ដោយ ឡេង ម៉ាលី
2017-05-09
RFA

ពលរដ្ឋក្នុងសហគមន៍បឹងកក់ ដាក់ញត្តិនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។ RFA/Leng Maly
![]()
អ្នកមានបញ្ហាដីធ្លីនៅតំបន់បឹងកក់ នាំគ្នាដាក់ញត្តិទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (អ.ស.ប) នៅព្រឹកថ្ងៃទី៩ ឧសភា ដើម្បីរកអន្តរាគមន៍ឲ្យដោះលែងតំណាងពួកគាត់ គឺអ្នកស្រី ទេព វន្នី។
ក្រុមអ្នកភូមិបឹងកក់ប្រមាណ ២០នាក់ នាំគ្នាលើកបដានៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងស្រែកទាមទាររកការដោះលែងសកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី ដែលជាប់ឃុំឃាំងរយៈពេល ២៥៧ថ្ងៃមកហើយ។
អ្នកបឹងកក់ទាំងនេះថ្លែងថា មូលហេតុដែលនាំគ្នាមកស្រែកទាមទារនៅទីនោះ ដោយសារតែពួកគាត់បារម្ភថា តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បំភ្លេចចោលករណីអ្នកស្រី ទេព វន្នី។
ការស្រែកទាមទារបានបន្តិច មន្ត្រីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអនុញ្ញាតឲ្យតំណាងពួកគាត់ចូលជួប និងដាក់ញត្តិរកអន្តរាគមន៍។
តំណាងអ្នកបឹងកក់ ដែលនាំគ្នាទាមទារនោះ គឺលោកស្រី បូវ សោភា ថ្លែងនៅក្រោយជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ នោះថា ការិយាល័យមិនភ្លេចករណីរបស់អ្នកស្រី ទេព វន្នី ទេ ទោះបីជាមួយរយៈពេលចុងក្រោយ ការិយាល័យនេះនិយាយតែអំពីមន្ត្រីសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ក្ដី៖ «បញ្ហារបស់អ្នកស្រី ទេព វន្នី គាត់ (UN) នៅតែលើកយកមកនិយាយដដែល ប៉ុន្តែមួយរយៈនេះ គាត់ស្រែកតែអំពីសង្គមស៊ីវិល ដោយសារតែការឃុំខ្លួនសង្គមស៊ីវិលហ្នឹងរយៈពេលមួយឆ្នាំហើយ។ វាជាការឃុំខ្លួនដោយបង្ខិតបង្ខំ ហើយជាការឃុំខ្លួនតាមទំនើងចិត្ត»។
បន្ទាប់ពីជំនួបជាមួយមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកបឹងកក់ទាំងនេះក៏បានយកញត្តិរកអន្តរាគមន៍ចំនួន ២ច្បាប់ផ្សេងទៀតទៅដាក់នៅស្ថានទូតជប៉ុន និងការិយាល័យតំណាងសហភាពអឺរ៉ុប។ ប៉ុន្តែមន្ត្រីស្ថានទូតទាំងពីរ មិនឆ្លើយតបអ្នកភូមិទាំងនោះភ្លាមៗទេ ក្រៅពីការទទួលយកញត្តិ។
ទោះជាយ៉ាងនេះក្ដី លោកស្រី បូវ សោភា ថ្លែងថា ពួកលោកស្រីសប្បាយចិត្ត បន្ទាប់ពីបានដាក់ញត្តិនៅការិយាល័យតំណាងសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា៖ «ថ្ងៃនេះជាថ្ងៃល្អដែរ ដោយសារតែសហគមន៍អឺរ៉ុប គាត់បានធ្វើពិធីបុណ្យមួយ ហើយបានជួបជុំជាមួយបណ្ដាញផ្សេងៗ គាត់ធ្វើពីបញ្ហាសិទ្ធិមនុស្ស…»។
អ្នកភូមិទាំងនេះអះអាងថា តំណាងឲ្យសមាជិកសហគមន៍ដីធ្លីនៅតំបន់បឹងកក់ចំនួន ២៧គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយចប់នៅឡើយ។ ទន្ទឹមគ្នានឹងការទាមទារឲ្យដោះលែងតំណាងដែលជាប់ឃុំ ពួកគាត់ក៏ទាមទារឲ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ពួកគាត់ចំនួន ១៤,៤៤ហិកតារ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចប្រគល់ឲ្យដែរ។ អ្នកភូមិខ្លះបានទទួលចំណែកដី ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ។
មុននឹងរំសាយគ្នានៅវេលាថ្ងៃត្រង់ថ្ងៃទី៩ ឧសភា ដដែល លោកស្រី បូវ សោភា ឲ្យដឹងថា អ្នកភូមិគ្រោងដាក់ញត្តិទៅស្ថានទូតចំនួនបីផ្សេងទៀតនៅចុងសប្ដាហ៍នេះ ក្នុងនោះគឺមានស្ថានទូតអាមេរិក ធនាគារពិភពលោក និងស្ថានទូតបារាំង៕
