ក្រសួងមហាផ្ទៃច្រានចោល​ពាក្យចចាមអារ៉ាមដែលថា ជួប សំលាប់ ហែកគុករត់

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

សន្ដិសុខ

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ


ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​ព័ត៌មានចចាមអារ៉ាម ដែលថា បុរស អឿត អាង ហៅ ជួប សំលាប់ ដែលតុលាការកាត់ទោសពីបទ បាញ់សម្លាប់លោក កែម ឡី បាន​ហែក​គុករត់គេចខ្លួននោះ ថាជារឿង​ប្រឌិត​។

ការ​ច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីលេចព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក​បាន​ចែក​រំលែក​តៗគ្នាថា «ស្មានមិនដល់ថា ជួប សំលាប់ ចេះហែកគុក»។

អគ្គនាយកនៃ អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃលោក ហេង ហាក់ បានប្រាប់VODនៅថ្ងៃពុធនេះថា ជួប សំលាប់ មិនបានហែកគុករត់គេចខ្លួនដូច​អ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះ​ចែករំលែកតៗគ្នា​នោះ​ទេ ដោយលោកអះអាងថា​ ក្រសួងបានទាក់ទងទៅអ្នកគ្រប់គ្រងពន្ធនាគារព្រៃស គឺ ជួប សំលាប់ កំពុងនៅក្នុងពន្ធនាគារ​។

កាលពីចុងខែមីនា សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យបុរស អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារ អស់មួយជីវិត ដោយចោទថា បានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។​

ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ ជួប សំលាប់ តែងបានអះអាងថា ខ្លួនជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជាឬនៅពីក្រោយនោះទេ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles