ដោយ ម៉ែន សុធីរ
2017-05-09
RFA

ពលរដ្ឋពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី នាសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។ RFA/Men Sothyr
![]()
មន្ត្រីបក្សប្រឆាំងនៅខែត្រស្ទឹងត្រែង បារម្ភពីភាពស្មុគស្មាញការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតរបស់ គ.ជ.ប បង្កជាឧបសគ្គដល់ពលរដ្ឋដែលខ្វះអត្តសញ្ញាណប័ណ្ណ ត្រូវចំណាយធនធាន និងពេលវេលាក្នុងការធ្វើឯកសារពាក់ព័ន្ធ ទើបអាចមានសិទ្ធិបោះឆ្នោតបាន។ ម្យ៉ាងទៀត ពលរដ្ឋមួយចំនួនក៏ពុំទាន់ទទួលព័ត៌មានករណីនេះនៅឡើយទេ។ បញ្ហានេះ ពួកគេបារម្ភខ្លាចពលរដ្ឋបាត់បង់សិទ្ធិបោះឆ្នោត។
នៅសល់ជាង ២០ថ្ងៃទៀតទេ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៤ ក៏ប៉ុន្តែពលរដ្ឋរស់នៅខែត្រស្ទឹងត្រែង ប្រមាណ ៣០ភាគរយដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅពុំទាន់បំពេញឯកសារសម្រាប់បម្រើឲ្យការបោះឆ្នោតបានគ្រប់គ្នានៅឡើយ ខណៈមន្ត្រី គ.ជ.ប នៅខែត្រស្ទឹងត្រែង តម្រូវឲ្យពួកគាត់យករូបថត ៣x៤ ចំនួន ៣សន្លឹក និងសាក្សី ២រូបទៀតមកបង្ហាញមុខផ្ទាល់នៅគណៈកម្មការបោះឆ្នោតឃុំ–សង្កាត់។
អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រស្ទឹងត្រែង លោក សាត ស៊ិន ឲ្យដឹងនៅថ្ងៃទី៩ ឧសភា ថា នីតិវិធីរបស់ គ.ជ.ប កំពុងបង្កភាពស្មុគស្មាញដល់ពលរដ្ឋ ដែលត្រូវចំណាយពេលវេលា និងធនធានក្នុងការថតរូប និងស្វែងរកសាក្សីពីរនាក់ទៀត។ លោកថា ពលរដ្ឋដែលប្រឈមបាត់បង់សិទ្ធិបោះឆ្នោតខ្លាំង គឺពលរដ្ឋក្រីក្រនៅតំបន់ដាច់ស្រយាល ហើយពលរដ្ឋមួយចំនួនក៏ពុំទាន់ទទួលព័ត៌មានបញ្ហានេះនៅឡើយទេ៖ «ព្រោះអ្នកក្រ ជាទូទៅពេលវេលាគាត់រកទទួលទានទម្រាំតែបានអង្ករមកចិញ្ចឹមកូន និងទម្រាំបានរូបថតពីរសន្លឹកទៅចុះឈ្មោះ។ ឥឡូវមកតម្រូវការយករូបថតបីសន្លឹក មកធ្វើលិខិតបោះឆ្នោតទៀត បានន័យថាគាត់អត់ចង់ចុះឈ្មោះបោះឆ្នោតទេ។ ចឹងបើសិន គ.ជ.ប បង្ខំឲ្យពលរដ្ឋទៅចុះឈ្មោះ បង្ខំឲ្យពលរដ្ឋទទួលយកឯកសារបោះឆ្នោតឡើងវិញ ជាទូទៅបាត់បង់នូវការបោះឆ្នោតច្រើន»។
គ.ជ.ប បានប្រកាសថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
ឆ្លើយតបរឿងនេះ លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៅខែត្រស្ទឹងត្រែង លោក ពុយ ចាន់ថាឡាក់ ឲ្យដឹងនៅថ្ងៃទី៩ ឧសភា ថា ឯកសារបញ្ជាក់អត្តសញ្ញាណទាំងនេះ គឺជួយពលរដ្ឋឲ្យមានសិទ្ធិបោះឆ្នោតបានសម្រាប់ពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណ។ លោកបញ្ជាក់ថា ពលរដ្ឋត្រូវយករូបថតបីសន្លឹក និងសាក្សី ២នាក់មកបង្ហាញមុខផ្ទាល់នៅគណៈកម្មការឃុំរៀបចំការបោះឆ្នោត ដើម្បីបំពេញទម្រង់បែបបទធ្វើពាក្យស្នើសុំ ដែលចាប់ផ្ដើមពីថ្ងៃទី៤ ឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា។ លោកថា នីតិវិធីនេះគឺជាកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ «មិនទៅទទេ អត់មានអីបង្ហាញទេ។ បើអត់មានអត្តសញ្ញាណប័ណ្ណ យើងមានរូបថតគាត់ហើយ ជាភស្តុតាងច្បាស់លាស់ ព្រោះនេះគឺជួយគាត់ទេ ព្រោះចង់ឲ្យគាត់បានបោះឆ្នោតពិតប្រាកដ»។
របាយការណ៍សវនកម្មបញ្ជីឈ្មោះបោះឆ្នោត បង្ហាញថា ប្រជាពលរដ្ឋប្រមាណ ៥០ភាគរយមិនទាន់បានយល់ដឹងអំពីព័ត៌មានបោះឆ្នោតឲ្យបានច្បាស់លាស់នៅឡើយ ហើយមានពលរដ្ឋប្រមាណ ៣០ភាគរយទៀត ក៏នៅពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលតម្រូវឲ្យពួកគាត់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត។
ទាក់ទងករណីនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិកហ្វិច (Nicfec) លោក សំ គន្ធាមី ទទួលស្គាល់ថា នីតិវិធីរបស់ គ.ជ.ប កំពុងបង្កភាពស្មុគស្មាញដល់ពលរដ្ឋ ដែលអាចធ្វើឲ្យពួកគេលះបង់ចោលក្នុងការធ្វើឯកសារពាក់ព័ន្ធទាំងនោះ និងអាចបាត់បង់សិទ្ធិបោះឆ្នោត បើទោះបីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្តី។ តែយ៉ាងណា លោកជំរុញភាគីពាក់ព័ន្ធជួយសម្រួលដល់ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អាចមានសិទ្ធិបោះឆ្នោតបាន ប្រសិនបើពួកគេខ្វះអត្តសញ្ញាណប័ណ្ណ៖ «មិនកែបានទេ ព្រោះអីពេលនេះ គឺវាហួសពេលនីតិវិធីសុំឯកសារមិនអាចបានទេ មានតែ គ.ជ.ប ណែនាំទៅនិកហ្វិច (Nicfec) អាចសម្របសម្រួលទៅ សម្រួលពេលវេលាអីណាសមសម្រប ក្រែងពលរដ្ឋរវល់ទោះបីខុសម៉ោងធ្វើការ សម្រួលឲ្យពលរដ្ឋទៅ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខែត្រស្ទឹងត្រែង បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតកន្លងទៅមានពលរដ្ឋរស់នៅខែត្រស្ទឹងត្រែង ប្រមាណ ៧០ភាគរយ បានប្រើអត្តសញ្ញាណប័ណ្ណសម្រាប់ចុះឈ្មោះបោះឆ្នោត។ ចំណែកអ្នកចុះឈ្មោះបោះឆ្នោត ៣០ភាគរយទៀត បានប្រើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត ហើយពលរដ្ឋប្រមាណ ៣០ភាគរយក្នុងចំណោមពលរដ្ឋជាង ៨ម៉ឺននាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត៕