ដោយ មួង ណារ៉េត
2017-05-09
RFA

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ថ្លែងនៅឯក្រសួងការបរទេស រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ RFA/Sorn Chanratha
![]()
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវសំណើសុំធ្វើវិសោធនកម្មអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០២ (MOU) ស្ដីពីការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិក មកកម្ពុជា។ សំណើនេះ បានធ្វើឡើងក្នុងពេលលោក ប្រាក់ សុខុន ជួបរដ្ឋមន្ត្រីសន្តិសុខជាតិរបស់អាមេរិក លោក ចន អេហ្វ ខេលី (John F. Kelly) ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតុន កាលពីថ្ងៃទី៤ ខែឧសភា។
សំណើសុំកែប្រែកិច្ចព្រមព្រៀងបច្ចុប្បន្ននេះរួមមាន ទី១ ការចាប់បញ្ជូនពលរដ្ឋខ្មែរពីអាមេរិក ត្រូវធ្វើឡើងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ទី២ ពលរដ្ឋខ្មែរដែលបញ្ជូនមកហើយ ត្រូវតែទទួលការអនុញ្ញាតឲ្យទៅលេងបងប្អូន និងក្រុមគ្រួសារនៅអាមេរិក វិញ។ ចុងក្រោយ លោក ប្រាក់ សុខុន ស្នើឲ្យភាគីអាមេរិក ពិចារណាបង្កើតមជ្ឈមណ្ឌលឆ្លងកាត់ និងទទួល ដើម្បីឲ្យពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកកម្ពុជា ទាំងនោះអាចស្នាក់នៅមួយរយៈ ដើម្បីរៀនភាសាខ្មែរ ប្រពៃណី និងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចព្រមព្រៀងដែលកម្ពុជា ចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក កាលពី ១៥ឆ្នាំមុន ទើបតែត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមយកមកពិចារណាឡើងវិញក្នុងឆ្នាំ២០១៧ នេះ ព្រោះរដ្ឋាភិបាលទើបតែដឹងថា កិច្ចព្រមព្រៀងនោះមានភាព “អគុណធម៌” និង “អសីលធម៌” ព្រោះការព្រមទទួលពលរដ្ឋខ្មែរដែលបញ្ជូនពីអាមេរិកបែបនេះ គឺជាការពង្រាត់បង្រាសគ្រួសារគេមិនឲ្យវិលទៅជួបគ្នាវិញបាន៕