមរិន ក្រៅពីម្ចាស់មៅការសំណង់ លោកក៏ជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ផងដែរ។
នាយប៉ុស្តិ៍គរបាលរដ្ឋបាលឃុំព្រៃវិហារលោក ឡាយ នាង ឲ្យដឹងថា ក្រុមហ៊ុនម៉ៅការនោះពិតជាមិនបានបើកប្រាក់ឈ្នួលឲ្យកម្មករពិតមែន ដោយថាកន្លងមកក្រុមកម្មករបានដាក់ពាក់បណ្តឹងឲ្យនគរបាលជួយដោះស្រាយដែរ។
លោកបន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីកម្មករលោកបានកោះមេការនិងតំណាងកម្មករ ដោះស្រាយហើយ ដោយថា កាលនោះភាគីមេការសន្យាបើកលុយឲ្យកម្មករទាំងនោះនៅថ្ងៃ បន្ទាប់ ប៉ុន្តែលោកថា មេការទាំងនោះមិនបានបើកលុយឲ្យកម្មករតាមការសន្យាទេ ថែមទាំង មិនអាចទាក់ទងបានទៀត។
លោកបន្ថែមថា «ខ្ញុំនិងលោកមេឃុំបានជួយសម្រប់សម្រួសរវាងកម្មករនិងមេការរួចហើយៗមេ ការហ្នឹងថានឹងបើកឲ្យ ប៉ុន្តែក្រោយមកទៀតមិនថាយ៉ាងម៉េច លឺថាអត់បើកឲ្យវិញ ហើយអីឡូវ ខាងយើងមិនដឹងធ្វើម៉េចបើអាមេការហ្នឹងឈប់ធ្វើការនៅហ្នឹងហើយៗវាទៅណាអស់ហើយ»។
វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីម្ចាស់ក្រុមហ៊ុនការដ្ឋានសំណង់ ពាក់ព័ន្ធករណីអត់បើកប្រាក់ ឈ្នួលឲ្យកម្មករនេះបានទេ។
បើតាមមេនគរបាលឃុំព្រៃ វិហារ លោក ឡាយ នាង ឲ្យដឹងថា លោកបានសួរម្ចាស់ក្រុមហ៊ុនការដ្ឋានសំណង់រួចហើយ ដោយម្ចាស់ក្រុមហ៊ុនប្រាប់ថា ខ្លួនបានឲ្យលុយទៅក្រុមហ៊ុនដែលម៉ៅការធ្វើបន្តនោះរួចអស់ហើយ៕