២៣​ឆ្នាំ​ចុង​ក្រោយ កម្ពុជា​ខ្ចី​ប្រាក់​ពី​បរទេស​ជាង​៨.៣​ពាន់​លាន​ដុល្លារ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧​
http://vodhotnews.com

សេដ្ឋកិច្ច


រដ្ឋាភិបាល​កម្ពុជា បាន​ខ្ចី​ប្រាក់​សរុប​ជាង ៨​៣០០​លាន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល ២៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ថា កម្ចី​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ នេះ​ដោយ​យោង​តាម​របាយការណ៍​បំណុល​សាធារណៈ​របស់​កម្ពុជា ចេញ​ផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នា​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​របាយការណ៍​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ឆ្នាំ​១៩៩៣​​ មក​ដល់​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​បាន​ខ្ចី​ប្រាក់ ៣.៦​ពាន់​លាន​ដុល្លារ​ពី​ប្រទេស ៨៩៩​លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន ៥១០​លាន​ដុល្លារ​ពី​កូរ៉េ​ខាង​ត្បូង ១២៤​លាន​ដុល្លារ​ពី​ប្រទេស​បារាំង ៨៦.៦​លាន​ដុល្លារ​ពី​ប្រទេស​ថៃ ៧៥​លាន​ដុល្លារ​ពី​ឥណ្ឌា ៤៤.៥​លាន​ដុល្លារ​ពី​ប្រទេស​វៀតណាម និង ៧.៨​លាន​ដុល្លារ​ពី​ប្រទេស​ម៉ាឡេស៊ី។

ក្រៅ​ពី​នេះ កម្ពុជា​បាន​ខ្ចី​ពី​បណ្ដា​ដៃ​គូ​អភិវឌ្ឍន៍​ពហុភាគី​ផង​ដែរ ដូចជា​កម្ចី​ពី ២​ពាន់​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB កម្ចី ៧៩៤​លាន​ដុល្លារ​ពី​ធនាគារ​ពិភព​លោក កម្ចី​ទំហំ ៨៧​លាន​ដុល្លារ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម កម្ចី ៧០​លាន​ដុល្លារ​ពី​មូលនិធិ​អង្គការ​ OPEC សម្រាប់​អភិវឌ្ឍន៍​អន្តរ​ជាតិ និង​១០.៦​លាន​ដុល្លារ​ពី​មូលនិធិ​អភិវឌ្ឍន៍​ Nordic។

ទោះ​ជាយ៉ាងណា ក្រសួង​នេះ​អះ​អាង​ថា ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា មាន​ទំហំ​ស្មើ​នឹង ២២.៥​ភាគរយ​នៃ​ទំហំ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា ពោល​គឺ​ស្ថិត​នៅ​ក្រោម​កម្រិត​អាសន្ន​យ៉ាង​ឆ្ងាយ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles