ដោយ ម៉ម មុនីរតន៍
2017-04-21
RFA

សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី (រូបអង្គុយលើកដៃ) ក្នុងឈុតមួយនៃវីដេអូឯកសារ “I am Chut Wutty” ឬ “ខ្ញុំជា ឈុត វុទ្ធី”។ RFA Screenshot
![]()
នៅថ្ងៃទី២៦ ខែមេសា ខាងមុខនេះ គឺជាខួប ៥ឆ្នាំ នៃការបាញ់សម្លាប់អ្នកការពារបរិស្ថានដ៏ល្បីល្បាញ លោក ឈុត វុទ្ធី ខណៈក្រុមអ្នកសង្កេតការណ៍ផ្នែកសិទ្ធិមនុស្សយល់ឃើញថា របាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ចជុំវិញអំពើឃាតកម្មនេះ នៅតែមិនអាចជឿទុកចិត្តបាន។
លោក ឈុត វុទ្ធី ប្រធានអង្គការការពារបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ភ្លាមៗនៅក្នុងរថយន្តរបស់លោកក្នុងដំណើរស៊ើបអង្កេតពីបទល្មើសព្រៃឈើ និងបទល្មើសវល្លិរមៀត នៅក្នុងក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ស្ថិតក្នុងខេត្តកោះកុង ជាមួយបុគ្គលិក ២រូបផ្សេងទៀតរបស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។
កាលពី ៥ឆ្នាំមុន របាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ចរកឃើញថា មូលហេតុដែលឈានដល់ការបាញ់ប្រហារគ្នានេះ ដោយសារទំនាស់ពាក្យសម្ដីរវាងលោក ឈុត វុទ្ធី និងកងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែលការពារឲ្យក្រុមហ៊ុននៅតំបន់នោះ។ នៅពេលមន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់លោក ឈុត វុទ្ធី ហើយ ចំណែកឈ្មោះ រ៉ាន់ បូរ័ត្ន ដែលជាបុគ្គលិកក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន ក៏បានបាញ់មន្ត្រីកងរាជអាវុធហត្ថនោះវិញ ដោយអចេតនា។
ក្រោយកើតហេតុកាលពីខែតុលា ឆ្នាំ២០១២ តុលាការខេត្តកោះកុង សម្រេចចោទប្រកាន់ និងផ្ដន្ទាទោសបុគ្គលិកក្រុមហ៊ុន ធីមប៊ី ហ្គ្រីន ឈ្មោះ រ៉ាន់ បូរ័ត្ន ដាក់ពន្ធនាគារ ២ឆ្នាំ។ ប៉ុន្តែបច្ចុប្បន្នឈ្មោះ រ៉ាន់ បូរ័ត្ន កំពុងរស់នៅក្រៅឃុំបណ្ដោះអាសន្ន នៅពេលបុគ្គលិករូបនេះអនុវត្តទោសបាន ១ ភាគ ៣ នៃទោសរួចរាល់ រីឯទោសដែលនៅសល់ត្រូវព្យួរ។
បើទោះជាបែបណា ក្រុមអង្គការសង្គមស៊ីវិល មិនជឿលើរបាយការណ៍នេះឡើយ ដោយសំអាងហេតុថា អ្នកដែលស្ថិតនៅពីក្រោយបទឧក្រិដ្ឋនេះ មិនមែនត្រឹមតែមនុស្សពាក់ព័ន្ធ ២ ឬ ៣នាក់នេះប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត របាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ចនេះធ្វើឡើងដើម្បីឆាប់បញ្ចប់សំណុំរឿងកុំឲ្យពាក់ព័ន្ធទៅមនុស្សដទៃទៀតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
គ្រួសារអ្នកដែលត្រូវឃាតកបាញ់សម្លាប់បួងសួងរកយុត្តិធម៌ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី
-
សមាគមធាងត្នោតចាក់បញ្ចាំងរឿង ខ្ញុំជាឈុត វុទ្ធី ទោះក្រសួងវប្បធម៌រារាំង
-
ពលរដ្ឋនិងសង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតបញ្ចាំងវីដេអូជីវិតលោក ឈុត វុទ្ធី
-
ផលិតករហួសចិត្តនឹងក្រសួងវប្បធម៌មិនអនុញ្ញាតឲ្យបញ្ចាំងវីដេអូឯកសារជីវិតលោក ឈុត វុទ្ធី
-
មជ្ឈមណ្ឌលមេត្តាហោស៍គ្រោងបញ្ចាំងវីដេអូឯកសារជីវិតរបស់លោក ឈុត វុទ្ធី
-
សាក្សី១រូបចូលបំភ្លឺតុលាការក្នុងសំណុំរឿងឃាតកម្មលោក ឈុត វុទ្ធី
-
តុលាការគ្រោងហៅអ្នកកាសែត២នាក់ឲ្យឆ្លើយបំភ្លឺសំណុំរឿងលោក ឈុត វុទ្ធី
-
អាជ្ញាធរចាប់ជនសង្ស័យបាញ់លោក ឈុត វុទ្ធី និង ប៉េអឹម បញ្ជូនទៅតុលាការ