
Pour les onze candidats à l’élection présidentielle, cette semaine marque la fin d’une longue campagne. Selon les différents instituts de sondages, les quatre candidats de tête sont dans un mouchoir de poche (REUTERS/Eric Gaillard/File Photo).
ថ្ងៃទី២៣មេសានេះ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីបារាំង ជុំទី១។ ពលរដ្ឋនៅប្រទេសបារាំង ចាប់ផ្តើមបោះឆ្នោត ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ហើយនៅបណ្តាប្រទេសដទៃទៀត ក៏បោះឆ្នោតនៅក្នុងម៉ោងដូចគ្នាអ៊ីចឹងដែរ។ ចំណែកពលរដ្ឋបារាំងឬអ្នកមានសញ្ជាតិបារាំង នៅស្រុកខ្មែរវិញ ក៏បានបោះឆ្នោតនៅតាមស្ថានទូតបារាំងនឹងគេផងដែរ។
ចំពោះពលរដ្ឋបារាំង ដែលរស់នៅ ធ្វើការនៅកម្ពុជា និងចំពោះអ្នកមានសញ្ជាតិបារាំង រស់នៅស្រុក ខ្មែរ គឺបានធ្វើដំណើរទៅបោះឆ្នោតប្រធានាធិបតី នៅស្ថានទូតបារាំងប្រចាំនៅភ្នំពេញ ចាប់តាំងពីម៉ោង៨ព្រឹកមកម្ល៉េះ។
នៅក្រុងភ្នំពេញនេះតែម្តង ជនជាតិបារាំងដើមកំណើតខ្មែរមួយចំនួន ក៏បានទៅបោះឆ្នោតនឹងគេដែរ! អ្នកខ្លះទៀត បានខំស្កាត់មកពីទេសចរណ៍ដែលពួកគេកំពុងរស់នៅនិងធ្វើការ ដូចជាខេត្តសៀមរាម ឬក្រុងព្រះសីហនុជាដើម ដើម្បីបានមកបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ តែក៏មានដែរ អ្នកដែលមានសញ្ជាតិបារាំងហើយ មិនព្រមទៅបោះឆ្នោត ដោយគេយល់ថា មិនដឹងជ្រើសរើសយកបេក្ខជនមួយណា ដូច្នេះ រឿងបារាំង ទុកឲ្យបារាំងជ្រើសរើសចុះ។ នេះបើតាមអ្នកផ្តល់សម្ភាសដែលមិនចង់បញ្ចេញឈ្មោះ។
គួរជ្រាបដែរថា នៅស្រុកខ្មែរ ជនជាតិបារាំងនិងអ្នកមានសញ្ជាតិបារាំង មានប្រមាណជិត៥ពាន់នាក់ ដែលបានចុះក្នុងបញ្ជីត្រឹមត្រូវនៅស្ថានទូត តែក៏មានដែរ អ្នកដែលមិនបានចុះបញ្ជី។ ដូច្នេះ ចំនួនជនជាតិបារាំងអាចមានច្រើនជាងនេះ។ ក្នុងចំណោមពួកគេទាំងអស់នេះ, មានអ្នកដែលបានទៅចុះឈ្មោះបោះឆ្នោត គឺប្រមាណ ៣ពាន់១រយនាក់ ដែលត្រូវទៅបោះឆ្នោតនៅស្ថានទូតបារាំងក្នុងក្រុងភ្នំពេញ នៅថ្ងៃនេះ ដើម្បីជ្រើសរើសបេក្ខភាពប្រធានាធិបតីបារាំង ជុំទី១។ ការបោះឆ្នោតប្រធានាធិបតីបារាំង ជុំទី១ នៅលើកនេះ គឺមានបេក្ខជនចំនួន១១រូប ហើយគេត្រូវជម្រុះយកតែពីរនាក់ប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតជុំទី២ នៅពីរសប្តាហ៍ទៀត គឺថ្ងៃទី៧ឧសភា ដែលជាថ្ងៃផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបារាំង គេអនុញ្ញាតឲ្យពលរដ្ឋបារាំងនិងអ្នកមានសញ្ជាតិបារាំង នៅបរទេស អាចបោះឆ្នោតពីចម្ងាយបាន តាមស្ថានទូតរបស់គេ នៅតាមគ្រប់បណ្តាប្រទេស ស្ទើរតែគ្រប់ទូទាំងពិភពលោក។ ក្នុងនោះ បើរាប់តែការិយាល័យបោះឆ្នោតនៅក្រៅបរទេសបារាំង គឺមានដល់ទៅជាង ៨៦០ កន្លែង។ តួយ៉ាង នៅកម្ពុជា មានមួយកន្លែងនៅភ្នំពេញ។ នៅវៀតណាម មានពីរកន្លែង គឺនៅរដ្ឋធានីហាណូយ និងក្រុងហូជីមីញ។ ចំណែកនៅថៃ គឺមានដល់ទៅ៦ការិយាល័យ គឺក្នុងរាជធានីបាំងកក ២កន្លែង, នៅឈាងមៃ, ខនកេន, បាត់តាយ៉ា និង ភូកេត។ ដោយឡែក នៅឡាវ ក៏មានមួយការិយាល័យដែរ គឺនៅរដ្ឋធានី វៀងច័ន្ទ តែម្តង៕