ដោយ វ៉ាន វណ្ណដេត
2017-05-09
RFA

សមត្ថកិច្ចខេត្តកោះកុង ចុះរុះរើបដារូបមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប និងរូបថតសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។ Photo Provided
![]()
អង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ ព្រមទាំងសហគមន៍មានជម្លោះដីធ្លីសរុប ៣២ស្ថាប័ន នៅថ្ងៃទី៩ ឧសភា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយសម្ដែងការសោកស្ដាយចំពោះការរុះរើបដាស្នើសុំឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង ៥នាក់ និងអ្នកស្រី ទេព វន្នី។
សេចក្តីថ្លែងការណ៍រួមនេះហៅការដាក់បង្ហាញបដារបស់ពលរដ្ឋ និងអង្គការពាក់ព័ន្ធ គឺជាការអនុវត្តសិទ្ធិសេរីភាពខាងបញ្ចេញមតិត្រឹមត្រូវតាមច្បាប់។ សង្គមស៊ីវិលថា ការរុះរើបដាដោយបង្ខំរបស់អាជ្ញាធរនៅខេត្តកោះកុង គឺជាការរឹតត្បិត ដែលគ្មានការសំអាងហេតុត្រឹមត្រូវ ហើយជាការត្បិតសិទ្ធិមនុស្ស ដែលពុំត្រូវតាមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា។
សង្គមស៊ីវិលទាំង ៣២ស្ថាប័ន ស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពបំភិតបំភ័យ ការគំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌលើអ្នកដែលអនុវត្តដោយសន្តិវិធីនូវសិទ្ធិសេរីភាពខាងបញ្ចេញមតិ ការប្រមូលផ្ដុំដោយសន្តិវិធី និងសហគមន៍។ អ្វីដែលបន្ទាន់បំផុត គឺសង្គមស៊ីវិលទាំងនោះ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង ៥នាក់ គឺលោក យី សុខសាន្ដ អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក នី សុខា លោក នី ចរិយា និងតំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ៕