ដោយ រដ្ឋា វិសាល
2017-04-22
RFA

មេឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង មកពីគណបក្ស សម រង្ស៊ី លោក សៀក មេគង្គ ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ RFA/Men Sothyr
![]()
ប្រជាពលរដ្ឋជាង៩០គ្រួសារ រស់នៅឃុំស្រែគរ ស្រុកសេសានខេត្តស្ទឹងត្រែង ដែលបដិសេធមិនព្រមចាកចេញពីភូមិកំណើត ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បារម្ភខ្លាច ពួកគាត់មិនបានទទួលព័ត៌មានបោះឆ្នោតដោយសារតែ រដ្ឋាភិបាលឃុំស្រែគរ បានផ្លាស់ប្ដូរទៅនៅកន្លែងថ្មី តាមគម្រោងជម្លៀសពលរដ្ឋទៅតាំងលំនៅឋានថ្មី។
តំណាងប្រជាពលរដ្ឋជាង ៩០គ្រួសាររស់នៅឃុំស្រែគរ អះអាងថា ពួកគេពុំទាន់ទទួលបានប័ណ្ណព័ត៌មានបោះឆ្នោតនៅឡើយ ខណៈដែលអាជ្ញាធរមូលដ្ឋានកំពុងតែចែកប័ណ្ណព័ត៌មានបោះឆ្នោតទៅដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលយល់ព្រមទទួលសំណងផលប៉ះពាល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយមករស់នៅទីតាំងថ្មី។
ពលរដ្ឋរស់នៅភូមិស្រែគរចាស់ លោក ហ្វុត ខាន បញ្ជាក់នៅថ្ងៃទី២១ មេសា ថា រហូតមកទល់ពេលនេះអ្នកភូមិមិនបានពីប្រក្រតីទិនការចែកប័ណ្ណព័ត៌មានបោះឆ្នោតនៅឡើយ ដោយសារតែរដ្ឋបាលឃុំបានប្ដូរចេញពីភូមិចាស់នេះច្រើនខែហើយ។ លោកបន្តថា អ្នកភូមិដែលបន្តរស់នៅភូមិចាស់មានបំណងចង់ចូលរួមបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាឃុំខាងមុខនេះ ហេតុនេះអ្នកភូមិសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការចុះចែកប័ណ្ណព័ត៌មានបោះឆ្នោតដល់ពួកគាត់ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់នៅថ្ងៃទី៤ ខែមិថុនា៖ «ដាក់នៅឆ្ងាយនឹងទៅ ឲ្យតែយើងមានសិទ្ធិបោះឆ្នោត»។
ស្រដៀងគ្នានេះដែរអ្នកភូមិស្រែគរម្នាក់ទៀត គឺអ្នកស្រី វ៉ាន់ ម៉ៃ កត់សម្គាល់ថា ប័ណ្ណព័ត៌មានបោះឆ្នោតមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទិនការចូលរួមបោះឆ្នោត ហេតុនេះ ប្រសិនបើអាជ្ញាធរពុំបានចែកខិត្តប័ណ្ណនេះដល់ពួកគាត់ទេនឹងអាចធ្វើឲ្យ អ្នកភូមិមិនទទួលបានព័ត៌មានគ្រប់គ្រាន់ សម្រាប់ចូលរួមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ៖ «អត់ចោលទេសន្លឹកឆ្នោតទៅបោះនៅឆ្ងាយក៏ទៅដែរ»។
គណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គជប បានរៀបចំឲ្យគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោតសហការជាមួយអាជ្ញាធរមូលដ្ឋាន ចែកប័ណ្ណព័ត៌មានបោះឆ្នោតជូនពលរដ្ឋ ចាប់ពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ដើម្បីប្រជាពលរដ្ឋមានព័ត៌មានគ្រប់គ្រាន់នៅថ្ងៃបោះឆ្នោត។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ បដិសេធមិនអធិប្បាយរឿងនេះ ដោយសារលោកកំពុងព្យាបាលជំងឺ។ ចំណែកមេឃុំស្រែគរលោក សៀក មេគង្គ ឲ្យដឹងថា អាជ្ញាធរមូលដ្ឋានបានទទួលប័ណ្ណព័ត៌មានពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរួចហើយ និងកំពុងចែកជូនប្រជាពលរដ្ឋនៅតាមភូមិគោលដៅមួយចំនួន លើកលែងពលរដ្ឋ ៩០គ្រួសារ ដែលអាជ្ញាធរមូលដ្ឋានពុំទាន់បានទៅដល់។ លោកថា តាមគោលការណ៍នឹងត្រូវចែកគ្រប់គ្នា ហេតុនេះប្រជាពលរដ្ឋត្រូវរង់ចាំក្រុមការងាររហូតដល់ថ្ងៃផុតកំណត់ ចែកប័ណ្ណព័ត៌មាននេះ៖ «ប៉ុន្តែក្នុងបីក្រុមហ្នឹងយើងពុំទាន់បានចុះដល់ទេ»។
ទោះជាយ៉ាងនេះក្ដីប្រធានស្ដីទី គណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង លោក សាត ស៊ិន កត់សំគាល់ថា កន្លងទៅនេះ ការចែកប័ណ្ណព័ត៌មានបោះឆ្នោតតាមរយៈមន្ត្រីមូលដ្ឋាន មានការរើសអើងប្រជាពលរដ្ឋ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកថា ការចែកប័ណ្ណព័ត៌មានបោះឆ្នោតគួរធ្វើឡើងតាមរយៈមន្ត្រីរៀបចំការបោះឆ្នោតទើបអាចជឿទុកចិត្តបាន៖ «ការចែកប័ណ្ណព័ត៌មានធ្វើតាមមន្ត្រីគជបសុទ្ធ អាហ្នឹងបានអាចបាន ប្រសិនបើមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននៅតែការចែកប័ណ្ណព័ត៌មាន មិនប្រក្រតីនៅឡើយ»។
ប្រជាពលរដ្ឋនៅឃុំស្រែគរ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦មានចំនួន ១ពាន់ ៣រយ៥នាក់ រហូតមកទល់បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានទើបតែចែកប័ណ្ណព័ត៌មានបោះឆ្នោតបានជាង ២០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
មន្ត្រីបក្សប្រឆាំងថាពលរដ្ឋអាចច្រឡំលើនីតិវិធីគ.ជ.បដែលឲ្យស៊ីញ៉េលើសន្លឹកឆ្នោត
-
សង្គមស៊ីវិលស្នើរដ្ឋាភិបាលបន្ថែមថវិកាសម្រាប់ជួយស្ត្រីនៅថ្នាក់ក្រោមជាតិ
-
គ.ជ.ប បង្រៀនមន្ត្រីរបស់ខ្លួនអំពីគោលការណ៍ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
-
គ.ជ.ប ស្នើប្រព័ន្ធផ្សព្វផ្សាយផ្សាយជាសាធារណៈពីការលក់ម៉ោងឲ្យបក្សនយោបាយ
-
គ.ជ.ប ប្រកាសផ្សាយបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ជាផ្លូវការ
-
អាជ្ញាធរមូលដ្ឋានខេត្តត្បូងឃ្មុំរងការចោទថាបិទលេខរៀងបក្សប្រជាជនតាមផ្ទះពលរដ្ឋ
-
សហរដ្ឋអាមេរិកផ្តល់លុយជិត២លានដុល្លារសម្រាប់ការបោះឆ្នោតនៅកម្ពុជា
-
សង្គមស៊ីវិល៖ បញ្ជីឈ្មោះបោះឆ្នោតថ្មីល្អប្រសើរជាងបញ្ជីបោះឆ្នោតកាលពីឆ្នាំ២០១៣