
រូបភាពចាស់៖ កងទ័ពមួកខៀវកម្ពុជាទៅបំពេញបេសកម្មរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង (RFI/Siv Channa)
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៅថ្ងៃទី ០៩ ឧសភានេះ បានប្រកាសឱ្យដឹងពីការបាត់បង់ជីវិត របួស និងការបាត់ខ្លួននៃកងកម្លាំងវិស្វកម្មកម្ពុជា។ ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យអង្គការសហប្រជាជាតិយកការទទួលខុសត្រូវយ៉ាងខ្ពស់សម្រាប់ការបាត់បង់ និងការបាត់ខ្លួននៃទាហានកម្ពុជា។
ទាហានវិស្វកម្មរបស់កម្ពុជា ១នាក់បានស្លាប់ និងរបួស ១នាក់ ហើយ ៣នាក់ផ្សេងទៀតគឺកំពុងបាត់ខ្លួនក្នុងការស្ទាក់វាយប្រហារមួយរបស់ក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណកាលពីយប់ថ្ងៃទី ០៨ ឧសភាម៉ោងនៅអាហ្វ្រិកកណ្តាល (ម៉ោង ០២ទៀបភ្លឺថ្ងៃទី ០៩ ខែឧសភា ម៉ោងនៅភ្នំពេញ)។ ទន្ទឹមនឹង ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យអង្គការសហប្រជាជាតិត្រូវតែទទួលខុសត្រូវខ្ពស់បំផុតចំពោះអាយុជីវិតរបស់ទាហានកម្ពុជាដែលកំពុងតែបំពេញភារៈក្នុងតំបន់អាហ្វ្រិកកណ្តាលក្នុងនាមជាកងកម្លាំងនៃអង្គការសហប្រជាជាតិ។ ការទាមទាររបស់ប្រមុខរដ្ឋាភិបាលនេះ គឺលោកសំអាងថាការវាយប្រហាររបស់ក្រុមឧទ្ទាមគឺគ្មានចេតនាវាយប្រហារមកលើកងកម្លាំងកម្ពុជាដែលជាកម្លាំងវិស្វកម្មនោះទេ ពោលក្រុមឧទ្ទាមមានបំណងចង់រំដោះចំណាត់ខ្មាំងដែលមានទីតាំងនៅក្បែរតំបន់ដែលកងកម្លាំងកម្ពុជាស្នាក់នៅតែប៉ុណ្ណោះ។
ក្នុងការវាយប្រហារ អនុសេនីយ៍ទោខ្មែរមួយរូប គឺលោក អ៊ឹម សំ បានស្លាប់ អនុសេនីយ៍ឯក ធុច ធីម រងរបួសដៃ ដោយឡែកព្រិន្ទបាលទោ ស៊ាង នរិន្ទ ព្រិន្ទបាលទោ មុំ តុលា និងអនុសេនីយ៍ត្រី ម៉ៅ អេង បានបាត់ខ្លួន។ រហូតមកដល់ពេលនេះ កងកម្លាំងដែលបានបាត់ខ្លួននៅមិនទាន់រកឃើញវិញនៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ ផល សាម៉ន អ្នកនាំពាក្យកងរក្សាសន្តិភាពកម្ពុជានៅល្ងាចថ្ងៃទី ០៩ ខែឧសភា។
លោកបានបន្តថា ពេលនេះភាគីកម្ពុជា និងកំពុងធ្វើការជាមួយអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក និងកងកម្លាំងប្រតិបត្តិការរបស់ប្រទេសម៉ារ៉ុកដើម្បីស្វែងរកកងកម្លាំងដែលបានបាត់ខ្លួន។ សូមបញ្ជាក់ថា នៅឆ្នាំ ២០១៦ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ប្រមាណជិត ៩០០នាក់ កំពុងបំពេញបេសកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋអាហ្វ្រិកកណ្តាល។
សូមបញ្ជាក់ថា ការវាយប្រហារនេះគឺជាលើកទី ១ហើយដែលកងទ័ពកម្ពុជាបានស្លាប់របួស និងបាត់ខ្លួនដោយសារតែការវាយប្រហារពីក្រុមកម្លាំងប្រដាប់អាវុធ។ ក្នុងរយៈពេល ១១ឆ្នាំ មកនេះ កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បានស្លាប់ ៥រូប រងរបួស ៧រូប៕